លាប់ ស្រី៖ ប្រធានភូមិខ្មែរក្រហមនិងកូនកំព្រា

(កណ្ដាល)៖ លាប់ ស្រី ភេទស្រី មានអាយុ ៦៣ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស្រី មានភូមិកំណើតនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ស្រី មានឪពុកឈ្មោះ សៅ ណាំ, ម្ដាយឈ្មោះ ទឹម ផុន និងមានបងប្អូនចំនួនបួននាក់។
កាលពីកុមារភាព គ្រួសាររបស់ស្រី បានទៅរស់នៅឃុំកណ្ដោជ្រុំ ស្រុកត្បូងឃ្មុំ។ នៅទីនោះ ស្រី បានឈប់រៀនត្រឹមថ្នាក់ទី១១។ ក្រោយមក ស្រី បានចាកចេញពីឪពុកម្ដាយនៅអាយុ ៩ឆ្នាំ មកធ្វើការនៅផ្ទះរបស់គ្រួសារចិន នៅទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមបានជម្លៀសស្រីចេញពីទីក្រុងភ្នំពេញ។ នៅពេល ស្រី ដើរមកដល់ម្តុំច្បារអំពៅ ស្រី បានជួបមីងម្នាក់ ជួលផ្ទះរបស់គ្រួសារចិន ដែលស្រីធ្វើការឱ្យ។ ហើយដោយសារតែអាណិត ស្រី មីងនោះបានហៅគាត់ទៅជាមួយ។
នៅពេលទៅដល់វត្តត្នោត ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ប្រធានភូមិខ្មែរក្រហម ឈ្មោះ តាភួង បានសួរមីងនោះអំពី ស្រី។ មីងម្នាក់នោះបានប្រាប់ តាភួង ថា ស្រីត្រូវជាក្មួយរបស់គាត់។ មិនយូរប៉ុន្មាន ប្រធានភូមិខ្មែរក្រហមនោះ បានមកសួរអំពីប្រវត្តិរូបរបស់ស្រី ដោយ ស្រី និយាយថា “ខ្ញុំកូនកំព្រា…ខ្ញុំធ្លាប់ស៊ីឈ្នួលគេ ហើយខ្ញុំបែកម្ចាស់[ដែល]នៅជាមួយ ខ្ញុំមកជួបអ៊ីហ្នឹងនៅច្បារអំពៅ គាត់ហៅខ្ញុំមក មកតាមគាត់ទៅ ពីព្រោះអ៊ីហ្នឹងនៅជួលផ្ទះម្ចាស់ដែលខ្ញុំនៅជាមួយហ្នឹង”។ ប្រធានភូមិខ្មែរក្រហម បានយកស្រីទៅរស់នៅជាមួយនៅផ្ទះរបស់ប្រធានភូមិ។
ដំបូងឡើយ ស្រី មានការភ័យខ្លាច និងយំ ដោយគិតថានឹងត្រូវប្រធានភូមិធ្វើបាប។ នៅពេលទៅរស់នៅជាមួយប្រធានភូមិ ស្រី ទទួលបានក្រមានិងសំពត់ ព្រមទាំងមានគ្រែ និងបន្ទប់សម្រាប់រស់នៅ។ ស្រី រស់នៅជាមួយប្រធានភូមិ, អនុប្រធានភូមិ, លេខាប្រធានភូមិ, ពេទ្យពីរនាក់ ដែលមានឈ្មោះ អេង និងអិត (ប្រជាជនមូលដ្ឋាន) និងក្មេងស្រីកំព្រាបួននាក់ទៀត។ ស្រី និយាយថា “គេលើកស្ទួយ អ្នកស៊ីឈ្នួលគេ”។ ប្រធានភូមិបានចាត់ឲ្យ ស្រី ដែលមានជំងឺ នៅផ្ទះធ្វើថ្នាំរាងដូចអាចម៍ទន្សាយ ដែលមានពណ៌ខ្មៅ ដោយមិនចាំបាច់ទៅរែកដីនៅការដ្ឋានទេ។
ជារៀងរាល់ថ្ងៃ ស្រី ត្រូវហាល, បុក និងកិនគ្រាប់ស្លែងឲ្យហ្មត់ បន្ទាប់មកយកទៅកម្លោច លាយជាមួយទឹក និងអង្ករដំណើរខ្មៅ ហើយបោះពុម្ពថ្នាំ ដោយប្រើសំបកគ្រាប់កាំភ្លើង។ បន្ទាប់មកទៀត ស្រី យកថ្នាំទាំងនោះច្រកដាក់ស្មុគ។ ស្រី បន្ដថា អេង និងអិត តែងតែដាំទឹកក្តៅមួយឆ្នាំង និងយកថ្នាំទាំងនោះទៅចែកប្រជាជននៅការដ្ឋាន។ ក្រៅពីធ្វើថ្នាំ ស្រី ក៏ត្រូវដាំស្លឲ្យប្រធានភូមិហូប។
នៅពេលប្រធានភូមិចេញទៅធ្វើការ ស្រី និយាយថា អេង និងអិត បានបបួលគាត់យកសណ្តែកបាយនៅក្នុងឃ្លាំងមកធ្វើបបរហូប។ ស្រី បន្តថា នៅក្នុងឃ្លាំងរបស់ប្រធានភូមិ គឺសម្បូរទៅដោយស្ករ, សណ្តែកបាយ និងសណ្ដែកអង្គុយ។ ក្នុងមួយថ្ងៃ ស្រី ហូបអាហារបីពេល ដោយហូបបបរនៅពេលព្រឹក ចំណែកនៅពេលថ្ងៃ និងពេលល្ងាច គាត់ហូបបាយមួយចានជាមួយត្រីអាំងពីរ។ ស្រី រៀបរាប់ថា “[ខ្ញុំ]អត់ដែលស្គាល់សេចក្តីពិបាកម៉េចផង”។
នៅចុងឆ្នាំ១៩៧៨ ប្រធានភូមិបាននាំស្រី ទៅរស់នៅជាមួយម្ដាយចិញ្ចឹមរបស់ស្រីនៅខាងទន្លេបាទី។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ស្រី បានដឹងថាគ្រួសាររបស់មីងដែលនាំគាត់មកខេត្តតាកែវ និងគ្រួសារចិនដែលគាត់ធ្វើការជាមួយ ត្រូវបានខ្មែរក្រហមសម្លាប់ទាំងគ្រួសារ។ ម្ដាយបង្តើតរបស់ស្រី ដែលនៅរស់រានជីវិតពីរបបខ្មែរក្រហម បានប្រាប់គាត់ថា ឪពុកបង្កើតរបស់ស្រី បានស្លាប់នៅពេលខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ។
ក្រោយមក ស្រី បានបន្តរស់នៅជាមួយម្ដាយចិញ្ចឹមនៅខេត្តតាកែវ។ នៅឆ្នាំ១៩៨២ ស្រី បានរៀបការនិងក្រោយមកមានកូនចំនួនពីរនាក់៕
សម្ភាសដោយ ថន ពុធដារ៉ូ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦

