ខ្មែរក្រហមតម្រូវឱ្យហូបបាយរួមគ្នា

ព្រៃវែង៖ ឯក អយ អាយុ ៦៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានរំលឹកពីដំណើរជីវិតក្នុងអតីតកាលដ៏ឈឺចាប់របស់ខ្លួន។
អយ មានដើមកំណើតនៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបានឆ្លងកាត់ការផ្លាស់ប្តូរទីលំនៅជាច្រើនកន្លែង។ អំឡុងពេលមានរដ្ឋប្រហារឆ្នាំ១៩៧០ ការទម្លាក់គ្រាប់បែកបានបំផ្លាញផ្ទះសំបែងរបស់គ្រួសារគាត់រហូតសល់ត្រឹមសរសរមួយដើម។ ខណៈនោះ គ្រួសាររបស់អយ បានភៀសខ្លួនទៅកាន់ព្រែកលួង រួចមករស់នៅភូមិពោធិ៍សាបាងក្នុងឆ្នាំ១៩៧២ និងបានត្រឡប់ទៅភូមិទួលពង្រវិញក្នុងឆ្នាំ១៩៧៣។ នៅក្នុងរបបខ្មែរក្រហម ភូមិទួលពង្រត្រូវបានហៅថាជាតំបន់២១ ស្ថិតក្នុងភូមិភាគបូព៌ា។
នៅចុងឆ្នាំ១៩៧៤ ពេលដែលខ្មែរក្រហមចូលគ្រប់គ្រងភូមិទួលពង្រ អយ មានអាយុ ១៨ឆ្នាំ ដែលជាប្រជាជនមូលដ្ឋានម្នាក់។ ការបំពេញការងារជាកសិករធ្វើស្រែចម្ការទាមទារឱ្យមានកម្លាំងកាយខ្លាំង ព្រោះក្រៅពីការងារស្រែចម្ការ អយ ត្រូវកាប់គាស់គល់ឈើ កាប់ដី និងរែកដីបន្ថែមទៀត។ នៅក្នុងរបបនោះ ការហូបចុកស្ថិតក្រោមការរៀបចំរបស់អង្គការ ដែលកំណត់ឱ្យហូបរួមគ្នា ប៉ុន្តែមិនដែលឆ្អែតឡើយ ដោយមានពេលខ្លះទទួលបានតែដំឡូងប៉ុណ្ណោះ។ ចំពោះផ្នែកសុខាភិបាល នៅពេលមានអ្នកជំងឺ អង្គការមានរៀបចំគ្រូពេទ្យព្យាបាល ប៉ុន្តែគ្រូពេទ្យទាំងនោះគ្មានជំនាញច្បាស់លាស់ឡើយ ព្រោះអ្នកដែលមានចំណេះ ជំនាញគឺត្រូវឈ្លបចាប់យកទៅសម្លាប់ចោល។
អយ បានរៀបរាប់បន្ថែមថា ក្នុងរបបខ្មែរក្រហម គាត់បានបាត់បង់បងប្អូនបង្កើតចំនួនពីរនាក់ ក្នុងនោះម្នាក់ជាយោធាត្រូវបញ្ជូនទៅសមរភូមិហើយបាត់ដំណឹងរហូតមកដល់បច្ចុប្បន្ន និងម្នាក់ទៀតជាកម្មករស៊ីឈ្នួលនៅជ្រោយចង្វារ។ ចំពោះការរៀបអាពាហ៍ពិពាហ៍ គឺមានតែអង្គការប៉ុណ្ណោះដែលមានសិទ្ធិរៀបចំកម្មវិធី ដោយឪពុកម្តាយគ្មានសិទ្ធិសម្រេចឡើយ។ កម្មវិធីត្រូវរៀបចំឡើងនៅក្នុងសហករណ៍ ឬថ្នាក់ឃុំ ដោយតម្រូវឱ្យគូស្វាមីភរិយាឡើងប្តេជ្ញាចិត្តស្មោះស្ម័គ្រចំពោះមុខអង្គការ។
អយ បានបញ្ជាក់ទៀតថា ការសម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហម ភាគច្រើនធ្វើឡើងនៅទីតាំងមួយកន្លែងហៅថា តំបន់គ្រប់លក្ខណ៍។ រីឯការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ បានកើតឡើងពិតប្រាកដក្នុងរបបនោះ តាមរយៈការចាប់ផ្សឹកព្រះសង្ឃដើម្បីបញ្ជូនទៅធ្វើទ័ព និងខ្លះទៀតបញ្ជូនឱ្យទៅធ្វើពលកម្ម។ ចំណែកព្រះវិហារ និងវត្តអារាមវិញ ត្រូវបានរងការវាយកម្ទេចដើម្បីប្រែជាកន្លែងស្នាក់នៅរបស់កងចល័ត និងជាទីតាំងដាក់ស្រូវ។ បច្ចុប្បន្ននេះ អយ មានជំងឺប្រចាំកាយគឺ ឈឺចង្កេះ និងចុកចាប់ដៃជើង។
សម្ភាសន៍ដោយ៖ ចូច ចរិយា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







