យ៉ែម ស៊ុន៖ បោចស្មៅក្នុងបឹង

យ៉ែម ស៊ុន រស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (២០២១)

(កំពង់ស្ពឺ)៖ យ៉ែម ស៊ុន ភេទប្រុស មានអាយុ ៧៨ឆ្នាំ (កើតក្នុងឆ្នាំ១៩៤៣)។ ស៊ុន មានទីកន្លែងកំណើតនៅភូមិត្រពាំងជំរៅ និងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ស៊ុន មានឪពុកឈ្មោះ ហម, ម្ដាយឈ្មោះ តន់ ទិព្វ និងមានបងប្អូនចំនួនដប់ពីរនាក់។

នៅវ័យកុមារភាព ស៊ុន បានស្នាក់អាស្រ័យ និងសិក្សានៅក្នុងវត្ត។ ក្រោយមក ស៊ុន បានបួសអស់រយៈពេលមួយវស្សា។ បន្ទាប់ពីបងថ្លៃរបស់គាត់ស្លាប់ ស៊ុន បានសឹក និងត្រលប់មកផ្ទះជួយមើលថែបងស្រីដែលកំពុងមានផ្ទៃពោះ, ឃ្វាលគោក្របី និងធ្វើស្រែចម្ការ។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ស៊ុន បានរៀបការជាមួយប្រពន្ធឈ្មោះ ជុំ យ៉ា និងមានកូនចំនួនពីរនាក់ ក្នុងនោះស្រីម្នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ គឺមានបាតុកម្មកើតមានឡើងនៅក្នុងភូមិ។ នៅឆ្នាំ១៩៧១ ស៊ុន និយាយថា ការទម្លាក់គ្រាប់បែកបានកើតមានឡើង។ ក្រោយមក ស៊ុន បានចូលធ្វើការក្នុងកងឈ្លបស្រុក និងទៅធ្វើការក្នុងកងទ័ពតំបន់។ ស៊ុន បានចូលរៀននៅសាលាយោធាតំបន់ និងទៅធ្វើការក្នុងកងពល១៩០ កងទ័ពភូមិភាគ និងប្រយុទ្ធនៅភ្នំជាល។ នៅពេលនោះ ស៊ុន បានធ្លាក់ខ្លួនឈឺ និងមកព្យាបាលនៅមន្ទីរពេទ្យ ហើយគាត់សម្រេចចិត្តត្រលប់មកស្រុកកំណើតវិញ និងឃ្វាលគោក្របី ដោយមិនទៅធ្វើការក្នុងកងពលវិញនោះទេ។

នៅឆ្នាំ១៩៧៥ នៅក្នុងភូមិ ខ្មែរក្រហមបានចាប់ទាហាន លន់ នល់ ចងនិងបណ្ដើរជាជួរយកទៅ ដោយមិនឃើញត្រលប់មកវិញនោះទេ។ បន្ទាប់ពីខ្មែរក្រហមគ្រប់គ្រងប្រទេសអស់រយៈពេលជិតពីរខែ ប្រជាជន១៧មេសា ត្រូវខ្មែរក្រហមជម្លៀសទៅខេត្តបាត់ដំបង។ ខ្មែរក្រហម ក៏បានជម្លៀសគ្រួសារស៊ុន ទៅភូមិកោះអណ្តែត ខេត្តតាកែវ។ នៅទីនោះ ស៊ុន ត្រូវប្រជាជនចោទថា ជាប្រជាជន១៧មេសា។ ស៊ុន ត្រូវបោចស្មៅនៅក្នុងបឹង និងនៅរដូវទឹកស្រក់ គាត់ត្រូវធ្វើស្រែប្រាំង។ ចំណែកកូនរបស់គាត់ត្រូវទៅធ្វើការក្នុងកងកុមារប្រមូលផ្តុំ ល្ងាចឡើងទើបបានជួបកូន។ ស៊ុន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់រហូតដល់កើតជំងឺហើម។ ស៊ុន ក៏បានលួចយកដូងទុំ និងបុកស្រូវមកហូប។

នៅរបបខ្មែរក្រហម អ្នកដែលលួចហូប សូម្បីតែដំឡូងមីដែលដាំជុំវិញផ្ទះនឹងត្រូវខ្មែរក្រហមចោទថាខ្មាំង និងត្រូវយកទៅកសាង។ ស៊ុន ចងចាំថា មានស្រូវជាច្រើននៅក្នុងឃ្លាំង តែខ្មែរក្រហមមិនឲ្យប្រជាជនហូបចុកគ្រប់គ្រាន់នោះទេ ដោយគាត់ហូបតែទឹកបបរចំនួនមួយកា ក្នុងមួយពេលប៉ុណ្ណោះ។

ក្រោយមក នារដូវទឹកលិច ស៊ុន និងប្រជាជនចំនួនបីគ្រួសារ បានរត់មកស្រុកកំណើត នៅពេលទៅដល់វត្តពេជ្រសា ស៊ុន ត្រូវបានឈ្លបយកទៅឃុំនៅមន្ទីរឃុំមួយរយៈ។ ក្រោយមក គាត់ត្រូវធ្វើការនៅភូមិព្រៃខ្លា។

នៅឆ្នាំ១៩៧៧ នៅពេល ស៊ុន ទៅធ្វើការនៅកណ្ដាលកោះ គាត់បានឮខ្មែរក្រហមបេ្តជ្ញាចិត្តវាយជាមួយកងទ័ពវៀតណាម។ ចំណែក ប្អូនប្រុសថ្លៃរបស់គាត់ ដែលខ្មែរក្រហមបញ្ជូនទៅធ្វើការក្នុងជួរកងទ័ពនៅកោះពូលូវៃ បានបាត់ដំណឹងរហូតមក។

នៅឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយជាមួយកងទ័ពខ្មែរក្រហម។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ស៊ុន បានត្រលប់មកស្រុកកំណើត ប្រកបរបរធ្វើស្រែចម្ការ និងដឹកឈើ៕

សម្ភាសដោយ កេង ភត្ត្រា ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin