ជីវិតខ្ញុំថ្លៃ

(ខេត្តស្វាយរៀង) យុន បានរំឭករឿងរ៉ាវកាលពីរបបខ្មែរក្រហមថា ជីវិតរបស់ខ្ញុំថ្លៃទើបអាចរស់ឆ្លងផុតរបបខ្មែរក្រហម។ កាលនោះស្ទើរតែត្រូវស្លាប់ដោយសារខ្មែរក្រហមប៉ុនប៉ងពន្លិច​កាណូត​​កណ្តា​ល​ទន្លេ។ ខាងក្រោមនេះជាសាច់រឿងសង្ខេបរបស់ ស្រី យុន ដែលសម្ភាសដោយអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា៖

ស្រី យុន អាយុ ៧៨ ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ យុន មានឪពុកឈ្មោះ ស្រី ភឹម និងម្តាយឈ្មោះ មាស យឹម ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៩ នាក់ ក្នុងនោះស្រី ៨ នាក់។ កាលពីកុមារភាព យុន រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។

ក្នុងរបបខ្មែរក្រហម អង្គការបានតម្រូវឱ្យគាត់បុកស្រូវ និងកើបលាមកមនុស្សយកទៅធ្វើជី។ កាលនោះ យុន មានកូនតូចនៅក្នុងបន្ទុក ហើយត្រូវទទួលរងការខ្វះខាតអាហារជាខ្លាំង។ ចំណែកប្តី ត្រូវរស់នៅបែកបាក់ពីគ្នា ដោយ យុន ត្រូវអង្គការជម្លៀសពីមួយកន្លែងទៅមួយកន្លែង ជាបន្តបន្ទាប់​។ ចំណែកប្តីរបស់យុន ក៏ទទួលរងការលំបាកយ៉ាងខ្លាំងដែរ ដោយត្រូវជីកប្រឡាយ និងចេញទៅធ្វើការនៅសមរភូមិមុខ។ នៅពេលជម្លៀស យុន ត្រូវរែកអង្រែកឆ្លងកាត់ព្រៃ និងវាល ហើយដោយសារអត់ឃ្លានខ្លាំង ពេលខ្លះគាត់បានលួចបូតគ្រាប់ស្រូវពីក្នុងស្រែ មកទំពារដើម្បីបំបាត់ការស្រេកឃ្លាន​។ ក្នុងរបបខ្មែរក្រហមមានសាច់ញាតិជាច្រើននាក់របស់យុន ត្រូវបានសម្លាប់។ សូម្បីតែរូបគាត់ផ្ទាល់ក៏ធ្លាប់ត្រូវបានឈ្លបនាំខ្លួនទៅដោយមានបំណងសម្លាប់​។ យុន រំឭកទៀតថា អង្គការបានដឹកគាត់ និងអ្នកដទៃទៀតតាមកាណូត ហើយមានបំណងពន្លិចចូលក្នុងទន្លេមេគង្គ។ ប៉ុន្តែប្អូនរបស់យុន ម្នាក់មានកាំបិតកាន់នៅដៃ ហើយបានស្រែកគំរាមអ្នកបើកកាណូតថា បើហ៊ានពន្លិចកាណូត គាត់នឹងកាប់អ្នកបើកកាណូត។ ដោយសារតែការគំរាមនោះ យុន និងអ្នកផ្សេងទៀតបានរួចជីវិត។ ទោះជាយ៉ាងណា យុន បានឮថា កាណូត១០ គ្រឿងផ្សេងទៀត ត្រូវបានគេពន្លិចចោលទាំង​អស់​។ របបអាហារនៅពេលនោះមានការខ្វះខាតយ៉ាងខ្លាំង ខណៈដែរការងារវិញធ្ងន់ធ្ងរលើសពីកម្លាំងមនុស្សអាចទ្រំាទ្របាន។ ក្នុងឆ្នាំ១៩៧៨ នៅស្រុករមាសហែក ខេត្តស្វាយរៀង យុន ធ្លាប់ឃើញកងឈ្លប​នាំជនរងគ្រោះចេញទៅដោយប្រាប់ថាយកទៅរៀនសូត្រ ឬយកទៅកសាង ប៉ុន្តែគ្មាននរណាម្នាក់អាចត្រឡប់មកវិញបាន​ឡើយ។ យុន និយាយថាក្នុងរបបនោះ ពុំអនុញ្ញាតឱ្យមានការគោរពប្រណិប័តន៍សាសនានោះទេ ហើយវត្តអារាម និងពិធីបុណ្យទាំងអស់ត្រូវបានលុបបំបាត់​។

ក្នុងរបបខ្មែរក្រហម យុន ត្រូវបានអង្គការបង្ខំជម្លៀសជាច្រើនកន្លែង នៅក្នុងខេត្តស្វាយរៀង រហូតដល់ថ្ងៃរំដោះ ៧ មករា ទើបអាចវិលត្រឡប់មកស្រុកកំណើតវិញបាន។ បច្ចុប្បន្ន យុន ប្រកបរបរជាកសិករ ហើយគាត់មានជំងឺសម្ពាធឈាម និងជំងឺក្រពះពោះវៀន៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin