បងប្រុសស្លាប់នៅភ្នំឈើកាច់

(ខេត្តស្វាយរៀង) នេត សុខា អាយុ ៥៩ ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សុខា មានឪពុកឈ្មោះ នេត វង និងម្តាយឈ្មោះ សោម ស្រី ហើយគាត់ជាកូនទី៦ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨ នាក់។ សុខា មិនបានទទួលការសិក្សារៀនសូត្រទេ ហើយបច្ចុប្បន្នរស់នៅជាមួយកូនៗ និងប្រកបរបរជាកសិករ។
សុខា បានរៀបរាប់ថា របបខ្មែរក្រហម គឺជារយៈពេលដ៏លំបាក និងឈឺចាប់បំផុតក្នុងជីវិតដែលគាត់បានជួបប្រទះ។ គ្រួសាររបស់សុខាត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ហើយផ្ទះរបស់គាត់ធ្លាប់រស់នៅត្រូវបានរុះរើយកទៅធ្វើជារោងបាយ និងទីតាំងសម្រាប់សហករណ៍។ ក្នុងអំឡុងពេលនោះ សុខា តម្រូវឱ្យឃ្វាលគោ ឃ្វាលក្របី និងធ្វើស្រែ ប្រសិនបើបំពេញការងារមិនបានតាមការកំណត់ ត្រូវកាត់របបអាហារ ឬបង្អត់បាយ។
ដោយសារការខ្វះខាតអាហារយ៉ាងធ្ងន់ធ្ងរ សុខា និងក្រុមគ្រួសារបានលួចជីកទំពាំង បន្លែព្រៃ និងមើមដំឡូងមកហូប ដោយមិនឱ្យអង្គការដឹង។ ម្តាយរបស់សុខា តែងតែយករបបអាហារបស់ខ្លួនមកចែកឱ្យកូនៗ។ សុខា បានរំឭកថា គាត់ និងក្រុមគ្រួសារក៏ត្រូវបានអង្គការជម្លៀសពីមួយកន្លែង ទៅមួយកន្លែងនៅក្នុងខេត្តស្វាយរៀង។ គាត់ រៀបរាប់ថាអង្គការបានបំបែកសមាជិកគ្រួសារដោយឪពុកម្តាយត្រូវទៅជីករែកដី ជីកប្រឡាយ លើកទំនប់ និងជីកស្រះ ខណៈកុមារត្រូវបានបំបែកឱ្យរស់នៅជាមួយកងកុមារ ដើម្បីឃ្វាលគោក្របី រើសអាចម៍គោ និងធ្វើការងារផ្សេងៗ។ សុខា បានឃើញបងប្អូនរបស់ខ្លួនខ្លះធ្លាក់ខ្លួនឈឺដោយសារការងារធ្ងន់ និងការខ្វះអាហារ ប៉ុន្តែនៅតែត្រូវបង្ខំឱ្យបន្តធ្វើការងារ។ ចំណែកបងប្រុសរបស់គាត់ដែលបានចូលបម្រើក្នុងកងទ័ពខ្មែរក្រហម ត្រូវបានបញ្ជូនទៅកាន់សមរភូមិ ហើយក្រោយមានអ្នកមកប្រាប់ថា ត្រូវបានសម្លាប់ និងទម្លាក់ចូលអន្លង់នៅតំបន់ភ្នំឈើកាច់។ ទោះបីជាគាត់មិនបានឃើញផ្ទាល់ក៏ដោយ ព័ត៌មាននេះបានធ្វើឱ្យគ្រួសារមានការឈឺចាប់យ៉ាងខ្លាំង។ នៅវត្តត្រពាំងធំ សុខា បានឃើញការបំផ្លាញវត្តអារាម និងមានព្រះពុទ្ធបដិមាជាច្រើនត្រូវបានវាយកម្ទេច និងទម្លាក់ចូលក្នុងស្រះទឹក។ ចំណែកសកម្មភាពការគោរពប្រណិប័តន៍សាសនាត្រូវបានលុបបំបាត់ ហើយខ្មែរក្រហមមិនអនុញ្ញាតឱ្យមានការគោរពជំនឿសាសនាឬធ្វើបុណ្យនោះទេ។
ក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះទើប សុខា អាចវិលត្រឡប់មករស់នៅស្រុកកំណើត និងចាប់ផ្តើមការងារកសិកម្មវិញ។ បច្ចុប្បន្ន គាត់មានជំងឺវិលមុខ លើសសម្ពាធឈាម និងជំងឺសន្លាក់៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង







