បាយមួយខ្ទះចែកគ្នាហូបមួយភូមិ

(ត្បូងឃ្មុំ) សុំ អ៊ាម អាយុ៨៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្នោត ហើយបច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនិងគ្រាប់ប្លោងនៅក្នុងភូមិ បណ្តាលឱ្យឆេះផ្ទះរបស់ប្រជាជនចំនួនពីរគ្រួសារ ឈ្មោះ ឆាង និង ស៊ីន។ ហេតុការណ៍ដ៏រន្ធត់នោះបានធ្វើឱ្យអ្នកស្រុកភ័យខ្លាច រហូតត្រូវរត់ភៀសខ្លួនទៅភូមិផ្សេងដើម្បីស្នាក់នៅចំនួនមួយយប់។ បន្ទាប់មក មានការផ្លាស់ទីទៅស្នាក់នៅភូមិពង្រប្រមាណមួយសប្ដាហ៍។ ការវាយប្រហារនៅតែបន្តកើតមាន ពេលមានការទម្លាក់គ្រាប់បែកពីយន្តហោះនៅភូមិពោធិ៍ អ៊ាម ត្រូវរត់ភៀសខ្លួនបន្តទៀត។

នៅឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមឡើងគ្រប់គ្រងអំណាច អ៊ាម មានអាយុ៣៥ឆ្នាំ និងមានកូនចំនួន៤នាក់។ ទីលំនៅរបស់ អ៊ាម ស្ថិតនៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម។ ទោះបីជាស្ថិតក្នុងស្ថានភាពកូនខ្ចី អង្គការបានបង្ខំឱ្យ អ៊ាម ធ្វើការងារធ្ងន់ធ្ងរជាច្រើនដូចជា រែងអង្ករ ច្រូតស្រូវ បុកអង្ករ បោកស្រូវ ស្ទូង និងដកសំណាប។ លើសពីនេះ អ៊ាម ត្រូវចូលរួមក្នុងកងចល័ត ចំណែកឯមនុស្សប្រុសត្រូវគេចាត់តាំងឱ្យទៅកាប់ដីនិងជីកព្រែក។ ក្នុងនាមជាប្រជាជនមូលដ្ឋាន អ៊ាម ត្រូវបំពេញការងារយ៉ាងសកម្មដូចជា បុកអង្ករ រែងអង្ករ ច្រូតនិងស្ទូងស្រូវ។

អ៊ាម បាននិយាយថា ខ្មែរក្រហមមានភាពខ្សត់ខ្សោយខាងម្ហូបអាហារ និងលំបាកវេទនាជាខ្លាំង។ ប្រជាជនទទួលបានត្រឹមតែបបររាវនៅពេលព្រឹក ហើយពេលខ្លះបាយមួយខ្ទះសម្រាប់ចែកគ្នាហូបមួយភូមិ។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ត្រូវប្រមូលដាក់ជាសម្បត្តិរួមរបស់អង្គការ។ ប្រសិនបើមាននរណាម្នាក់លួចហូបចំណីអាហារខុសពីការកំណត់ នឹងត្រូវអង្គការចាប់យកទៅកសាង។ អ៊ាម មានបងប្អូនចំនួន៦នាក់ ហើយនៅក្នុងរបបខ្មែរក្រហម គាត់បានបាត់បង់ប្អូនប្រុសម្នាក់ឈ្មោះ សន ដោយសារឈ្លបបាញ់សម្លាប់ចោល។

ការធ្វើការហួសកម្លាំងក្នុងអំឡុងពេលទើបសម្រាលកូនរួចបណ្តាលឱ្យ អ៊ាម ធ្លាក់ខ្លួនឈឺ និងទាស់សរសៃរស្គមរីងរៃ។ ផលប៉ះពាល់នៃការរស់នៅក្នុងរបបខ្មែរក្រហម បានបន្សល់ទុកជំងឺប្រចាំកាយជាច្រើនដល់ អ៊ាម រហូតមកដល់សព្វថ្ងៃ។ ជំងឺទាំងនោះមានដូចជា ឈឺក្បាល វិលមុខ រមាស់ស្បែក ឈឺសន្លាក់ដៃជើង ជំងឺក្រពះពោះវៀន រោយក ចុកស្មា និងបញ្ហាត្រចៀកស្តាប់មិនសូវច្បាស់៕

សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin