កង ហួន៖ ចូលក្នុងកងចល័ត នៅអាយុ១៥ឆ្នាំ

កង ហួន អាយុ៥៥ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ហួន មានឪពុកឈ្មោះ ដុស ហើយម្ដាយឈ្មោះ ហ៊ុន និងមានបងប្អូនចំនួន៦នាក់។ នៅក្នុងសម័យខ្មែរក្រហម ហួន មានអាយុជាង១០ឆ្នាំ ប៉ុន្តែគាត់មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះអង្គការបានចាត់តាំងបងប្អូនរបស់គាត់ទៅរស់នៅ និងធ្វើការក្នុងកង ហើយឪពុកម្ដាយស្នាក់នៅក្នុងសហករណ៍ និងធ្វើការងារក្បែរនោះ។

ចំពោះ ហួន អង្គការបានចាត់តាំងឲ្យគាត់ធ្វើការក្នុងកងកុមារ ជាមួយក្មេងៗប្រមាណជាង៣០នាក់នៅភូមិតាអី។ នៅក្នុងកងកុមារ ប្រធានក្រុម បានរៀបចំឲ្យ ហួន និងកុមារទាំងអស់ធ្វើការដកសំណាប និងយកទៅស្ទូងក្រឡាឈើត្រង់ ហើយប្រសិនបើមានអ្នកស្ទូងវៀចគឺត្រូវដកចេញ និងស្ទូងម្ដងទៀត។ ក្រៅពីនេះ ហួន ធ្វើការបោចស្មៅក្នុងស្រូវ និងធ្វើជី។ រហូតដល់អាយុ១៥ឆ្នាំ អង្គការបានចាត់តាំងក្រុមរបស់ហួន ទៅរែកដីនៅភ្នំបូរី។

នៅក្នុងកងចល័ត ហួន និងកុមារទាំងអស់ត្រូវបានអង្គការកាត់សក់កុមារទាំងអស់ក្រឡឹងក ឬត្រឹមត្រចៀក។ ចំពោះសម្លៀកបំពាក់ អង្គការបានចែកខោអាវពណ៌សយូរៗម្ដង ដូច្នេះហួន ត្រូវយកទៅដាក់ក្នុងទឹកស្ងោរត្រួយត្រោះ រួចជាន់ក្នុងភក់ឲ្យខ្មៅ ប៉ុន្តែនៅពេលចេញពណ៌មកស្វាយ ឬប្រផេះក៏អាចស្លៀកបាន។ នៅពេលមានជំងឺឈឺក្បាល និងជំងឺផ្សេងៗ ហួន បានទទួលថ្នាំខ្មែរផ្សំដោយខ្លួនឯងដែលមានរាងដូចអាចម៍ទន្សាយពីអង្គការយកមកលេប ប៉ុន្តែនៅពេលឈឺធ្ងន់អ្នកជំងឺទាំងអស់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអកយំ ឬមន្ទីរពេទ្យវត្តកោះ។ ហួន បានបន្តថា នៅក្នុងមន្ទីរពេទ្យមានអ្នកជំងឺស្លាប់ច្រើនណាស់ និងកប់នៅក្បែរនោះ​ ព្រោះការព្យាបាលរបស់អង្គការមិនសូវមានប្រសិទ្ធភាព​​​​​​​​​​​​​​​​​។

ចំណែកការហូបអាហារភាគច្រើន ហួន ទទួលបានមិនគ្រប់គ្រាន់នោះទេ ព្រោះអង្គការដាំបបរមួយខ្ទះដាក់អង្ករត្រឹម៣កំប៉ុងក្នុងមួយពេល ហើយមួយថ្ងៃហូបបបរពីរដង នៅម៉ោងប្រមាណ១១ និងពេលយប់ម៉ោងប្រមាណ៦ ទៅ៧យប់។ ប៉ុន្តែនៅពេលប្រមូលផល ហួប បាបហូបបាយប្រមាណ៤ខែ ហើយរួចពីនោះគឺត្រូវហូបបបរ។ ជាក់ស្ដែង ហួន ចងចាំថានៅពេលប្រមូលផលស្រូវថ្មីដំបូង យាយស៊ីម បានលីងស្រូវយកទៅកិនបបរចែកប្រជាជនហូបជាមួយសម្លម្ជូរព្រលឹត សាច់គោ ទឹកខ្មៅៗ ហើយនៅពេលដាច់ស្បៀងអង្គការចែកត្រឹមដំឡូងស្ងោរម្នាក់៣មើមឲ្យហូបជាមួយសម្ល។

នៅក្នុងសម័យខ្មែរក្រហម ហួន មិនបានចេះអក្សរទេ រហូតដល់ខ្មែរក្រហមដួលរលំ ទើបអ្នកគ្រូនៅក្រវាល់ទាកមកហៅគាត់ឲ្យចូលរៀនប្រកបអក្សរជាមួយក្នុងថ្នាក់ទី២។ ហួន បានចូលរៀនដំបូងក្នុងវ័យចំណាស់បន្តិច ប៉ុន្តែគាត់តស៊ូរហូតដល់ចេះបញ្ចប់ថ្នាក់និងប្រឡងជាប់ឌីប្លូម។ ហួន បន្តថាខ្លួនអរគុណអ្នកគ្រូណាស់ ដែលឲ្យគាត់ទៅរៀន ទើបគាត់អាចចេះដឹងបានខ្លះ។

ក្រោយមក ហួន បានដឹងថាមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ពេញចិត្តចំពោះការកាត់ទោសឲ្យជាប់គុកមួយជីវិត ព្រោះបានផ្ដល់យុត្តិធម៌ដល់ប្រជាជន និងអ្នកដែលអង្គការសម្លាប់។ មួយវិញទៀត ហួន ចង់ឲ្យមានការថែរក្សាឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម រៀបចំកន្លែងរក្សាទុក និងបង្រៀនក្មេងៗជំនាន់ក្រោយដែលកើតមិនទាន់ឲ្យដឹងពីរឿងរ៉ាវក្នុងរបបនោះ។ នៅពេលផ្ដល់បទសម្ភាសន៍ ហួន មានជំងឺសន្លាក់ និងឡើងជាតិអាស៊ីត។ ជំងឺរបស់ហួន កើតឡើងនៅពេលដែលមានអាយុច្រើន ហើយគាត់បានទៅពិនិត្យ និងទិញថ្នាំពីពេទ្យក្នុងភូមិលេប ប៉ុន្តែដោយសារការលេបថ្នាំច្រើនបានធ្វើឲ្យគាត់ឈឺក្រពះបន្ថែមទៀត។

សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin