ទូច វៃ៖ រត់ចូលឡានដើម្បីសម្លាប់ខ្លួន

ទូច វៃ រស់នៅភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (២០២១)

(កំពង់ស្ពឺ)៖ ទូច វៃ ភេទប្រុស មានអាយុ ៦២ឆ្នាំ ជាកសិកររស់នៅភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ វៃ មានស្រុកកំណើតនៅក្នុងភូមិព្រៃតាភេម ឃុំពោធិអង្ក្រង​ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ វៃ មានឪពុកឈ្មោះ ពែល ទឿង, ម្ដាយឈ្មោះ ទី មុំ និងមានបងប្អូនដប់នាក់ ក្នុងនោះស្រីប្រាំពីរនាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ វៃ បានរៀននៅសាលាវត្តវិហារពូន និងឈប់រៀនត្រឹមថ្នាក់ទី១០ចាស់ ដើម្បីទៅធ្វើស្រែ។ នៅឆ្នាំ១៩៧០ វៃ ថាមានកងទ័ពវៀតកុងចូលមកក្នុងភូមិ និងមានការទម្លាក់គ្រាប់បែកនៅពេលប្រយុទ្ធជាមួយទាហាន លន់ នល់។

អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពី វៃ បានធ្វើស្រែអស់រយៈពេលបីឆ្នាំ គាត់បានចូលធ្វើជាកងទ័ពខ្មែរក្រហម។ នៅឆ្នាំ១៩៧៣ វៃ និយាយថា វត្តអារាមត្រូវបានវាយកម្ទេច ចំណែកព្រះសង្ឃត្រូវទៅធ្វើស្រែចម្ការ ទើបមានចង្ហាន់។ នៅឆ្នាំ១៩៧៤ វៃ ចូលធ្វើការក្នុងកងពល៣១០ ភូមិភាគនិរតី ខេត្តតាកែវ ដែលគ្រប់គ្រងដោយ តាម៉ុក។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមរំដោះបានទីក្រុងភ្នំពេញ ខ្មែរក្រហមបានសាកសួរឪពុកម្តាយរបស់វៃ អំពីប្រវត្តិរូបរបស់គាត់។ វៃ និយាយថា ប្រជាជន១៧មេសា ត្រូវខ្មែរក្រហមវាយសម្លាប់ និងវះពោះយកប្រមាត់នៅទួលសង្កែ។ វៃ បន្តថា ប្រធានកងរយ ឬកងវរ គឺអ្នកវាយសម្លាប់ប្រជាជននឹងដំបង និងកប់នៅហ្នឹងកន្លែង។ ប្រជាជន១៧មេសា រួមទាំងកងទ័ពខ្មែរក្រហម ដែលរកឃើញថាជាប់ពាក់ព័ន្ធនឹងរបបចាស់ ត្រូវខ្មែរក្រហមបញ្ជូនទៅឃុំឃាំងនៅភ្នំសន្លុង ក្នុងឃុំតានី។ អ្នកទាំងនោះត្រូវវាយថ្ម ដោយមួយព្រឹកទទួលបានទឹកមួយកែវប៉ុណ្ណោះ។ វៃ ដែលជាអ្នកបើកឡានដឹកថ្ម និយាយថា គាត់បានឃើញប្រជាជនរត់ចូលឡានដើម្បីសម្លាប់ខ្លួនដោយផ្ទាល់ ដូច្នេះគាត់ត្រូវបើកឡានក្នុងល្បឿនយឺត។

នៅរបបនោះ កងទ័ព ឬប្រជាជនណាដែលលួចហូប នឹងត្រូវវាយសម្លាប់។ វៃ ក៏ដូចប្រជាជនឯទៀត ត្រូវរស់នៅព្រាត់ប្រាសពីឪពុកម្ដាយ និងបងប្អូន។ នៅពេលជួបបងប្អូន គឺគាត់មិនហ៊ាននិយាយរកគ្នានោះទេ ខ្លាចខ្មែរក្រហមយកទៅសម្លាប់។

ក្រោយមក ជារៀងរាល់ថ្ងៃ វៃ ត្រូវហាត់ប្រាណ និងហាត់កាំភ្លើងនៅម៉ោង៤ទៀបភ្លឺ និងធ្វើពលកម្មពីម៉ោង៧ព្រឹកដល់ម៉ោង១១ព្រឹក និងបន្តពីម៉ោង១ថ្ងៃរហូតដល់ម៉ោង៥ល្ងាច។ ជួនកាល គាត់ត្រូវបន្តយាមល្បាតពីម៉ោង៧យប់រហូតដល់ម៉ោង៩យប់បន្ថែមទៀត។ វៃ ថាគាត់ត្រូវហូបចុកមិនគ្រប់គ្រាន់ គឺមានតែបាយលាយជាមួយពោត ឬបបរលាយសម្លព្រលិតប៉ុណ្ណោះ ដោយក្នុងមួយថ្ងៃគាត់ហូបពីរពេល គឺនៅម៉ោង១១ព្រឹក និងម៉ោង៥ល្ងាច។ ចំណែកសម្ភារវិញ គឺគាត់ទទួលបានខោអាវពីរសម្រាប់ក្នុងមួយឆ្នាំ និងអង្រឹងមួយប៉ុណ្ណោះតាំងពីគាត់ចូលធ្វើជាកងទ័ពមក។

នៅឆ្នាំ១៩៧៧ វៃ ថាមានការប៉ះទង្គិចប្រដាប់អាវុធជាមួយកងទ័ពវៀតណាម។ កងទ័ពដែលរបួសត្រូវបញ្ជូនទៅព្យាបាល និងវះកាត់នៅមន្ទីរពេទ្យខេត្តតាកែវ។ ចំណែក ប្រជាជនវៀតណាម និងកងទ័ពវៀតណាម ដែលចាប់ខ្លួនបាន ត្រូវខ្មែរក្រហមនាំយកទៅឃុំខ្លួននៅខាងត្បូងសាលាខេត្តតាកែវ និងខ្លះទៀតត្រូវបញ្ជូនទៅទីក្រុងភ្នំពេញ។ វៃ ថាអ្នកទាំងនោះត្រូវបានសម្ភាស និងផ្សាយតាមវិទ្យុ។

នៅឆ្នាំ១៩៧៩ នៅពេលរបបខ្មែរក្រហមដួលរលំ វៃ និងសមាជិកទាំងអស់១២នាក់ បានទម្លាក់កាំភ្លើងនៅត្រពាំងក្រឡឹង និងត្រលប់មកភូមិកំណើតវិញជាមួយប្រជាជន។ នៅពេលមកដល់ភូមិកំណើត ផ្ទះរបស់គាត់ត្រូវខ្មែរក្រហមរុះរើយកទៅធ្វើក្រោលគោ និងរោងបាយអស់បាត់ទៅហើយ។ វៃ ថាខ្មែរក្រហម បានសាងសង់ផ្ទះសសរប្រាំបួនដើម ដែលប្រក់ដោយក្បឿង សម្រាប់ទុកឲ្យជនជាតិចិនស្នាក់នៅ។

នៅឆ្នាំ១៩៨៣ វៃ បានរៀបការជាមួយប្រពន្ធឈ្មោះ មៀន ផន និងមានកូនប្រាំមួយនាក់ ក្នុងនោះស្រីបួននាក់។ សព្វថ្ងៃ វៃ បានប្រកបរបរធ្វើស្រែចម្ការ និងឡើងត្នោត៕

សម្ភាសដោយ កេង ភត្ត្រា ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin