យិន រឿន៖ ហូបបាយបានតែបីថ្ងៃប៉ុណ្ណោះ

យិន រឿន រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២០២១)

(តាកែវ)៖ យិន រឿន ភេទស្រី មានអាយុ ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ រឿន មានម្ដាយឈ្មោះ ម៉ុច, ឪពុកឈ្មោះ ចាន់, មានប្អូនស្រីម្នាក់ឈ្មោះ ខា ដែលនៅរស់រានមានជីវិត និងមានប្អូនប្រុសម្នាក់ ត្រូវបានបាត់ខ្លួននៅរបបខ្មែរក្រហម។

កាលវ័យកុមារភាព រឿន បានឈប់រៀនត្រឹមថ្នាក់ទី១ នៅខេត្តស្វាយរៀង។ ដោយសារជីវភាពក្រីក្រ រឿន ដែលមានអាយុ១០ឆ្នាំ បានទៅធ្វើការតាមផ្ទះ និងមើលថែកូនក្មេង។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ គ្រួសារដែល រឿន រស់នៅជាមួយ បានភៀសខ្លួនទៅទីក្រុងភ្នំពេញ និងនាំគាត់ទៅជាមួយ ដោយសារគាត់ធ្វើការបានល្អ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមដែលចូលកាន់កាប់ទីក្រុងភ្នំពេញ បានប្រាប់ប្រជាជនឲ្យចាកចេញពីទីក្រុង។ រឿន និងគ្រួសាររបស់ថៅកែ ត្រូវខ្មែរក្រហមជម្លៀសមកមណ្ឌលទឹកល្អក់ ក្នុងខេត្តតាកែវ និងចាត់ទុកគាត់ជាប្រជាជន១៧មេសា។ រឿន ត្រូវធ្វើការហួសកម្លាំងពីព្រលឹមទាល់ព្រលប់ និងហូបចុកមិនគ្រប់គ្រាន់។ រឿន ត្រូវក្រោកតាំងពីម៉ោង៣ទៀបភ្លឺ និងធ្វើដំណើរទៅការដ្ឋាន ដើម្បីរែកដី, កាប់ដី, ជីកប្រឡាយ និងជីកព្រែក រហូតដល់ម៉ោង៩យប់។ នៅពេលឮស្នូរជួង រឿន ត្រូវប្រញាប់ឡើងទៅរោងកាស៊ីនបាយ និងហូបបបរលាយជាមួយត្រកួន, ព្រលិត, ពោត ឬផ្លែត្នោត ដែលបណ្ដាលឲ្យ រឿន កើតជំងឺរាករូស និងមានតែថ្នាំច្រកដាក់ដបទឹកក្រូច ឬថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។ រឿន បញ្ជាក់ថា បន្ទាប់ពីរដូវច្រូតកាត់ គឺខ្មែរក្រហមចែកបាយឲ្យប្រជាជនហូបបានតែបីថ្ងៃប៉ុណ្ណោះ។ នៅពេលយប់ រឿន ជាមួយសមាជិកក្រុម១៥នាក់ ត្រូវកាត់ស្បូវធ្វើរោងនៅឯតំបន់ដំណាក់សម្រាប់ស្នាក់នៅ។

នៅរបបខ្មែរក្រហម រឿន ទទួលបានខោអាវពណ៌ខ្មៅតែពីរសម្រាប់ប៉ុណ្ណោះ និងត្រូវរស់នៅព្រាត់ប្រាសពីបងប្អូននិងម្ដាយ។ រឿន និយាយថា ខ្មែរក្រហមបានគំរាមកំហែង និងសម្លុតប្រជាជនឲ្យធ្វើការតាមការកំណត់។ ក្រោយមក រឿន ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការក្នុងរោងកាស៊ីនបាយ ប៉ុន្តែត្រូវបានប្រជាជនចាស់ទិតៀនគាត់ថាជាប្រជាជន១៧មេសា។ នៅទីនោះ សមមិត្តយ៉ន ដែលធ្វើការជាមួយរឿន បានបាត់ខ្លួន បន្ទាប់ពីខ្មែរក្រហមចោទថាមានកំហុស។ ប្រជាជនភាគច្រើន ត្រូវខ្មែរក្រហមបញ្ជូនទៅឃុំឃាំងនៅវត្តកកោះ។ ក្រោយមក រឿន ត្រូវត្រលប់ទៅធ្វើការនៅតាមការដ្ឋានវិញ។ រឿន និយាយថា ជីវិតគាត់ជូរចត់ណាស់នៅរបបខ្មែរក្រហម។

មិនយូរប៉ុន្មាន រឿន បានរៀបការដោយបង្ខំជាមួយប្តីឈ្មោះ អួង ភិន ដែលធ្វើការក្នុងកងនេសាទ។ ខ្មែរក្រហមបានចាត់តាំងប្រជាជនចំនួន២០គូ រួមទាំងរឿននិងប្តីឲ្យអង្គុយទល់មុខគ្នា និងប្តេជ្ញាចិត្តចំពោះអង្គការ។ រឿន និយាយថា គាត់មិនដែលស្គាល់ប្តីរបស់គាត់ពីមុនមកនោះទេ។

នៅរបបខ្មែរក្រហម រឿន រៀបរាប់ថា មានការរំលោភបំពាន។ នៅថ្ងៃមួយ មេកងប្រុសបានហៅមេកងស្រីទៅចិញ្រ្ចាំស្លឹកឈើទាំងយប់។ រឿន និយាយថា គាត់បានជូនមេកងស្រីទៅជួបមេកងប្រុស និងរងចាំនៅខាងក្រៅ ហើយនៅពេលនោះ គាត់ត្រូវកាប់ទន្ទ្រានខេត្តសម្រាប់លាយអាចម៍គោទាំងយប់។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រឿន ត្រូវមើលថែឪពុកម្ដាយក្មេក និងប្រកបរបរធ្វើស្រែចម្ការ។ រឿន មានកូនចំនួនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ សព្វថ្ងៃ រឿន មានជំងឺរាករូស និងសន្លាក់ដៃជើង៕

សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin