ធ្វើការងារទាំងស្លៀកស្បង់

(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម ព្រះសង្ឃនៅតំបន់មួយចំនួនត្រូវចាប់ផ្សឹកឱ្យទៅធ្វើការងារ ចំណែកមួយចំនួនទៀតទៅធ្វើការងារទាំងគ្រងស្បង់ចីពរ។ ស ពាវ អាយុ៧២ មានទីកន្លែងកំណើតនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅឆ្នាំ១៩៧៤ ចាប់ផ្ដើមមានចលនាខ្មែរក្រហមនៅក្នុងភូមិឃុំរបស់គាត់។ នៅពេលនោះខ្មែរក្រហម ចាប់ផ្ដើមប្រមូលយុវជន-យុវនារី ចេញពីភូមិ យកទៅដាក់នៅក្នុងអង្គភាពស្រុក។ ពាវ ជាយុវជនម្នាក់ដែលត្រូវបានជម្លៀសចេញពីគ្រួសារទៅរស់នៅក្នុងអង្គភាព និងចាត់តាំងឱ្យធ្វើការងារនៅក្នុងកង។ ការងារដែលខ្មែរក្រហមចាត់តាំងឱ្យគាត់ធ្វើគឺ ជីកប្រឡាយ។ នៅក្នុងមួយថ្ងៃ គាត់ត្រូវជីកដីចំនួន៥ម៉ែត្រ។ ពាវ បានបញ្ជាក់ថា៖ “នៅក្នុងមួយថ្ងៃជីក៥ម៉ែត្រ ប្រសិនជាជីកហើយមុនម៉ោងត្រឹមម៉ោង២ ឬម៉ោង៣គេ[អង្គការ]នឹងឱ្យសម្រាក ប៉ុន្តែថ្ងៃស្អែកចំនួនការងារនឹងកើនឡើង គឺឱ្យធ្វើរយៈពេលមួយថ្ងៃពេញមិនឱ្យសម្រាកទេ”។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហម ចាប់ផ្ដើមស្រាវជ្រាវប្រវត្តិរូប ដើម្បីស្វែងរកប្រជាជនដែលជាប់ពាក់ព័ន្ធនឹងរបបសង្គមចាស់។ ខ្មែរក្រហម បានស្រាវជ្រាវដឹងថា ពាវ មានបងធ្វើជាទាហាន បានចាត់តាំងឱ្យគាត់ទៅអារដើមឈើចំនួន៩៩ដើម ដោយកំណត់រយៈពេលមួយខែកន្លះ និងសមាជិកចំនួន៦នាក់។ បន្ទាប់មក អង្គការបានចាត់តាំងឲ្យ ពាវ ទៅប្រមូលខ្សាច់នៅទន្លេមេគង្គ ហើយក្រោយមកគាត់ទៅធ្វើការងារនៅក្នុងឡឥដ្ឋបន្តទៀត។ ការងារដែលអង្គការចាត់តាំង គឺចេះតែមានជាបន្តបន្ទាប់។
របបអាហារ ដែល ពាវ ទទួលបាននៅអំឡុងពេលនោះគឺមិនខុសពីតំបន់ផ្សេងៗនោះទេ។ ពាវ បានបញ្ជាក់ថានៅពេលដល់ខែប្រមូលផល ប្រជាជននៅក្នុងសហករណ៍គឺអាចបរិភោគបាយបានរយៈពេលប្រហែលជា២ ទៅ ៣ថ្ងៃ ហើយបន្ទាប់ពីនោះគឺជាបបរ។ ចំណែកម្ហូបដែលបរិភោគជាមួយបាយ និងបបរ គឺមិនមានអ្វីក្រៅពីសម្លម្ជូរត្រកួន ម្ជូរព្រលឹតនោះទេ។
ចាប់តាំងពីខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញ ការប្រណិប័តន៍សាសនារបស់ប្រជាជន គឺត្រូវបាត់បង់ម្ដងបន្តិចៗ។ ព្រះពុទ្ធប្បដិមា ត្រូវវាយទម្លាក់ចូលទឹកស្រះ ហើយទីធ្លាវត្តអារាមមួយចំនួនយកធ្វើជារោងបាយ, ឃ្លាំងផ្ទុកសម្ភារ និងជាសហករណ៍សម្រាប់ប្រជាជនស្នាក់នៅ។ នៅក្នុងវត្តអារាមលែងមានព្រះសង្ឃគង់នៅ ប៉ុន្តែបែរជាឃើញមានធ្វើការងារនៅតាមវាលស្រែ។
នៅក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហម បានរៀបការឱ្យ ពាវ។ នៅអំឡុងពេលនោះ អង្គការបានបើកទូលាយសម្រាប់ប្រជាជនអាចស្នើសុំរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់។ ពាវ បានស្នើសុំទៅអង្គការដើម្បីរៀបចំពិធីមង្គលការជាមួយនារីដែលគាត់ស្រឡាញ់។ នៅពេលនោះដែរ មានយុវជនម្នាក់ទៀតបានប្រាប់ទៅអង្គការថាគាត់ក៏បានស្រឡាញ់នារីដែល ពាវ ស្រឡាញ់ដែរ ប៉ុន្តែអង្គការបានផ្សំផ្គុំឱ្យ ពាវ។ បន្ទាប់ពីរៀបការរួច អង្គការបានសង់កូនផ្ទះមួយសម្រាប់ ពាវ និងប្រពន្ធ។ រយៈពេលបីថ្ងៃក្រោយពីការរៀបការ ពាវ និងប្រពន្ធ ត្រូវចេញទៅធ្វើការងារនៅសហករណ៍រៀងៗខ្លួន។ ពាវ ត្រូវបានអង្គការចាត់តាំងឱ្យទៅធ្វើការងារខាងបន្លែនៅកោះមួយកន្លែង និងឱ្យគាត់ស្នាក់នោះទីនោះ។
ពាវ បានបន្ថែមថា ខ្មែរក្រហមសម្លាប់មនុស្ស គឺមិនដែលឱ្យប្រជាជននៅក្នុងសហករណ៍ជាមួយគ្នាដឹងនោះទេ។ នៅពេលដែលត្រូវសម្លាប់នរណាម្នាក់ គឺតែងតែហៅម្នាក់នោះទៅដោយប្រើហេតុផលថា ទៅរៀនសូត្រ, ធ្វើការងារនៅកន្លែងថ្មី ឬផ្លាស់ប្ដូរកន្លែងស្នាក់នៅ ដូច្នេះហើយប្រជាជនដែលនៅសហករណ៍ជាមួយមិនមានការសង្ស័យច្រើន។ ថ្វីត្បិតតែមិនមានការសង្ស័យពិតមែន ប៉ុន្តែប្រជាជនទាំងអស់នោះតែងតែទន្ទឹងរង់ចាំមើលការវិលត្រឡប់របស់បុគ្គលដែលអង្គការបាននាំខ្លួនទៅជានិច្ច។
នៅក្នុងពេលបច្ចុប្បន្ននេះ ពាវ មានជំងឺប្រចាំកាយដូចជា លើសជាតិស្ករ, ទឹកនោមផ្អែម និងធ្លាប់វះកាត់ប្រមាត់៕
សម្ភាសន៍ដោយ៖ ជុន សុមុនីនាថ ថ្ងៃ៨ ខែតុលា ឆ្នាំ២០២៥
អត្ថបទដោយ៖ នេន ស្រីមុំ

