កុមារខ្មែរក្រហម

(ខេត្តស្វាយរៀង) គង់ សុភី អាយុ ៥៦ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សុភី មានបងប្អូនចំនួន៩នាក់។ ពូ និងមីងរបស់សុភី បានបាត់ខ្លួននៅពេលដែលខ្មែរក្រហមជម្លៀសទៅខេត្តភាគខាងលិច ហើយពូម្នាក់ទៀតរបស់គាត់ ត្រូវបាននាំទៅសម្លាប់ដោយសារធ្លាប់ជាអតីតទាហាន លន់ នល់។
នៅក្នុងរបបខ្មែរក្រហម សុភី ស្ថិតក្នុងវ័យកុមារនៅឡើយ។ អង្គការបានប្រើឲ្យ សុភី នៅមើលប្អូន និងក្មេងតូចៗក្នុងភូមិ ព្រោះម្តាយរបស់សុភី ទើបតែសម្រាលកូនរួច និងត្រូវអង្គការចាត់ឲ្យធ្វើជីនៅផ្ទះ។ នៅពេលម៉ោងហូបអាហារ អ្នកនៅរោងបាយបានវាយជួងជាសញ្ញា ហើយសុភី ត្រូវនាំក្មេងៗទៅហូបបាយ។ សុភីលើកឡើងថា៖ «ម្ហូបកាលនោះ គេធ្វើឆ្នាំងធំៗទឹកឡើងខ្មៅមានតែត្រកួន រំចង់ ព្រលឹត គេវាល់ឲ្យហូប»។ សុភី បានលួចប្រមូល របបបាយដែលក្មេងៗហូបសល់ ទុកលាក់ដាក់ក្រមាយកមកឲ្យម្តាយហូបបន្ថែម ព្រោះរបបអាហារដែលម្តាយគាត់ទទួលបានតិច ហូបមិនឆ្អែត។ ចំណែកឯសត្វចិញ្ចឹម បន្លែបង្ការ នៅក្នុងផ្ទះ អង្គការមិនឲ្យប្រជាជនហូបនោះទេ។ បើមានប្រជាជនណាឃ្លានហ៊ានលួចហូប អង្គការតាមទាន់ ប្រជាជនរូបនោះច្បាស់ជាត្រូវយកទៅកសាង។ រាល់របស់របរ បន្លែបង្កា និងសត្វពាហនៈទាំងអស់ ជាកម្មសិទ្ធិរបស់អង្គការ។
ចំពោះសម្លៀកបំពាក់វិញ អង្គការមិនឲ្យប្រជាជនស្លៀកពាក់លាយពណ៌ឡើយ។ អង្គការបានឲ្យប្រជាជនយកខោអាវទៅជ្រលក់ពណ៌ជាមួយរុក្ខជាតិឲ្យក្លាយជាពណ៌ខ្មៅ។ សុភីបន្តថា៖ «ក្មេងៗកើតមក គេមិនឲ្យចុះត្រចៀកពាក់ក្រវិលឡើយ ហើយមាសប្រាក់ទ្រព្យសម្បត្តិទាំងអស់ត្រូវអង្គការប្រមូលទុកក្នុងសហករណ៍»។ អង្គការបានប្រាប់ប្រជាជនថា សម័យនេះមិនមែនជាសម័យចាយលុយឡើយ គ្មានអ្នកមាន គ្មានអ្នកក្រឡើយ ត្រូវរស់នៅស្មើភាពគ្នា។ ក្រៅពីមើលក្មេងៗ សុភី ក៏ត្រូវជួយការងារលាយជីដែលផ្សំពីលាមកមនុស្ស និងអាចម៌គោលាយជាមួយនឹងដើមទន្ទ្រានខេត្ត ដើម្បីទុកឲ្យកងចល័តយកទៅជ្រលក់សន្ទូង។
សុភី និយាយថា៖ «សន្ទូងល្អៗណាស់ពេលជ្រលក់ជីដែលខ្ញុំបានធ្វើ»។ ចំពោះតាយាយអាយុ ៧០ឆ្នាំឡើង អង្គការប្រើឲ្យមើលកូនរបស់ឪពុកម្តាយដែលអង្គការតម្រូវឲ្យទៅធ្វើការងារឆ្ងាយៗ។

នៅពេលមានប្រជាជនប្រព្រឹត្តកំហុសដូចជាលួចអាហារហូប ឬធ្វើការមិនគ្រប់តាមផែនការកំណត់ មានកងឈ្លបនិយាយរដឺនៗមកពីខេត្តតាកែវនាំយកទៅសម្លាប់។ នៅក្នុងភូមិកំរ៉ែង មានប្រឡាយមួយឈ្មោះប្រឡាយត្រែង និងឡព្រៃ ត្រូវបានខ្មែរក្រហមប្រើជាកន្លែងសម្លាប់មនុស្ស។ ក្រោយរបបខ្មែរក្រហមដួលរលំ សុភី បានវិលត្រឡប់មករស់នៅភូមិកំរ៉ែង រហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន សុភីមានជំងឺស្រវាំងភ្នែក និងឧស្សាហ៍គ្រុនក្តៅញឹកញាប់។ គាត់តែងតែទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមណ្ឌលសុខភាពឃុំ៕
សម្ភាសន៍ដោយ យ៉េត ស្រីលាក់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

