ព្រំ សារ៉េត៖ ស្វាយមួយដើម

(កណ្ដាល)៖ ព្រំ សារ៉េត ភេទស្រី មានអាយុ៦១ឆ្នាំ ជាកសិកររស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ សារ៉េត មានបងប្អូនចំនួនដប់នាក់ ក្នុងនោះស្រីចំនួនបីនាក់។
នៅទសវត្សរ៍ឆ្នាំ១៩៦០ សារ៉េត រស់នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង។ កាលពីកុមារភាព សារ៉េត មិនបានរៀនសូត្រនោះទេ ដោយសារមានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោង។ សារ៉េត ចងចាំថា គាត់ត្រូវរត់លូនដោយសារសង្គ្រាម។
នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចទូទាំងប្រទេស សារ៉េត ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការក្នុងកងចល័ត ដោយត្រូវលើកទំនប់ទួលក្រសាំងឲ្យបានបួនម៉ែត្រគូបក្នុងមួយថ្ងៃ។ នៅតាមដងផ្លូវទៅទំនប់ទួលក្រសាំង សារ៉េត ត្រូវដាំដើមស្វាយ។ សារ៉េត និយាយថា សមាជិកម្នាក់ត្រូវដាំដើមស្វាយមួយដើម ប្រសិនបើដើមស្វាយងាប់ នោះអ្នកដែលដាំដើមស្វាយនឹងត្រូវខ្មែរក្រហមយកទៅសម្លាប់។
ក្រោយមក សារ៉េត និងសមាជិក១៥នាក់ត្រូវទៅដកស្ទូងនៅឃុំតាលន់ឲ្យបានមួយហិចតាក្នុងមួយថ្ងៃ។ សារ៉េត និយាយថា ប្រសិនបើគាត់ធ្វើមិនបានតាមផែនការដែលខ្មែរក្រហមកំណត់ នោះខ្មែរក្រហមនឹងយកគាត់ទៅវាយសម្លាប់នៅកោះគរ។ នៅពេលទំនប់បាក់ សារ៉េត ត្រូវទៅទប់ទំនប់ទាំងថ្ងៃទាំងយប់។ ក្រោយមក សារ៉េត ត្រូវបន្តទៅលើកទំនប់ និងជាន់រហាត់ទឹកនៅអាងបឹងកើត។
ជារៀងរាល់ថ្ងៃ សារ៉េត ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ នៅពេលព្រឹក ខ្មែរក្រហមចែកចេក ឬពោតឲ្យម្នាក់ចំនួនពីរផ្លែ។ នៅពេលថ្ងៃត្រង់ ខ្មែរក្រហមយកសម្លស្ងោរត្រកួន និងបាយដាក់ក្នុងស្មុកមកចែកនៅការដ្ឋានក្នុងឃុំប្រាសាទ។ សារ៉េត និយាយថាសម្លមួយចានដែក គឺសម្រាប់ឲ្យសមាជិកដប់នាក់ហូប ហើយអ្នកដែលហូបលឿន គឺហូបបានច្រើន។
បន្ទាប់ពីហូបរួច សារ៉េត បានសម្រាកមួយម៉ោង។ នៅពេលសម្រាក សារ៉េត បានឆ្លៀតទៅរកក្ដាម ត្រី ឬបន្លែដូចជាមើមឈូកយកមកហូប។ ប្រសិនបើគណៈកងឃើញនោះ គណៈកងនឹងហៅទៅណែនាំ ហើយប្រសិនបើគាត់នៅតែបន្តលួចហូបនោះ គណៈកងនឹងយកគាត់ទៅវាយសម្លាប់។
ប្រជាជន១៧មេសាជាច្រើន ត្រូវបានខ្មែរក្រហមហៅទៅកសាង និងយកទៅវាយសម្លាប់ ដោយសារលួចហូប។ សារ៉េត និយាយថា ស្រូវដែលប្រមូលផលបាន គឺត្រូវខ្មែរក្រហមដឹកយកទៅប្រទេសចិន ដើម្បីដោះដូរយកកាំភ្លើង។ នៅរបបខ្មែរក្រហម សារ៉េត ត្រូវធ្វើបង្គីដោយខ្លួនឯង និងសម្រាន្តនៅក្នុងព្រៃ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បងប្រុសទី១ និងទី២របស់សារ៉េត ដែលជាមេកងនៅសហករណ៍ បានបាត់ខ្លួននៅភូមិព្រែកថ្មី។ សារ៉េត និយាយថា អ្នកទាំងពីរបានគេចខ្លួន និងបាត់ដំណឹងរហូតមក។ នៅចុងឆ្នាំ១៩៧៩ សារ៉េត បានរៀបការ និងប្រកបរបរធ្វើស្រែចម្ការរហូតមកទល់បច្ចុប្បន្ន៕
សម្ភាសដោយ ស៊្រុន លីគួង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦

