សេក គីម៖ មេកងចូលចិត្តខ្ញុំជាងគេ

(កណ្ដាល)៖ សេក គីម ភេទស្រី មានអាយុ ៥០ឆ្នាំ រស់នៅ និងមានភូមិកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គីម មានឪពុកឈ្មោះ សន, ម្ដាយឈ្មោះ គឿន និងមានបងប្អូនចំនួនបីនាក់ ដែលសុទ្ធតែអាចរស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់។ គីម និយាយថា គាត់មិនចងចាំអំពីរបបខ្មែរក្រហមច្រើននោះទេ ដោយសារគាត់មានវ័យក្មេងនាពេលនោះ។
នៅរបបខ្មែរក្រហម គីម និងបងប្រុសធ្វើការក្នុងកងកុមារ ដែលមានសមាជិកជាច្រើនរយនាក់ នៅស្រុកកណ្ដាលស្ទឹង។ នៅម៉ោង៣យប់ គីម ត្រូវក្រោកទៅកាប់ទន្រ្ទានខេត្ត។ គីម និយាយថា ដោយសារគាត់តូចជាងគេនៅក្នុងកងកុមារ មេកងស្រលាញ់ និងចូលចិត្តគាត់ជាងគេ ដោយហៅគាត់ថាកូន។ នៅពេល គីម ទូលទន្ទ្រានខេត្តមិនរួច មេកងជាអ្នកជួយទូលជំនួស។ គីម និយាយថា មេកងនោះស្លូតណាស់។ នៅថ្ងៃមួយ គីម បានធ្លាក់ពីវិហារនិងយំ នៅពេលនោះ មេកងបានលួងគាត់ ដោយឲ្យនំគាត់ហូប។
ក្នុងមួយថ្ងៃ គីម មានរបបអាហារពីរពេល គឺនៅពេលថ្ងៃត្រង់ និងពេលល្ងាច។ គីម ចាំថាគាត់ហូបបបរ ហើយមិនបានគ្រប់គ្រាន់នោះទេ។ នៅពេលយប់ គីម ត្រូវសម្រាកនៅក្នុងរោងកុមារ ដែលមានមង និងគ្រែឫស្សី។ គាត់មិនត្រូវបានអនុញ្ញាតឲ្យត្រលប់មកជួបម្ដាយនោះទេ។
នៅឆ្នាំ១៩៧៩ ក្រោយពីរបបខ្មែរក្រហមដួលរលំ ម្ដាយរបស់គីម បានមករកនិងនាំគាត់ទៅរស់នៅភូមិកន្ទួត។ ក្រោយមក គីម មានប្តីឈ្មោះ ណន (ស្លាប់) និងមានកូនម្នាក់៕
សម្ភាសដោយ ថន ពុធដារ៉ូ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦

