ជា សុផល៖ ដកតួនាទីជាប្រធានភូមិចេញ រួចជម្លៀសទៅភូមិអង្គក្ដី

ជា សុផល អាយុ៧១ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ប្ដីរបស់សុផល គឺជាប្រធានភូមិ ដឹងនាំប្រជាជនធ្វើការងារផ្សេងៗ។ ប៉ុន្តែដោយសារប្ដីសុផល មានការយោគយល់ច្រើនជាមួយប្រជាជនក្នុងភូមិ និងបានរៀបចំកន្លែងស្នាក់នៅឲ្យប្រជាជន ១៧ មេសាជាច្រើននាក់ ទើបអង្គការទិតៀនថាគាត់ នៅនិយមបុគ្គល ចិត្តមិនដាច់ជាមួយប្រជាជន និងបានដកតួនាទីជាមេភូមិចេញ។ បន្ទាប់មក នៅពេលដែលចាត់តាំងមេភូមិថ្មីរួច អង្គការបានជម្លៀសគ្រួសារសុផល ឲ្យទៅរស់នៅភូមិអង្គក្ដី។
នៅភូមិអង្គក្ដី សុផល ត្រូវចេញទៅធ្វើការងារ ស្ទូង, ដក និងច្រូត តាមការចាត់តាំងរបស់អង្គការនៅក្នុងកង និងបានត្រលប់មកសម្រាកជាមួយកូនតូចៗរបស់គាត់ពេលយប់ ហើយប្ដីរបស់គាត់ត្រូវបញ្ជូនឲ្យទៅកោះព្នៅ ដើម្បីធ្វើការនេសាទត្រី។ ចំណែកកូនរបស់សុផល ដែលមានអាយុច្រើនល្មម អង្គការបានចាត់តាំងឲ្យទៅក្នុងកងកុមារ ដើម្បីធ្វើការងារជាមួយអង្គការ។ ពេលចេញទៅធ្វើការងារ ប្ដីរបស់សុផល អាចសុំអង្គការមកលេងផ្ទះ ឬមកមើលប្រពន្ធកូនបានយូរៗម្ដង និងមានរយៈពេលខ្លី។
នៅក្នុងសហករណ៍ សុផល ត្រូវធ្វើការងារហត់នឿយពេញមួយថ្ងៃ និងជារៀងរាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ និងប្រជាជនទទួលបានពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយលើកទីមួយនៅម៉ោងប្រមាណ១១ថ្ងៃត្រង់ និងលើកទីពីរម៉ោងប្រមាណ៥ល្ងាច។ នៅក្នុងរោងបាយ អាហារភាគច្រើនដែលអង្គការចម្អិនសម្រាប់ប្រជាជន គឺបបររាវៗបន្តិចបន្តួច ដែលជាហេតុធ្វើឲ្យសុផល និងកូនៗជាច្រើននាក់ជួបប្រទះនូវការអត់ឃ្លានខ្លាំង។
នៅចុងខែធ្នូឆ្នាំ១៩៧៩ មុនពេលរបបខ្មែរក្រហមដួលរលំ អង្គការបានរៀបគម្រោងយកប្រជាជនទៅសម្លាប់ទម្លាក់ក្នុងអាងធំមួយក្បែរភូមិ។ មុនពេលអនុវត្តផែនការណ៍ អង្គការបានបង្ខំឲ្យប្រជាជនជីកអាងធំនោះឲ្យរួចរាល់ ទើបរៀបចំធ្វើនំបញ្ចុកឲ្យប្រជាជនហូបជុំគ្នា ប៉ុន្តែជាសំណាងល្អ ស្រាប់តែមានការរំដោះកើតឡើង ហើយរបបខ្មែរក្រហមបានដួលរលំ។
បើទោះបីជារបបខ្មែរក្រហមកន្លងផុតទៅជាយូរក្ដី ផលប៉ះពាល់នៃការធ្វើការងារធ្ងន់ និងហូបមិនគ្រប់គ្រាន់នោះបានធ្វើឲ្យ សុផល មានជំងឺប្រចាំកាយមួយចំនួនដូចជា រលាកសួត, ក្រពះពោះវៀន, លើសអាស៊ីត, លើសឈាម និងឈឺក្បាលជង្គង់។ ជំងឺដែលបានរៀបរាប់ខាងលើនេះ បានធ្វើឲ្យសុផល មានអាការៈក្អក ឬក្ដៅខ្លួនក្ដៅខ្លួនជាញឹកញាប់ និងបានធ្វើឲ្យគាត់ឈឺក្រពះនៅពេលដែលហូបអាហារនៅម៉ោងប្រមាណ១១កន្លះ ទៅ១២ ថ្ងៃត្រង់។ ដើម្បីព្យាបាលជំងឺ សុផល បានទៅទិញថ្នាំពីពេទ្យក្បែរផ្ទះយកមកទុកលេបរាល់ថ្ងៃ បើមិនដូច្នេះទេ រាងកាយរបស់គាត់ចុះខ្សោយ ភ្នែកចាប់ផ្ដើមស្រវាំង និងរោយកញ្ចឹងកខ្លាំង។ ក្រៅពីការលេបថ្នាំ សុផល បានទៅចាក់ថ្នាំ និងព្យូរសេរ៉ូម នៅពេលដែលជំងឺរបស់គាត់ធ្ងន់ធ្ងរ និងប្រើប្រាស់ថ្នាំខ្មែរ ឬប្រើប្រាស់ពន្លៃ ដើម្បីរឺតជើងបន្ថែម។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

