ហ៊ុន ប៊ុន៖ ពេទ្យឆ្មបនៅសហករណ៍ព្រំកុដ្ឋ

(សៀមរាប)៖ ហ៊ុន ប៊ុន ភេទស្រី មានអាយុ៦៤ឆ្នាំ។ ប៊ុន មានភូមិកំណើតនិងរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប៊ុន មានម្ដាយឈ្មោះ មាស យុន (ឪពុកមិនចាំឈ្មោះ)។ កាលពីកុមារភាព ប៊ុន មិនបានរៀនសូត្រនោះទេ។ ប៊ុន ដែលជាកូនច្បងត្រូវជួយធ្វើការងាររបស់ឪពុកម្ដាយ និងឃ្វាលគោក្របី។
នៅរបប លន់ នល់ គ្រួសាររបស់ប៊ុនបានរត់គេចខ្លួនពីការទម្លាក់គ្រាប់បែក និងទៅរស់នៅវាលធំ។ ប៊ុន ឃើញមានឧទ្ធម្ភាគចក្រដេញបាញ់ប្រជាជន ហើយគាត់បានរត់ទៅពួនក្រោមដើមស្វាយ។ បន្ទាប់មក គ្រួសាររបស់ប៊ុន បានទៅរស់នៅ និងធ្វើស្រែចម្ការនៅសហករណ៍ព្រំកុដ្ឋ ដែលគ្រប់គ្រងដោយខ្មែរក្រហម។ នៅទីនោះ ប្រជាជនរួមទាំងព្រះសង្ឃបានលាក់ខ្លួនក្នុងលេណដ្ឋាននៅពេលមានការទម្លាក់គ្រាប់បែក។ ក្រោយមក ខ្មែរក្រហមចាត់តាំងឲ្យ ប៊ុន សែងកងទ័ពខ្មែរក្រហមដែលរបួសយកទៅមន្ទីរពេទ្យនៅម្តុំដំរីឆ្លង និងដំដែក។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចទូទាំងប្រទេស បានចាត់ទុកគ្រួសាររបស់ប៊ុនជាប្រជាជនចាស់។ ប៊ុន ធ្វើការនៅចម្ការអំពៅអស់មួយរយៈខ្លី។ ចំណែកឪពុករបស់គាត់ទៅកាប់ឫស្សីនៅភ្នំគូលែន។ ឪពុករបស់ប៊ុន បានស្លាប់ដោយសារជំងឺគ្រុនចាញ់នៅទីនោះ។
បន្ទាប់មក ខ្មែរក្រហមចាត់តាំងឲ្យ ប៊ុន ធ្វើជាគ្រូពេទ្យឆ្មប ដែលមានទីតាំងនៅលើវិហារ។ ប៊ុន ត្រូវដាំថ្នាំផ្សំពីវល្លិបណ្តូលពេជ្រ និងចាក់ដាក់ដបទឹកក្រូចទុកសម្រាប់ព្យាបាលស្ត្រីដែលសម្រាលកូន។
នៅមុនពេលរៀបការ ខ្មែរក្រហមប្រាប់ ប៊ុន នៅពេលប្រជុំថា គាត់ត្រូវរៀបការជាមួយមិត្តឌឿន។ មិត្ត ឌឿន តែងតែផ្ញើថ្នាំរាងដូចអាចម៍ទន្សាយឲ្យគាត់ ដូច្នេះអ្នកទាំងពីរស្គាល់គា្នតាំងពីពេលនោះមក។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានរៀបចំឲ្យ ប៊ុន រៀបការជាមួយគ្រូពេទ្យឈ្មោះ ឌឿ ឌឿន។ ប៊ុន ត្រូវរៀបការក្នុងពេលតែមួយជាមួយប្តីប្រពន្ធផ្សេងទៀតនៅភូមិត្រពាំងស្វាយ ដែលទាំងអស់មានចំនួន១១គូ។ នៅពេលរៀបការ ប៊ុន ត្រូវអង្គុយទល់មុខជាមួយប្តីរបស់គាត់, ហូបបបរលាយជាមួយប្រហុករួមគ្នា និងទទួលបានក្រមាក្រហមថ្មីមួយ។
បន្ទាប់ពីរៀបការ អ្នកទាំងពីរសម្រាកនៅផ្ទះបានមួយសប្តាហ៍។ ខ្មែរក្រហមបានបញ្ជូនអ្នកទាំងពីរទៅលើកទំនប់, ជីកប្រឡាយ និងធ្វើស្រែចម្ការទៅតាមកង ដោយបុរសនិងស្រ្តីមិនឲ្យធ្វើការ ឬរស់នៅជាមួយគ្នានោះទេ។ នៅការដ្ឋាន ប៊ុន ត្រូវកាប់ឆ្ការព្រៃ និងត្បាញកន្ទេលទុកសម្រាប់ប្រើប្រាស់ដោយខ្លួនឯង។ មួយសប្តាហ៍ម្តង ទើប ប៊ុន បានត្រលប់ទៅផ្ទះជួបជុំគ្រួសារ។ ប៊ុន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ប៊ុន តែងតែបេះស្លឹកថ្នឹង, ស្លឹកបាស ឬស្លឹកកន្ទ្រង់យកមកលាយបន្ថែមជាមួយបបរ។ ប៊ុន និយាយថា “កំសត់ណាស់ [នៅពេលខ្ញុំ]និយាយពីរឿងជំនាន់ ប៉ុល ពត!”។
នៅពេល ប៊ុន មានផ្ទៃពោះ គាត់ទទួលបានបាយ, ពោតសំឡីមួយកំប៉ុង និងដំឡូងមួយដុំសម្រាប់ហូបក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនបើគាត់មិនទៅធ្វើការនោះ គាត់មិនទទួលបានរបបអាហារនោះទេ។ ប៊ុន តែងតែទុកបាយឲ្យប្អូនរបស់គាត់ ហើយគាត់ហូបតែដំឡូងប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប៊ុន បានត្រលប់មករស់នៅភូមិកំណើត និងប្រកបរបរធ្វើស្រែចម្ការ។ ប៊ុន មានកូនទាំងអស់៨នាក់ ក្នុងនោះមានស្រី៥នាក់។ កូនរបស់ប៊ុន មានឈ្មោះ ឌឿន ឌឿង, ឌឿន សំអាន, ឌឿន តៃ, ឌឿន ដា, ឌឿន សាម៉ៃ, ឌឿន ស៊ីថា, ឌឿន សុខន និងឌឿន ចំរើន។ ប៊ុន តែងតែរៀបរាប់ប្រាប់កូនចៅពីទុក្ខលំបាករបស់គាត់នៅក្នុងរបបខ្មែរក្រហម៕
សម្ភាសដោយ ដន ហុគី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦







