សម្លាប់មនុស្សនឹងគល់ឫស្សី

(ក្រចេះ)៖ វ៉ាន់ ឌឿន អាយុ៦២ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ បច្ចុប្បន្ន ឌឿន មានជំងឺឫសដូងបាត។

នៅក្នុងរបបខ្មែរក្រហម ឌឿន មានអាយុ១២ឆ្នាំ ហើយគាត់រស់នៅភូមិថ្មគ្រែ។ ឌឿន ជាប្រជាជនមូលដ្ឋាន។ គាត់ទទួលតួនាទីជាឈ្លបភូមិ បន្ទាប់មកគាត់ត្រូវបានចាត់តាំងឱ្យទៅរៀនវិជ្ជាពេទ្យ និងធ្វើជាគ្រូពេទ្យបានរយៈពេលមួយឆ្នាំ។ ក្រោយមកទៀត ឌឿន ត្រូវបានបញ្ជូនទៅស្រុកស្នួល ធ្វើការងារនៅក្នុងសហជីពជ័រកៅស៊ូ។

នៅអំឡុងពេល ឌឿន ធ្វើការងារនៅស្រុកឆ្លួង គាត់បានឃើញឈ្លបខ្មែរក្រហមចាប់មនុស្សទៅវាយសម្លាប់នៅក្នុងព្រៃ ពេលដែលគាត់ទៅបន្ទោរបង់។ ឈ្លបបានយកគល់ឫស្សីវាយត្រង់ក្បាលផ្នែកខាងក្រោយរបស់ជនរងគ្រោះ រួចរុញទម្លាក់ខ្លួនប្រាណទៅក្នុង​រណ្ដៅ។ ឌឿន បានរៀបរាប់ថា នៅពេលដែលឃើញប្រជាជនត្រូវសម្លាប់នៅនឹងមុខ គាត់ស្លុតចិត្តនិងភ័យរន្ធត់ជាខ្លាំង ដោយសារតែពេលនោះគាត់នៅក្មេង ហើយគាត់ចូលទៅក្នុងព្រៃម្នាក់ឯង។

ឌឿន ធ្លាប់បានឮចាស់ទុំនៅក្នុងភូមិនិយាយប្រាប់គាត់ថា ការរៀបការនៅក្នុងរបបខ្មែរក្រហម គឺមិនបានប្រារព្ធទៅតាមប្រពៃណីខ្មែរឡើយ ហើយសាមីខ្លួនដែលត្រូវរៀបការ គឺមិនបានដឹងព័ត៌មានមុនដែរ។ នៅពេលនោះ គ្មានការប្រកែកតវ៉ាជាមួយការរៀបចំរបស់អង្គការឡើយ ព្រោះអ្នកប្រកែកគឺតែងតែត្រូវស្លាប់។ នៅក្នុងរបបខ្មែរក្រហម វត្តអារាមមិនមែនជាកន្លែងសម្រាប់គោរពបូជាឡើយ តែបែរជាទីធ្លាចិញ្ចឹមសត្វ, កន្លែងស្នាក់នៅរបស់ប្រជាជន ជាឃ្លាំងសម្រាប់ផ្ទុកសម្ភារ ឬត្រូវវាយកម្ទេចចោល។ ចំណែករូបសំណាក់ព្រះពុទ្ធប្បដិមាត្រូវវាយទម្លាក់ទឹក។

ឌឿន បាននិយាយថា នៅក្នុងរបបខ្មែរក្រហម គឺលំបាកសព្វគ្រប់ ទាំងអាហារហូបមិនគ្រប់គ្រាន់, ធ្វើការងារលើសពី១២ម៉ោងក្នុងមួយថ្ងៃ, សម្រាកបានតិច, មិនបានស្នាក់នៅជុំគ្រួសារ និងគ្មានសាលារៀនត្រឹមត្រូវ។ នៅក្នុងរបបនោះ ឌឿន បានឃើញ និងចូលរួមដោយផ្ទាល់ ដែលខ្មែរក្រហមរៀបចំពិធីមង្គលការឱ្យប្រជាជននៅក្នុងសហករណ៍។ ក្នុងអំឡុងពេលនោះ ខ្មែរក្រហមបានរៀបចំគូស្រករចំនួន១០គូក្នុងពេលតែមួយ។

មានពេលមួយ ឌឿន បានមុតជើងយ៉ាងជ្រៅជាមួយនឹងសំបកខ្យង។ ដោយសាររបួសរៀងធ្ងន់ ឌឿន បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលជិតមួយខែ។ បន្ទាប់ពីចំណាយពេលជិតមួយខែនៅក្នុងមន្ទីរពេទ្យ ឌឿន បានត្រឡប់ទៅធ្វើការវិញ។ មិនបានប៉ុន្មានផង ជើងរបស់គាត់បានឈឺម្ដងទៀត ព្រោះតែមិនបានយកសំបកខ្យងនោះចេញពីជើង។ ក្រោយពីឈឺជាលើកទី២ ក្រុមយោធាបានវះជើងរបស់គាត់ ដើម្បីយកសំបកខ្យងនោះចេញ។នៅពេលរបបខ្មែរក្រហមដួលរលំ សមាជិកគ្រួសាររបស់ឌឿន ទាំងអស់មានឪពុកម្ដាយ និងបងប្អូនរបស់គាត់បានវិលត្រឡប់មករស់នៅជុំគ្នាវិញនៅស្រុកកំណើត៕

សម្ភាសន៍ដោយ៖ ប៉ឹល មុនថាន ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin