ហ៊ីម ឈី៖ ធ្វើការនៅក្នុងពេទ្យសត្វទីក្រុងភ្នំពេញ

នៅក្នុងសម័យខ្មែរក្រហម ឈី ធ្វើការនៅក្នុងពេទ្យសត្វ ទីក្រុងភ្នំពេញ។ នៅកន្លែងការងារ ឈី មានតួនាទីជាអ្នកផ្សំចំណីសត្វ និងដាក់ចំណីឲ្យសត្វ មាន់, ទា, ក្របី, គោ, សេះ, កណ្ដុរ និតទន្សាយ។ នៅមន្ទីរពេទ្យសត្វ ឈី បានហូបគ្រប់គ្រាន់ ប៉ុន្តែគាត់មិនបានដើរចេញទៅក្រៅកន្លែងការងារនោះទេ ហេតុនេះហើយបានជាគាត់មិនដឹងថាមានការសម្លាប់មនុស្ស។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ឈី នៅធ្វើការងារក្នុងមន្ទីរពេទ្យ៖
ហ៊ីម ឈី អាយុ៦៦ឆ្នាំ រស់នៅភូមិតាព្រះ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។ ឈី មានម្ដាយឈ្មោះ សុខ ហើយឪពុកឈ្មោះ ហួន ស្លាប់ដោយសារជំងឺនៅក្នុងសម័យខ្មែរក្រហម និងមានបងប្អូនស្រីចំនួន៣នាក់។ ឈី មានកូនចំនួន៥នាក់ ក្នុងនោះមានស្រី៤នាក់។ នៅក្នុងសម័យ លន់ នល់ ឈី មិនបានរៀនសូត្រនោះទេ ហើយនៅក្នុងភូមិតាព្រះក៏មិនមានការទម្លាក់គ្រាប់បែកដែរ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានបញ្ជូន ឈី ឲ្យទៅធ្វើការងារនៅកន្លែងពេទ្យសត្វ ទីក្រុងភ្នំពេញ។ ពេលទៅភ្នំពេញ ឈី មានអាយុប្រមាណ២១ឆ្នាំ។ ទីតាំងពេទ្យសត្វដែល ឈី ធ្វើការគឺស្ថិតនៅក្បែរទន្លេ៤មុខ ខាងមុខព្រះបរមរាជវាំង។ នៅកន្លែងការងារ ឈឺ ធ្វើការជាមួយកងយុវជន, កងយុវនារី និងជាមួយជនជាតិចិន ហើយមិនដែលបានចេញក្រៅនោះទេ។ នៅក្នុងមន្ទីរពេទ្យសត្វ ឈី មាននាទីជាអ្នកជួយសែងដំឡូងចេញពីកាប៉ាល, បេះត្រកួន ផ្សំចំណីសម្រាប់សត្វទន្សាយ និងដាក់ចំណីឲ្យសត្វមួយចំនួនដូចជា មាន់, ទា, ក្របី, គោ, សេះ, និងកណ្ដុរ។ នៅកន្លែងធ្វើការងារ ឈី ហូបអាហារ៣ពេលក្នុងមួយថ្ងៃ ដោយពេលព្រឹកហូបបបរ ហើយពេលថ្ងៃ និងល្ងាច បានហូបបាយ។
ពេលធ្វើការងារនៅទីក្រុងភ្នំពេញ ឈី មិនបានដឹងថាមានការសម្លាប់មនុស្ស និងបង្អត់អាហាររបស់ប្រជាជននោះទេ ព្រោះកន្លែងដែលគាត់រស់នៅហូបចុកគ្រប់គ្រាន់។ មួយវិញទៀត ឈី មិនដែលបានចេញពីទីតាំងមន្ទីរពេទ្យសត្វនោះទេ រហូតដល់ឆ្នាំ១៩៧៩ មានកងទ័ពរំដោះចូលមក។
នៅឆ្នាំ១៩៧៩ ឈី បានត្រលប់មកខេត្តតាកែវវិញ បន្ទាប់ពីកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា ចូលទៅគ្រប់គ្រងទីក្រុងភ្នំពេញ។ ឈី រស់នៅក្នុងភូមិបានមួយរយៈ ម្ដាយរបស់គាត់បានរៀបការឲ្យគាត់។ បន្ទាប់ពីរៀបការរួច ឈី ប្រកបរបបធ្វើស្រែ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ឈី មានជំងឺ ឈឺក្បាល, ឈឺជង្គង់ និងវិលមុខ ហើយជំងឺរបស់គាត់កើតឡើងដោយសារតែការប្រែប្រួលអាកាសធាតុ និងអាយុរបស់គាត់កាន់តែច្រើន។
សម្ភាសដោយ៖ កង ពិដោរ ថ្ងៃទី០១ ខែកញ្ញា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៨ ខែតុលា ២០២៥

