កងកុមារខ្មែរក្រហម

(ខេត្តស្វាយរៀង) សោម សាម៉ន អាយុ ៥៥ ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាម៉ន មានឪពុកឈ្មោះ សោម សួន និងម្តាយឈ្មោះ កុយ ហឿង ហើយគាត់ជាកូនទី៨ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨ នាក់។ សាម៉ន មិនបានទទួលការសិក្សារៀនសូត្រទេ ហើយបច្ចុប្បន្នប្រកបរបរជាកសិករ។

សាម៉ន បានឮការរៀបរាប់ពីមនុស្សចាស់ៗ និងនៅចងចាំអំពីទុក្ខលំបាក និងការខ្វះខាតក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ កាលនោះ សាម៉ន មានអាយុប្រមាណ ៦ ឆ្នាំ។​ សាម៉ន រស់នៅក្នុងកងកុមារ ហើយអង្គការតម្រូវឱ្យធ្វើការងារជាច្រើន ដូចជារើសកួរស្រូវ ឃ្វាលគោ និងឃ្វាលក្របី។ ពេលខ្លះ ប្រធានកងកុមារមិនពេញចិត្ត ដោយសារធ្វើការមិនបានគ្រប់តាមផែនការកំណត់ ហើយត្រូវបង្អត់របបអាហារ។ សាម៉ន ធ្លាប់ឮប្រជាជននិយាយតៗគ្នាថា ខ្មែរក្រហមបានសម្លាប់ជនរងគ្រោះ និងទម្លាក់សាកសពចូលក្នុងរណ្តៅនៅតំបន់វត្តស្វាយទន្ទឹម ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ តាមការរៀបរាប់ មានជនរងគ្រោះខ្លះត្រូវបានវាយដោយត្បូងចប ឬត្រូវបានកាប់ ហើយរុញទម្លាក់ចូលក្នុងរណ្តៅ មូលហេតុដែលនាំឱ្យមានការសម្លាប់ គឺដោយសារអ្នកខ្លះមិនអាចបំពេញការងារបានតាមការកំណត់របស់អង្គការ និងមួយចំនួនទៀតត្រូវបានចោទប្រកាន់ថាក្បត់អង្គការ​។

សាម៉ន ក៏បានឃើញការរើសអើងក្នុងការផ្តល់របបអាហារ។ ប្រជាជនដែលធ្វើការងារបានល្អតាមផែនការរបស់អង្គការ ទទួលបានអាហារច្រើន។ អ្នកខ្សោយកម្លាំង ឬមិនអាចបំពេញការងារតាមការកំណត់ ទទួលបានអាហារតិចតួច និងរស់នៅក្នុងស្ថានភាពលំបាក។ សាម៉ន បានឮពីឪពុកម្តាយនិយាយប្រាប់ថា មានវត្តអារាម ព្រះវិហារ និងព្រះពុទ្ធបដិមាជាច្រើនត្រូវបានវាយកម្ទេច និងបំផ្លាញ ខណៈប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យគោរពប្រណិប័តន៍​សាសនាដូចពីរបបមុនឡើយ។ សាម៉ន គិតថា ការធ្វើដូចនេះមានគោលបំណងលុបបំបាត់ឥទ្ធិពលសាសនា និងវប្បធម៌ប្រពៃណី។ កុមារ ត្រូវបានបំបែកចេញពីឪពុកម្តាយ និងបញ្ជូនឱ្យទៅរស់នៅក្នុងកងកុមារ ដោយធ្វើការងារដូចជា ឃ្វាលគោក្របី និងរើសអាចម៍គោសម្រាប់ធ្វើជី។ ក្នុងរបបខ្មែរក្រហម សាម៉ន និងគ្រួសារ ត្រូវបានជម្លៀសពីកន្លែងមួយទៅកន្លែងមួយជាច្រើនលើកនៅក្នុងខេត្តស្វាយរៀង។

ក្រោយរបបខ្មែរក្រហមដួលរលំ សាម៉ន បានត្រឡប់មករស់នៅស្រុកកំណើតវិញ បច្ចុប្បន្ន គាត់មានជំងឺឈឺសន្លាក់ដៃ និងសន្លាក់ជើង៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin