ចង្អុលហើយត្រូវតែទទួល

(ព្រះវិហារ)៖ ញ៉ែម បានលើកឡើងថា៖ «អង្គការបានបង្ខំឱ្យខ្ញុំរៀបការជាមួយនឹងប្រពន្ធរបស់ខ្ញុំ។ គេ[អង្គការ] ចង្អុលហើយ យើងត្រូវតែទទួលទៅ ខ្លាចក្រែងបាត់ខ្លួនណ៎ា! តែបើថាឱ្យស្រឡាញ់ គឺអត់ស្រឡាញ់ទេ»។ ខិម ញ៉ែម អាយុ៧១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ គាត់មានបងប្អូនចំនួន៤នាក់ (ក្នុងនោះមានស្រីម្នាក់)។

ញ៉ែម បានរៀបរាប់ថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ជាថ្ងៃដែល លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង។ នៅពេលនោះ មានការចែកខិតប័ណ្ណជាច្រើននៅតាមដងផ្លូវ  ដោយបញ្ជាក់ឱ្យប្រជាជនដែលរស់នៅតាមដងទន្លេ, ស្ទឹង បឹងបួ ត្រូវប្រយ័ត្ន ហើយត្រូវជម្លៀសខ្លួនចេញ ព្រោះខ្លាចការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវ។ នៅឆ្នាំ១៩៧២ ភូមិបុះមានចលនារបស់ខ្មែរក្រហមចូលគ្រប់គ្រង ប៉ុន្តែចលនានេះមិនទាន់ចេញមុខជាសាធារណៈឡើយ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឱ្យទៅតាមទីជនបទ ដោយប្រើហេតុផលសំខាន់មួយថា ខ្លាចសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកកម្ទេចទីក្រុង។ យោធាខ្មែរក្រហមបានប្រកាសព័ត៌មាន បញ្ជាក់ប្រាប់ប្រជាជនថា ត្រូវជម្លៀសចេញត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ដូច្នេះមិនបាច់យកទ្រព្យសម្បត្តិអ្វីច្រើនទៅជាមួយទេ។

នៅក្នុងរបបខ្មែរក្រហម ញ៉ែម បានតួនាទីជាគ្រូបង្រៀនក្នុងកងកុមារនៅភូមិបុះ។ ញ៉ែម បាននិយាយថា នៅពេលនោះ គាត់មិនមានចំណេះវិជ្ជាច្រើនឡើយ ព្រោះមុនពេលដែលរបបខ្មែរក្រហមកាន់អំណាច គាត់បានបួសរៀនអក្សរនៅវត្តបុះ ត្រឹមរយៈពេល៣ឆ្នាំប៉ុណ្ណោះ។ ញ៉ែម បានបន្ថែមថាគាត់គ្រាន់តែអាចអាន និងសរសេរអក្សរបានមួយចំនួនប៉ុណ្ណោះ។ ខ្មែរក្រហមបានបញ្ជាក់ប្រាប់គាត់ថា អក្សរមិនសូវមានសារសំខាន់សម្រាប់កុមារដូចជា ការដឹកនាំកុមារឱ្យធ្វើការងារ ជីកទំនប់, លើកប្រឡាយ និងធ្វើជីឡើយ។ គាត់បង្រៀនកុមារនៅភូមិបុះ បានត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ រួចក៏ត្រូវអង្គការចាត់តាំងឱ្យគាត់ទៅបង្រៀននៅស្រែព្រីងវិញ។

នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់ត្រូវហូបអាហារជុំគ្នា គ្មានការបែងចែកបែបលក្ខណៈឯកជននោះទេ។ ខ្មែរក្រហម ព្យាយាមលុបបំបាត់វណ្ណៈមូលធនចោល ដោយចាត់តាំងឱ្យប្រជាជនរស់នៅជាសមូហភាព។ ប្រជាជនត្រូវរស់នៅយ៉ាងលំបាក ដោយគ្មានសម្ភារប្រើប្រាស់សម្បូរបែប និងគ្មានអាហារហូបចុកគ្រប់គ្រាន់។

ញ៉ែម បាននិយាយថា នៅក្នុងរបបខ្មែរក្រហមមានប្រជាជនជាច្រើនដែលស្លាប់ដោយសារជំងឺ គ្មានថ្នាំព្យាបាល។ តាមការសង្កេតរបស់ ញ៉ែម ប្រជាជនដែលបានស្លាប់នៅពេលនោះ ភាគច្រើនគឺជាប្រជាជន១៧មេសាដែលបានជម្លៀសមកពីភ្នំពេញ។ ប្រជាជន១៧មេសា មួយចំនួនគឺមានដើមកំណើតនៅទីក្រុងភ្នំពេញ ដូច្នេះហើយអ្នកទាំងនោះ មិនអាចទ្រាំទ្រជាមួយនឹងការងារដែលខ្មែរក្រហមចាត់តាំងឱ្យធ្វើ។ ញ៉ែម ធ្លាប់បានឃើញឈ្លបខ្មែរក្រហម ធ្វើទារុណកម្ម ដើម្បីសួរចម្លើយទៅលើប្រជាជន១៧មេសា។ ឈ្លបបានយកឈើស្រួចចាក់ត្រចៀករបស់បុរសម្នាក់ដើម្បីសួរនាំអំពីតួនាទី បុរសម្នាក់នោះបានឆ្លើយតបថា៖ «លោកអ៊ើយ! ខ្ញុំមិនបានធ្វើអីទេ។ ខ្ញុំមិនបានពាក់សក្ដិ១ សក្ដិ២ សក្ដិ៣ អីទេកុំធ្វើបាបខ្ញុំ»៕

សម្ភាសន៍ដោយ៖ រី ប៊ុន្នាត ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin