រណ្ដៅបួនជ្រុង

(ត្បូងឃ្មុំ) សាន់ សាមាន អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនិងរស់នៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ មុនពេលខ្មែរក្រហមឡើងកាន់អំណាច សាមាន ប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។
នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងជាច្រើនធ្លាក់ចូលក្នុងស្រុកភូមិ ធ្វើឱ្យ សាមាន ព្រមទាំងប្រជាជននៅក្នុងភូមិត្រូវរត់ពួននៅម្ដុំត្រពាំងគ្រាលដែលមានទីតាំងស្ថិតក្បែរភូមិវាល។ នៅពេលនោះ ខ្មែរក្រហម ចាប់ផ្ដើមចូលគ្រប់គ្រងនៅក្នុងភូមិស្រុកនៅតាមតំបន់ដាច់ស្រយាល។ សាមាន បានរៀបការក្នុងឆ្នាំ១៩៧៣ តាមបែបលក្ខណៈគ្រួសារ។
នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច សាមាន មានអាយុ២៣ឆ្នាំ។ ខ្មែរក្រហម បានបង្ខំឱ្យប្រជាជនធ្វើការងារស្រែចម្ការ និងការងារជាច្រើនទៀតនៅក្នុងសហករណ៍។ ការងារប្រចាំថ្ងៃមានការលំបាកខ្លាំង សាមាន ត្រូវក្រោកតាំងពីម៉ោង៣ទៀបភ្លឺ ដើម្បីធ្វើការ និងឆ្លាស់វេនមើលកូនជាមួយប្ដី។ ខ្មែរក្រហមបានចាត់តាំង សាមាន ឱ្យធ្វើការក្នុងរោងបាយ ជួយចិតបន្លែ ដាំបាយ បុកស្រូវ កិនស្រូវ រែងអង្ករ និងដកស្ទូង។ ជាងនេះទៅទៀត សាមាន បាននិយាយថា «ខ្មែរក្រហមបានបញ្ជាឱ្យខ្ញុំទៅជីករណ្ដៅធំៗបួនជ្រុងសម្រាប់កប់មនុស្ស»។ ជីវិតរស់នៅពេលនោះមានតែសេចក្ដីភ័យខ្លាច សូម្បីតែក្មេងតូចៗដើរគំរាមកំហែងបញ្ជាឱ្យទៅធ្វើការងារ។
របបអាហារប្រចាំថ្ងៃមានភាពខ្វះខាតខ្លាំង ធ្វើឱ្យការរស់នៅវេទនាបំផុត។ មនុស្សម្នាក់ទទួលបានបាយតែមួយចានតូច ពេលខ្លះមិនបានហូបពេលព្រឹកទេ ទាល់តែម៉ោង១១ឬម៉ោង១២ទើបបានហូបអាហារ។ ពេលឃ្លានខ្លាំង សាមាន ត្រូវហូបដំឡូង ជីកក្ដួចដើម្បីចម្អែតក្រពះ។ នៅក្នុងរបបខ្មែរក្រហម ប្រសិនហ៊ានខ្ជិលច្រអូសតែបន្តិច អង្គការច្បាស់ជាយកទៅកសាងជាក់ជាមិនខាន។ ទោះស្ថិតក្នុងស្ថានភាពគាបសង្កត់ សាមាន មានភាពក្លាហានមិនខ្លាចក្នុងការតវ៉ាប្រកែកទាមទារភាពត្រឹមត្រូវជុំវិញរឿងកម្មសិទ្ធិផ្ទាល់ខ្លួន នៅពេលខ្មែរក្រហមប្រមូលយកគោក្របីដាក់សមូហភាព។
សាមាន បានបន្តថា នៅក្នុងរបបខ្មែរក្រហម ពេលមានអ្នកជំងឺ គ្មានពេទ្យឬថ្នាំសង្កូវត្រឹមត្រូវសម្រាប់ព្យាបាលឡើយ មានតែយកសំបកឈើដាំទឹកហូបជំនួសថ្នាំពេទ្យ។ នៅក្នុងរបបនោះ ក្រៅពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម អង្គការបានធ្វើទារុណកម្មសម្លាប់មនុស្សជាច្រើន។ សាមាន បានឃើញផ្ទាល់ភ្នែកនូវការបំផ្លាញសម្បត្តិវប្បធម៌ វាយកម្ទេចវត្តអារាម យកមាសប្រាក់ ផ្សឹកព្រះសង្ឃឱ្យធ្វើការងារ។
សាមាន បានឃើញមិត្តភក្ដិត្រូវឈ្លបចាប់យកទៅវាយចោលសម្លាប់នៅឯភូមិល្ហើយ។ បន្ថែមពីលើនេះ សាមាន បានឮពាក្យចចាមអារ៉ាមពីចម្ងាយតៗគ្នាអំពីការចាប់រំលោភលើស្ត្រីភេទ។ សាមាន បានបញ្ជាក់ថារឿងរ៉ាវដ៏សែនជូរចត់នេះបានបន្សល់ទុកនូវការចងចាំដ៏សោកសៅ ទឹកភ្នែក ភាពស្រណោះស្រណោកជាប់ក្នុងចិត្តមកជានិច្ច។ បច្ចុប្បន្ន សាមាន មានជំងឺប្រចាំកាយឆាប់ហត់អស់កម្លាំង ដែលកើតឡើងព្រោះតែការហូបចុកមិនគ្រប់គ្រាន់នារបបខ្មែរក្រហម។ សាមាន និងប្ដីបានរួមរស់ឆ្លងកាត់ការលំបាកធ្វើស្រែចម្ការតស៊ូជាមួយគ្នារហូតមក៕
សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







