កងជីកទំនប់ ប្រឡាយ ភូមិពពារ

(ខេត្តស្វាយរៀង) អ៊ុន ញ៉ក់ អាយុ ៧១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ញ៉ក់ មានឪពុកឈ្មោះ អ៊ុន រឿង និងម្តាយឈ្មោះ ម៉ី សែម ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៩នាក់ ក្នុងនោះស្រី ៥នាក់។ បច្ចុប្បន្ន ញ៉ក់ ប្រកបរបរជាកសិករ នៅស្រុកកំណើត។
ញ៉ក់ បានរៀបរាប់អំពីការរស់នៅ និងទុក្ខវេទនាដែលបានជួបប្រទះនៅក្នុងរបបខ្មែរក្រហមថា ដំបូងឡើយអង្គការបានជម្លៀសគាត់ឱ្យទៅច្រូតស្រូវជាមួយកងចល័តនានានៅស្រុកចន្ទ្រា រយៈពេល ប្រហែល ៣ខែ។ ក្នុងអំឡុងពេលនោះ នៅពេលថ្ងៃច្រូតស្រូវ និងនៅពេលយប់យាមស្រែ។ ចំពោះរបបអាហារវិញ អង្គការបានវាល់បាយឱ្យញ៉ក់ និងសមាជិកកងចល័ត ត្រឹមតែកន្លះកូនចានប៉ុណ្ណោះ។ ក្រោយអស់រយៈពេល ៣ខែ ញ៉ក់ ត្រូវបានអង្គការអនុញ្ញាតឱ្យត្រឡប់មកស្រុកកំណើតវិញ។ ក្រោយសម្រាកបានប្រមាណ ៣ ទៅ ៤ថ្ងៃ ខ្មែរក្រហមបានជម្លៀស ញ៉ក់ ទៅស្រុករមាសហែក បន្តទៀត។ នៅទីនោះ ញ៉ក់ ត្រូវរែកដី ហើយបានធ្វើការងារនោះអស់រយៈពេល ៣ថ្ងៃ។
នៅអំឡុងឆ្នាំ១៩៧៧ -១៩៧៨ មានចលនាបះបោរមួយបានកើតឡើងទាក់ទងនឹង សោ ភឹម ដែលជាលេខាភូមិភាគបូព៌ា។ នៅពេលនោះ ញ៉ក់ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញទាំងយប់។ នៅពេលត្រឡប់មកដល់ស្រុកកំណើតវិញ ញ៉ក់ ត្រូវបានចាត់តាំងឱ្យទៅលើកទំនប់, លើកភ្លឺស្រែ និងជីកប្រឡាយបន្តទៀត។
ញ៉ក់ បានរំឭកថានៅចុងឆ្នាំ១៩៧៨ ដោយសារតែការវាយប្រយុទ្ធគ្នានៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងគាត់ត្រូវបានអង្គការជម្លៀសទៅតំបន់អ្នកលឿង។ នៅទីនោះ ញ៉ក់ និងប្រជាជនជម្លៀសបាននាំគ្នាជិះស្រឡាងឆ្លងទន្លេ។ ញ៉ក់ បន្តរស់នៅក្នុងព្រៃអស់រយៈពេល ប្រមាណ ៣ខែ។ ក្នុងអំឡុងពេលនោះ អាហារហូបចុកភាគច្រើនគឺបានមកពីការសុំប្រជាជនដែលរស់នៅតាមភូមិនានា។ ក្រោយមក ញ៉ក់ បានធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញ និងបានកសាងជីវភាពគ្រួសារឡើងវិញ រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ញ៉ក់ ពុំមានជំងឺធ្ងន់ធ្ងរណាមួយឡើយ។
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

