អួង ភិន៖ ជីវិតដ៏សែនពិបាក

អួង ភិន រស់នៅភូមិអាជំាង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២០២១)

(តាកែវ)៖ អួង ភិន កើតក្នុងឆ្នាំ១៩៤៩ ភេទប្រុស មានអាយុ ៧២ឆ្នាំ ជាកសិករ រស់នៅភូមិអាជំាង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។​ ភិន មានឪពុកឈ្មោះ អួង ផាត, ម្ដាយឈ្មោះ អ៊ុំ មុត និងជាកូនទោលក្នុងគ្រួសារ។

នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ ភិន បានឈប់រៀនត្រឹមថា្នក់ទី៧ចាស់ នៅសាលាវត្តសិរីជោតវ័ន ដោយសារស្រុកទេសមានចលាចល។ នៅឆ្នាំ១៩៧៣ ភិន បានភៀសខ្លួនទៅរស់នៅ និងធ្វើការស៊ីឈ្នួលនៅទីក្រុងភ្នំពេញ ក្រោយពីមានការទម្លាក់គ្រាប់បែកនៅភូមិកំណើត, ភ្នំតាម៉ៅ, ឃុំត្រពាំងសាប និងព្រៃលើ ធ្វើឲ្យខូចខាតផ្ទះសំបែង និងវាលស្រែចម្ការរបស់ប្រជាជន។ អំឡុងពេលនោះ ចលនាខ្មែរក្រហមបានប្រកាសថានឹងរំដោះប្រទេសជាតិចេញពីចក្រពត្តិនិយម ធ្វើឲ្យគាត់សង្ឃឹមថាស្រុកទេសនឹងមានសុខសាន្តត្រាណ។

បន្ទាប់ពីខ្មែរក្រហមផ្តួលរលំរបប លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ភិន ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ និងចាត់ទុកជាប្រជាជន១៧មេសា ឬប្រជាជនថ្មី។ ភិន ត្រូវបានប្រជាជនចាស់រើសអើងដោយមិនស្ដីរក និងចោទគាត់ថាជាកម្អែលចក្រពត្តិ។ ភិន និយាយថា ប្រជាជនគ្មានសិទ្ធិដូចរូបគាត់ សូម្បីតែសុំអំបិលក៏គេមិនឲ្យផង។ នៅទីបំផុត អ្វីដែលខ្មែរក្រហមប្រកាស គឺជាការបោកប្រាស់ និងក្លែងក្លាយ។

ខ្មែរក្រហមបានបង្កើតសហករណ៍ ដោយឲ្យប្រជាជនធ្វើការរួម, រស់នៅរួម, និងហូបរួម។ ភិន ដែលមានអាយុប្រហែលជាង២០ឆ្នាំ ត្រូវធ្វើការក្នុងកងចល័តស្រួច និងធ្វើការច្រើនជាងប្រជាជនចាស់ ដោយត្រូវធ្វើជី, ស្ទូងស្រូវ, រែកដី, ជីកព្រែក និងលើកទំនប់ពីភូមិអង្គរហូតដល់ស្ថានីយរថភ្លើងខេត្តតាកែវ។ គាត់ត្រូវជីកព្រែកឲ្យបានតាមការកំណត់ ទើបខ្មែរក្រហមអនុញ្ញាតឲ្យសម្រាក ដូច្នេះខ្មែរក្រហមបានបញ្ឆេះម៉ាស៊ីនភ្លើង និងឲ្យគាត់ជីករហូតដល់ម៉ោង១២យប់អធ្រាត្រ។

ភិន និយាយថា របបអាហារនៅរោងបាយភូមិអង្គ គឺមានតែបបរលាយជាមួយព្រលិតប៉ុណ្ណោះ។ ភិន បន្តថាអង្ករពីរកំប៉ុងដាំបបរមួយខ្ទះ គឺមិនគ្រប់គ្រាន់នោះទេ។ នៅពេលមានជំងឺ ភិន ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យត្រពាំងក្រឡឹង ដែលមានតែថ្នាំរាងដូចអាចម៍ទន្សាយ និងថ្នាំច្រកដបទឹកក្រូចសម្រាប់ព្យាបាលប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៧ ភិន ចូលធ្វើការក្នុងកងនេសាទ។ ភិន ត្រូវធ្វើការទាំងស្គមរីងរៃ និងមិនហ៊ានត្អូញត្អែរសូម្បីតែបន្តិច។

នៅរបបខ្មែរក្រហម ខ្មែរក្រហមតែងតែចាប់ចងប្រជាជន ដោយលើកដាក់លើរទេះសេះ និងអង្គុយសង្កត់ពីលើយកទៅកសាង(សម្លាប់) នៅវិហារ វត្តកកោះ។ អ្នកទាំងនោះ ត្រូវអ្នកផ្សេងរាយការណ៍ថា មានជាប់ខ្សែបណ្ដាញក្បត់អង្គការ។

ភិន បានលួចនិយាយជាមួយសមមិត្តយ៉េន ដែលធ្វើការជាមួយក្នុងកងចល័តថា ប្រសិនបើ ខ្មែរក្រហមចាប់ខ្លួនសូមកុំឆ្លើយដោយចោទគ្នាទៅវិញទៅមក។ ក្រោយមក ដោយសារការរស់នៅដោយភាពភិតភ័យ និងសង្ស័យថាខ្មែរក្រហមនឹងយកខ្លួនទៅសម្លាប់ ដែលធ្វើឲ្យប្រពន្ធកូនអាចមានគ្រោះថ្នាក់ដល់ជីវិត សមមិត្តយ៉េន បានសម្រេចចិត្តចងកសម្លាប់ខ្លួន។ ភិន និយាយថា ជីវិតនៅពេលនោះគឺសែនពិបាក។

នៅពេលទៅរើសស្លឹកឈើ ភិន បានឃើញប្រជាជនជីករណ្ដៅជាច្រើន ដែលទំហំដប់ម៉ែត្របួនជ្រុង ក្រោមការបញ្ជារបស់កងទ័ពវ័យក្មេង។ ភិន និយាយថា កងទ័ពវ័យក្មេងទាំងនោះ គឺជាអ្នកចងស្លាបសេក និងចាប់ប្រជាជនយកទៅវាយទម្លាក់រណ្ដៅ។ នៅពេល ភិន បានដឹងអំពីរឿងនេះ គាត់ធ្វើជាឆ្កួត ឬសតិមិនគ្រប់។ ភិន រំឮកថា គាត់តែងតែសង្ស័យជារៀងរាល់យប់ និងគិតក្នុងចិត្តថា ប្រហែលជាស្អែកគាត់នឹងត្រូវដល់វេនរបស់គាត់ហើយ។

នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានរៀបការដោយបង្ខំ ដែលមានរហូតដល់៥០គូក្នុងពេលតែមួយ។ ខ្មែរក្រហមចាត់តាំងឲ្យ ភិន រៀបការទាំងគាត់មិនបានដឹងជាមុននោះទេ។ ភិន និយាយថាប្រជាជនថ្មី ត្រូវរៀបការនឹងប្រជាជនថ្មី ចំណែកប្រជាជនចាស់ត្រូវរៀបការនឹងប្រជាជនចាស់ដូចគ្នា។​ ខ្មែរក្រហមបានផ្គូផ្គងគាត់ជាមួយប្រពន្ធឈ្មោះ យិន រឿន។

បន្ទាប់ពីរៀបការរួច ភិន ត្រូវបានខ្មែរក្រហមតាមដានដល់ក្រោមផ្ទះ។ ភិន និយាយថា បើគាត់រស់នៅមិនចុះសម្រុងគ្នានោះទេ កងឈ្លបនឹងយកទៅកសាង។ ក្រោយពីរៀបការបានពីរទៅបីថ្ងៃ ភិន ត្រូវព្រាត់ប្រាសប្រពន្ធ និងបន្តទៅធ្វើការនៅក្នុងកងនេសាទ។

បន្ទាប់ពីរៀបការអស់រយៈពេលបីខែ នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ ភិន បានប្រកបរបរនេសាទ និងធ្វើស្រែចម្ការ និងក្រោយមក គាត់មានកូនចំនួនប្រាំនាក់។ សព្វថ្ងៃ ភិន មានជំងឺរលាកក្រពះវៀន៕

សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin