យ៉ែម វ៉ាង៖ ស្ម័គ្រចិត្តប្ដេជ្ញាតាមការរៀបចំរបស់អង្គការ

នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់វ៉ាង បាត់បង់ មីងម្នាក់ ដោយសារការទម្លាក់គ្រាប់បែក ហើយស្រូវប្រមាណ១០០ថាំងនៅក្នុងរោងត្រូវភ្លើងឆេះអស់។ នៅឆ្នាំ១៩៧៥ វ៉ាង បានចូលធ្វើជានារីកងចល័តភូមិ ដើម្បីធ្វើការងារ លើកទំនប់, ជីកប្រឡាយ, ធ្វើស្រែ និងធ្វើជី។ នៅឆ្នាំ១៩៧៨ វ៉ាង បានស្ម័គ្រចិត្តប្ដេជ្ញា ទាំងដែលខ្លួនមិនពេញចិត្តជាមួយការរៀបចំរបស់អង្គការ។ បន្ទាប់ពីរៀបការរួច​ វ៉ាង ជួបការលំបាកកាន់តែខ្លាំងព្រោះគាត់ត្រូវធ្វើការងារជាប្រចាំ បើទោះបីជាគាត់មានគ័ភ៌រហូតដល់ថ្ងៃសម្រាលកូន។ នៅពេលដែលខ្មែរក្រហមដួលរលំ វ៉ាង បានជួបប្រទះនូវការអត់ឃ្លានបន្តទៀត ទាំងដែលខ្លួនមានកូនង៉ែត។

យ៉ែម វ៉ាង ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់វ៉ាងឈ្មោះ សរ យ៉ែម ហើយម្ដាយឈ្មោះ ឌី គិត និងមានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន២នាក់។ វ៉ាង មានប្ដីឈ្មោះ សុខ អ៊ួក និងមានកូនចំនួន៦នាក់ ក្នុងនោះមានស្រី២នាក់។ កាលពីក្មេង វ៉ាង ចូលរៀនដំបូងក្នុងឆ្នាំ១៩៦៧ នៅសាលាវត្តអង្គរុន។ នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅក្នុងប្រទេសចាប់ផ្ដើមមានសង្គ្រាម ហើយសាលារៀនត្រូវបានបិទទ្វា។ វ៉ាង បានឈប់រៀនក្នុងពេលនោះ នៅថ្នាក់ទី៩ រួចបានទៅជួយម្ដាយមើលថែប្អូនចំនួន៥នាក់ និងធ្វើការងារផ្ទះ។ ចំពោះបងស្រីរបស់វ៉ាង ដែលមានគ្រួសារ បានចាកចេញទៅរស់នៅ ខេត្តបាត់ដំបង។

នៅក្នុងសម័យ លន់ នល់ ឪពុករបស់វ៉ាង បាននាំគ្រួសារទៅរស់នៅ ខាងលិចផ្លូវរថភ្លើង។ ប៉ុន្តែដោយសារតែមានការទម្លាក់គ្រាប់បែកខ្លាំងពេក ទើបម្ដាយរបស់វ៉ាង នាំកូនៗទៅរស់នៅភូមិចាស់វិញ។ នៅយប់មួយម្ដាយមីង ដែលត្រូវជាប្អូនបង្កើតរបស់ម្ដាយវ៉ាង បានចេញទៅយកស្បៀងនៅក្នុងរោងខាងលិចផ្លូវរថភ្លើង ប៉ុន្តែចៃដន្យមានការទម្លាក់គ្រាប់បែកក្នុងពេលនោះ និងធ្វើឲ្យគាត់ស្លាប់ភ្លាមៗ ព្រោះរត់ចូលក្នុងលេណដ្ឋានមិនទាន់។ ក្រៅពីការបាត់បង់មីង ការទម្លាក់គ្រាប់បែកធ្វើឲ្យរោងដាក់ស្រូវ និងស្រូវប្រមាណ១០០ថាំង ដែលគ្រួសារវ៉ាងមានត្រូវភ្លើងឆេះអស់។

នៅឆ្នាំ១៩៧៥ អង្គការបានចាត់តាំង វ៉ាង ឲ្យចូលទៅក្នុងក្រុមកងចល័តនារីភូមិ ដើម្បីធ្វើការងារ កាប់ដើមទន្ទ្រានខែត្រ, រែកដីដំបូក, ធ្វើជី, សែងលាមកយកទៅឲ្យកងម៉ែៗជ្រលក់សំណាបស្ទូង និងបោចស្មៅក្នុងស្រែ។ នៅរដូវប្រាំង វ៉ាង និងមិត្តនៅក្នុងក្រុម ត្រូវចេញទៅធ្វើការងារ រែកដី, លើកទំនប់ និងជីកប្រឡាយ។ ចំពោះការហូបអាហារ អង្គការដាំបបរលាយជាមួយផ្លែខ្វិត, គល់ចេក, ព្រលឹត និងបន្លែផ្សេងៗទៀត ឲ្យប្រជាជនហូប។ នៅពេលដែលប្រជាជន មានជំងឺ ក្ដៅខ្លួន, រាគ និងជំងឺផ្សេងៗទៀត អង្គការបានផ្ដល់ថ្នាំរាងដូចអាចម៍ទន្សាយឲ្យលេប។

នៅឆ្នាំ១៩៧៨ វ៉ាង ស្ម័គ្រចិត្តរៀបការជាមួយឈ្មោះ អ៊ួក នៅក្នុងរោងបាយសហករណ៍។ អំឡុងពេល វ៉ាង រៀបការ អង្គការរៀបចំតែមួយគូប៉ុណ្ណោះ ប៉ុន្តែក្រោយៗមកទៀត ខាងសហករណ៍រៀបចំប្ដេជ្ញាម្ដងច្រើនគូ។ នៅពេលបញ្ចប់ការប្ដេជ្ញា វ៉ាង បានត្រលប់ទៅផ្ទះវិញ ហើយឪពុករបស់គាត់បានលួចចាប់មាន់ដែលខ្លួនចិញ្ចឹមនៅផ្ទះ ធ្វើសែនឲ្យកូនម្ដងទៀត ព្រោះគាត់មិនពេញចិត្តជាមួយការរៀបចំរបស់អង្គការ ប៉ុន្តែត្រូវកងឈ្លបចាប់បាន និងរករឿង។ បន្ទាប់ពីរៀបការរួច វ៉ាង បានជួបការលំបាកកាន់តែខ្លាំង ព្រោះគាត់ត្រូវធ្វើការងាររាល់ថ្ងៃ ទាំងដែលខ្លួនមានគ័ភ៌ រហូតដល់ថ្ងៃសម្រាល។ នៅចុងឆ្នាំ១៩៧៨ វ៉ាង សម្រាលបានកូនម្នាក់។ នៅពេលដែល វ៉ាង បង្កើតកូនមិនមានគ្រូពេទ្យមកជួយនោះទេ គឺមានតែឆ្មបចំណាស់ម្នាក់មកជួយសម្រាល។

វ៉ាង សម្រាលកូនរួចបានរយៈពេលប្រមាណ១ខែ របបខ្មែរក្រហមបានដួលរលំ ហើយប្រជាជននាំគ្នាបែងចែកសម្ភារប្រើប្រាស់ និងស្បៀងអាហារតាមផ្ទះវិញ។ ប្រជាជនទាំងអស់ចាប់ផ្ដើមមានសិទ្ធសេរីភាពឡើងវិញ ប៉ុន្តែការហូបអាហារនៅតែខ្វះខាត។ ជាក់ស្ដែង វ៉ាង ផ្ទាល់ត្រូវរស់នៅដោយការអត់ឃ្លាន ព្រោះគ្រួសាររបស់គាត់បានយកអង្ករដែលមានបន្តិចបន្តួចទៅដាំបបរលាយជាមួយត្រាវ ហើយស្រូវមួយចំនួនទៀត ត្រូវយកទៅធ្វើស្រែបន្តទៀតរហូតទទួលបានទិន្នផលច្រើន ទើបអាចហូបគ្រប់គ្រាន់។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស វ៉ាង បានឲ្យដឹងថា ខ្លួនពេញចិត្តចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រោះការកាត់ទោសបានធ្វើឲ្យប្រជាជនទទួលបានយុត្តិធម៌។ មួយវិញទៀត វ៉ាង ចង់ឲ្យមានការរក្សាទុកឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម និងអប់រំកុមារ ជាពិសេសចៅៗរបស់គាត់ឲ្យមានការយល់ដឹង។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin