អង្គការកំណត់ឲ្យខ្ញុំមួយថ្ងៃ បីនាក់ជីកដីឲ្យបាន១០ម៉ែត្រការ៉េ

(ខេត្តស្វាយរៀង) ពេជ គៀន មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ គៀន មានបងប្អូនចំនួន៨នាក់ ក្នុងនោះបងប្រុសម្នាក់បានបាត់បង់ជីវិតដោយសារតែខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើទ័ព។
នៅក្នុងរបបខ្មែរក្រហម គៀន មានអាយុប្រមាណជា១៥ឆ្នាំ អង្គការបានតម្រូវឲ្យទៅរានព្រៃ គាស់គស់ជើង និងឫសប្រចាក់ នៅក្នុងកងចល័តនារីក្នុងភូមិកំរ៉ែង។ ក្រោយមកអង្គការបានជម្លៀស គៀន ទៅភូមិអង្គប្រស្រែ នៅនោះត្រូវ រែកដី ជីកប្រឡាយ លើកភ្លឺស្រែ គ្មានពេលសម្រាក និងថ្ងៃខ្លះត្រូវស្នាក់នៅតាមខ្នមតូចៗលើភ្លឺស្រែ។ គៀន បានរំឭកថាការងារជីកប្រឡាយអង្គការបានកំណត់ផែនការក្នុងមួយថ្ងៃចំនួនដប់ម៉ែត្រការ៉េ ក្នុងមួយក្រុមបីនាក់។ ការកំណត់នេះ គៀន និងសមាជិកក្នុងក្រុមត្រូវងើបតាំងពីម៉ោង៤ភ្លឺ ដើម្បីជីកដីឲ្យគ្រប់តាមផែនការ។ ចំណែករបបអាហារទទួលបានបបរពីរ (ពេលថ្ងៃ និងល្ងាច)។ ការហូបអាហារមិនគ្រប់គ្រាន់បានធ្វើឲ្យ គៀន ឈឺ ជាញឹកញាប់។ នៅពេលឈឺ គៀន អាចនៅដេកសម្រាកពេទ្យបាន មួយទៅពីរថ្ងៃ ជាសំណាងល្អនៅពេលឈឺគាត់មានអ្នកធ្លាប់ស្គាល់បានផ្តល់ចេកហូបបន្ថែមពីលើរបបបបរ។ ទោះបីមិនជាសះស្បើយ គៀន ក៏ត្រូវទៅធ្វើការងាយវិញដែរព្រោះខ្លាចអង្គការចោទប្រកាន់ថាឈឺពុត ដើម្បីគេចពីការងារ។
នៅរដូវវស្សាការងាររបស់គៀន អង្គការតម្រូវឲ្យទៅជញ្ជូនសំណាប និងស្ទូងស្រូវ។ អង្គការបានកំណត់មួយថ្ងៃក្នុងមួយក្រុមត្រូវស្ទូងស្រូវឲ្យបានមួយហិកតា។ ចំណែកឪពុកម្តាយ និងចាស់ៗក្នុងភូមិត្រូវវិញខ្សែគោ និងមួយចំនួនត្រូវមើលថែទាំក្មេងៗនៅក្នុងកងកុមារ។ ក្រោយពីរបបខ្មែរក្រហមដួលរលំ គៀន និងគ្រួសារមានឱកាសមករស់នៅស្រុកកំណើតវិញ ប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត៕
សម្ភាសន៍ដោយ យ៉េត ស្រីលាក់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង


