សម្លត្រកួនមានដង្កូវ

(តាកែវ)៖ ស៊ន សុក មានអាយុ៧០ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ សុក មានបញ្ហាភ្នែកចេះតែហូរទឹកភ្នែក ស្រវាំងមើលមិនសូវច្បាស់។

នៅក្នុងឆ្នាំ១៩៧០ អំឡុងពេលនៃការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, សុក មិនបានរស់នៅផ្ទះរបស់ខ្លួននោះទេ។ សុក ត្រូវរត់គេចពីគ្រាប់បែកទៅកាន់ភូមិផ្សេងដូចជា ភូមិព្រៃជប់ និងភូមិខ្នារ។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលកាន់កាប់អំណាច សុក ត្រូវបានចាត់ទុកថាជាប្រជាជនមូលដ្ឋាន។ នៅពេលនោះ សុក មានអាយុ១៩ឆ្នាំ។ ក្នុងពេលដែលខ្មែរក្រហមចាប់ផ្តើមគ្រប់គ្រងតំបន់នោះ គឺជាពេលវេលាដែល សុក បានរៀបការជាមួយប្រពន្ធរបស់គាត់។ ការរៀបការនៅពេលនោះ គឺនៅធ្វើតាមរបៀបប្រពៃណីខ្មែរនៅឡើយទេ ដោយមានការចូលរួមពីចាស់ទុំ បងប្អូន មានប្រើប្រាស់មេក្រូ និងមានរៀបចំផ្កាស្លា។

សុក បាននិយាយថា ការរស់នៅពេលនោះគឺមានសភាពធម្មតាមិនទាន់តឹងរ៉ឹងនៅឡើយទេ។ ប៉ុន្តែក្រោយពេលរៀបការបានប្រមាណ២ខែ ទើបខ្មែរក្រហមចាប់ផ្តើមប្រមូលទ្រព្យសម្បត្តិ សម្ភារប្រើប្រាស់យកទៅដាក់រួម។ ចំពោះការងារដែល សុក ត្រូវបំពេញក្នុងរបបខ្មែរក្រហមមានដូចជា ជីកប្រឡាយ និងលើកទំនប់ទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាកគ្រប់គ្រាន់។ នៅក្នុងការលើកទំនប់នេះ ខ្មែរក្រហមបានបញ្ជូន សុក ឱ្យទៅលើកទំនប់ព្រែកត្នោត ជាមួយនឹងអ្នកភូមិជាច្រើននាក់ទៀត ក្នុងចំណោមនោះមានពីរនាក់ដែលគាត់នៅចាំឈ្មោះគឺ ផុម និង រ៉េត។

ចំពោះការហូបចុកនៅពេលនោះ គឺមានត្រឹមតែបបររាវៗមិនមានគ្រាប់អង្ករច្រើននោះទេ។ នៅក្នុងបបរមួយខ្ទះធំប្រសិនបើដួសទឹកចេញអស់ គ្រាប់អង្ករដែលនៅសល់មានប្រហែលតែបីចានប៉ុណ្ណោះ។ អ្នកទទួលបន្ទុកដួសអាហារ បានដួសបបរនោះចែកឱ្យប្រជាជនម្នាក់មួយចាន។ សុក បានរៀបរាប់បន្ថែមទៀតថា ថ្ងៃមួយនោះខាងរោងអាហារបានស្ងោរលៀសឱ្យហូប ប៉ុន្តែពេលដួសចែកគឺមិនបានសាច់លៀសអ្វីទេ គឺបានតែទឹក ហើយសាច់លៀសគឺនៅឯបាតធុងឯណោះ។ រីឯសម្លត្រកួនវិញមានដង្កូវទៀតផង ដោយសារនៅពេលព្រឹកអ្នកទទួលបន្ទុកដាំដុះបានយកជីលាមកទៅស្រោចដំណាំត្រកួន ហើយដល់ពេលថ្ងៃបានកាត់ត្រកួននោះមកស្ល ហើយលាងមិនបានស្អាតល្អ ទើបនៅជាប់ដង្កូវ។ សុក បានបន្ថែមថា សម្លនៅពេលនោះមិនមានសាច់អ្វីទេ ហើយប្រសិនជាមានគឺមានតិចតួចបំផុត ដោយជួនកាលមានដាក់សាច់ជ្រូក ឬសាច់ត្រីតិចបន្តិចបន្តួច។

សុក បានបញ្ញាក់ថា ចំណែកឯថ្នាំសម្រាប់ព្យាបាលជំងឺវិញ គឺមានតែថ្នាំអាចម៍ទន្សាយ ហើយមានថ្នាំគ្រាប់មួយចំនួន។ នៅក្នុងរបបខ្មែរក្រហម ប្រសិនបើប្រជាជនឈឺច្រើនដងពេក អង្គការនឹងចោទថាឈឺសតិអារម្មណ៍ ហើយជួនកាលអាចយកទៅសម្លាប់ចោលតែម្តង។ ដូច្នេះហើយទើបប្រជាជនដែលរស់នៅក្នុងរបបនោះមិនហ៊ានឈឺនោះទេ ប្រសិនជាឈឺក៏ត្រូវទៅធ្វើការទាំងឈឺដែរ។ ទាល់តែជំងឺនោះឈឺធ្ងន់ធ្ងរខ្លាំង ទើបហ៊ានសុំសម្រាកឬទៅព្យាបាលនៅពេទ្យ។ មន្ទីរពេទ្យនៅក្នុងតំបន់នោះមានទីតាំងនៅភូមិត្នោត និងមានពេទ្យថ្នាក់ៗ ដែលមានពេទ្យប្រចាំការម្នាក់ៗដូចជានៅវត្តថ្មត្រប់ ដែលបច្ចុប្បន្នទីតាំងនោះស្ថិតនៅភូមិពារាម ឃុំពារាម ស្រុកបាទី។

នៅក្នុងរបបខ្មែរក្រហម សុក បានបាត់បង់សាច់ញាតិជាច្រើននាក់ មានទាំងសាច់ញាតិ និងឆ្ងាយ។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ សុក បានបានវិលត្រឡប់ទៅរស់នៅភូមិកំណើតជាមួយនឹងប្រពន្ធកូនរបស់គាត់៕

សម្ភាសន៍ដោយ៖ ម៉ា សារពេជ្ញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin