យ៉ែម លី៖ ប្រជាជន៦០គូរៀបការនៅសំរោងយ៉ោង

(តាកែវ)៖ យ៉ែម លី ភេទស្រី មានអាយុ ៦២ឆ្នាំ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ លី មានឪពុកឈ្មោះ យ៉ែម, ម្ដាយឈ្មោះ យ៉ូ និងមានបងប្អូនចំនួនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។
នៅរបប លន់ នល់ លី មិនបានរៀនសូត្រនោះទេ ដោយសារមានការទម្លាក់គ្រាប់បែកនៅភូមិអង្គ និងភូមិព្រៃលើ។ បន្ទាប់មក លី និងឪពុកម្ដាយ បានរត់ភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។
នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមដែលចូលកាន់កាប់ទីក្រុងភ្នំពេញ បានជម្លៀស លី និងឪពុកម្ដាយមកភូមិកំណើត និងចាត់ទុកគាត់ជាប្រជាជន១៧មេសា ឬប្រជាជនថ្មី។ លី ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការក្នុងកងចល័ត ដោយត្រូវព្រាត់ប្រាសពីឪពុកម្ដាយ។ បន្ទាប់ពី លី ធ្វើការអស់រយៈពេលជាច្រើនថ្ងៃ ទើបគាត់អាចស្កាត់ទៅជួបឪពុកម្ដាយបានម្តងម្កាលនៅសហករណ៍។
លី ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយទៅជីកព្រែក និងលើកទំនប់ទាំងយប់ទាំងថ្ងៃនៅសំរោងយ៉ោង។ លី និយាយថា របបអាហារ គឺមានតែបបរលាយជាមួយពោតមួយចានតូចប៉ុណ្ណោះ។ បន្ទាប់ពីរដូវច្រូតកាត់ ទើបខ្មែរក្រហមចែកបាយឲ្យប្រជាជនហូបជាមួយសម្លព្រលិត, សម្លត្រកួន ឬសម្លត្នោត។
នៅរបបខ្មែរក្រហម លី និងប្រជាជនប្រមាណជាង៦០គូត្រូវខ្មែរក្រហមហៅទៅប្រជុំ និងចាត់តាំងឲ្យរៀបការដោយបង្ខំនៅសំរោងយ៉ោង។
ក្រោយពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ប្ដីរបស់គាត់ដែលធ្វើជាសេនាជនបានស្លាប់ ស្របពេលដែល លី មានកំពុងមានផ្ទៃពោះ។ ក្រោយមក លី បានរៀបការសាជាថ្មី និងមានកូនចំនួនប្រាំមួយនាក់ ក្នុងនោះមានកូនស្រីពីរនាក់។ សព្វថ្ងៃ លី មានជំងឺប្រចាំកាយ និងរស់នៅជាមួយកូនចៅ៕
សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥

