អ៊ិន សុខា៖ កសាងលើកទី៣

(កណ្ដាល)៖ អ៊ិន សុខា ភេទប្រុស មានអាយុ ៥៣ឆ្នាំ។ សុខា រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សុខា មានភូមិកំណើតនៅភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ សុខា មានឪពុកឈ្មោះ អ៊ិន សែម, ម្ដាយឈ្មោះ ហ៊ឹម ខន និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះស្រី៣នាក់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់ទុក សុខា ជាប្រជាជនចាស់ និងចាត់តាំងឲ្យគាត់ធ្វើការក្នុងកងកុមារ។ សុខា ត្រូវឃ្វាលគោក្របី, ដេញចាប, រែកដី, កាប់ទន្ទ្រានខេត្ត, ប្រមូលអាចម៍គោ និងធ្វើជី។ ជារៀងរាល់ថ្ងៃ សុខា ត្រូវធ្វើការតាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ព្រឹក ទើបគាត់បានសម្រាកហូបអាហារ។ បន្ទាប់មក សុខា ត្រូវធ្វើការបន្តរហូតដល់ពេលល្ងាច។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៦ ប្រធានកងបានកាប់គោក្របី និងរៀបចំពិធីជប់លៀង។ សុខា និយាយថា ពិធីជប់លៀងបែបនេះ ក្នុងមួយឆ្នាំមានតែម្តងប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៨ ប្រធានសហករណ៍នៅភូមិសសីបានជម្លៀស សុខា ឲ្យទៅរស់នៅភូមិបត់ត្រង់ ឃុំកោះថ្កូវ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សុខា និយាយថា ខ្មែរក្រហមដាំបបរសម្រាប់សមាជិក២០នាក់ ដោយដាក់អង្ករតែមួយកំប៉ុងប៉ុណ្ណោះ។ នៅរដូវវស្សា សុខា ទទួលបានបបរហូប។ ចំណែកនៅរដូវប្រាំង សុខា ទទួលបានបាយលាយជាមួយត្រកួន ឬដើមចេក។ ដូច្នេះ ដោយសារការហូបចុកមិនគ្រប់គ្រាន់ សុខា តែងតែលួចចេក ឬដំឡូងយកទៅលាក់ទុកក្នុងពាង ដើម្បីឲ្យឪពុកម្ដាយរបស់គាត់ហូប។
ក្រោយមក សុខា ត្រូវទៅជីកប្រឡាយ និងលើកទំនប់នៅវាលចារ ដែលស្ថិតក្នុងឃុំគោកបន្ទាយ។ ក្រៅពីនេះ សុខា ត្រូវទៅធ្វើការនៅភ្នំដើមផ្កា និងភ្នំនាងកង្រី។ ខ្មែរក្រហមកំណត់ឲ្យ សុខា ជីកប្រឡាយឲ្យបានបណ្ដោយពីរម៉ែត្រ,ទទឹងមួយម៉ែត្រ និងជម្រៅមួយម៉ែត្រ។ បន្ទាប់ពី សុខា ធ្វើបានតាមការកំណត់រួច ខ្មែរក្រហមបញ្ជាឲ្យគាត់ជីកប្រឡាយប្រវែងកន្លះម៉ែត្របន្ថែមទៀត។ នរណាដែលធ្វើការមិនរួចតាមការកំណត់ ឬនរណាដែលលួចហូបនឹងត្រូវខ្មែរក្រហមនាំខ្លួនយកទៅកសាង។ សុខា រៀបរាប់ថា នរណាដែលត្រូវខ្មែរក្រហមហៅទៅកសាងជាលើកទី៣ នោះនឹងត្រូវបាត់ខ្លួន។
ខ្មែរក្រហមតែងតែនាំខ្លួនប្រជាជនយកទៅកសាងនៅភូមិចុងឈើត្រាច ឬនៅភ្នំដើមផ្កា។ ចំណែកនរណាដែលលួចលាក់មានស្នេហានឹងត្រូវខ្មែរក្រហមយកទៅដុតទាំងរស់នៅវត្តទួលវិហារ ដែលជាមន្ទីរឃុំឃាំងអ្នកទោស ស្ថិតក្នុងឃុំកោះថ្កូវ។ សុខា ចងចាំថានៅទីនោះ មានប្រធានឈ្មោះ តាសយ។
សុខា និយាយថា នៅរបបខ្មែរក្រហម មានការរៀបការដោយបង្ខំ ហើយខ្មែរក្រហមរៀបចំម្តងអាចមានរហូតដល់៣០គូ។ ខ្មែរក្រហមបានប្រកាសឈ្មោះប្តីប្រពន្ធថ្មីតាមមេក្រូ ហើយប្តីប្រពន្ធទាំងនោះត្រូវចាប់ដៃ និងបេ្តជ្ញាចិត្តនៅចំពោះមុខអង្គការ។ សុខា បន្តថា នៅពេលយប់ មានឈ្លបតាមដាននៅក្រោមផ្ទះទៀតផង។
នៅឆ្នាំ១៩៧៩ ខ្មែរក្រហមបានចាប់បង្ខំឲ្យ សុខា ធ្វើជាកងទ័ពខ្មែរក្រហម ក្នុងកងហា ដើម្បីទៅប្រយុទ្ធជាមួយកងទ័ពវៀតណាម។ បន្ទាប់ពីបាក់ទ័ព សុខា បានរត់ត្រលប់ទៅភូមិសសី។ នៅឆ្នាំ១៩៨១ សុខា បានរៀបការ។ ក្រោយមក សុខា មានកូនចំនួន៥នាក់ ក្នុងនោះមានស្រី២នាក់៕
សម្ភាសន៍ដោយ ថន ពុធដារ៉ូ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦

