រៀបការក្នុងរបបខ្មែរក្រហម

(កំពង់ចាម)៖ អុន ខុម អាយុ៧២ឆ្នាំ រស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តតាកែវ។ ខុម មានបងប្អូនចំនួន៥នាក់។

នៅពេលខ្មែរក្រហមចូលកាន់អំណាច នៅក្នុងភូមិរបស់គាត់មានឈ្លបខ្មែរក្រហម ដើរប្រមូលយុវជន-យុវនារី នៅក្នុងភូមិឱ្យទៅធ្វើការងារនៅ បែកអន្លូង។ ខុម ធ្វើដំណើរដោយថ្មើរជើងទៅជាមួយឈ្លប។ គាត់ស្នាក់នៅបែកអន្លូងបានរយៈពេលមួយយប់ ឈ្លបបានបញ្ជូនគាត់បន្តទៅតំបន់១៣០ អូរទឹកថ្លា។ ទៅដល់ទីនោះ ខ្មែរក្រហមបានចាត់តាំងឱ្យ ខុម ជីកប្រឡាយ, ប្រឡាយនោះជ្រៅខ្លាំង និងមានប្រវែងឆ្ងាយ។ គាត់ធ្វើការងារនៅក្នុងកងជីកប្រឡាយ បានរយៈពេល២០ថ្ងៃ ខ្មែរក្រហមបានបញ្ជូនទៅបែកអន្លូងវិញ។

នៅពេលដែលគាត់ត្រឡប់មកបែកអន្លូងវិញ គាត់ស្នាក់នៅបានមួយយប់ ត្រូវបញ្ជូនបន្តទៅតំបន់ព្រែកក្ដាម តាមរយៈរថយន្ត។ នៅលើរថយន្តនោះគ្មានកន្លែងអង្គុយនោះទេ គាត់ត្រូវឈរតាំងពីបែកអន្លូងរហូតដល់ព្រែកក្ដាម។ ទៅដល់ព្រែកក្ដាមដំបូង ខ្មែរក្រហមមិនទាន់ចាត់តាំងឱ្យគាត់ធ្វើការងារអ្វីឡើយ ក្រោយមកបានចាត់តាំងឱ្យគាត់ជញ្ជូនគ្រាប់កាំភ្លើង ទៅសមរភូមិ។

ខុម ត្រូវបានអង្គការ រៀបចំឱ្យមានគ្រួសារនៅក្នុងរបបខ្មែរក្រហម។ នៅពេលនោះអង្គការរៀបចំឱ្យសរុបទាំងអស់ចំនួន៨២គូ។ នៅក្នុងកម្មវិធីនោះមានមនុស្សចំនួន២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ ឡើងប្ដេជ្ញាតំណាងឱ្យប្ដី-ប្រពន្ធ ទាំងអស់ដែលមានវត្តមាននៅទីនោះ។ នៅក្នុងថ្ងៃរៀបការ ខុម បានបរិភោគអាហារឆ្ងាញ់ និងឆ្អែតជាងរាល់ដង។ ម្ហូបនៅពេលនោះមានចំនួន៣មុខ ដូចជា ត្រីដុត, សម្លរការី និងមួយមុខទៀតមិនចាំឈ្មោះ។

នៅចុងឆ្នាំ១៩៧៨ សហករណ៍ដែលគាត់ធ្វើការបានទទួលដំណឹងពីខ្មែរក្រហមថា មានកងទ័ពវាយប្រហារចូលមកសម្លាប់ប្រជាជនខ្មែរនៅទីនោះ ដូច្នេះហើយប្រជាជនទាំងអស់ត្រូវនាំគ្នារត់ចូលក្នុងព្រៃដើម្បីគេចខ្លួន និងបង្រួមកម្លាំងវាយបកទៅលើកងទ័ពវៀតណាមវិញ។ ដោយសារតែភាពភ័យខ្លាចពីការសម្លាប់ ប្រជាជនបាននាំគ្នារត់ចេញពីសហករណ៍នោះ។ ខុម បាននិយាយថានៅពេលរត់ចេញដំបូងគឺមានប្រជាជនច្រើន ប៉ុន្តែយូរទៅក៏បែកផ្លូវគ្នាបន្តិចម្ដងៗ។ ខុម និងសមាជិកដែលនៅសល់ចេះតែរត់ទៅ ដោយគ្មានទិសដៅ រហូតទៅជួបជាមួយនឹងកងទ័ពវៀតណាម ហើយកងទ័ពវៀតណាមបានប្រាប់ឱ្យគាត់ និងប្រជាជនដទៃទៀតត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។ ខុម និងសមាជិកបានដើរត្រឡប់ក្រោយវិញ ឆ្លងកាត់ទីក្រុងភ្នំពេញនៅម្ដុំសាលាលេខ៥។ ខុម និងប្ដី បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញតាមរយៈរថយន្ដឆ្ពោះទៅស្រុកកំណើតរបស់ប្ដីគាត់។ គាត់បានរស់នៅទីនោះ និងប្រកបរបរកសិកម្មដើម្បីផ្គត់ផ្គង់ជីវភាព៕

សម្ភាសន៍ដោយ៖ តែ ដាលិស ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin