អ៊ីន សុខា៖ ដេកហាលភ្លៀង

(កណ្ដាល)៖ អ៊ីន សុខា ភេទស្រី មានអាយុ ៦០ឆ្នាំ រស់នៅ និងមានទីកន្លែងកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួស ខេត្តកណ្ដាល។ សុខា មានឪពុកឈ្មោះ គីម អ៊ីន, ម្ដាយឈ្មោះ យឹម ងួន និងមានបងប្អូនចំនួនប្រាំបួននាក់ ក្នុងនោះមានបងប្អូនស្រីចំនួនបួននាក់។ នៅពេលរំឭកពីរបបខ្មែរក្រហម សុខា និយាយថា “ពិបាកមែនទែន រកអីប្រៀបមិនបាន!”។
កាលពីកុមារភាព សុខា បានចូលរៀននៅសាលាវត្តអង្គ ហើយក្រោយមក សុខា បានឈប់រៀន និងមើលថែប្អូននៅផ្ទះ។ នៅឆ្នាំ១៩៧៣ សុខា បានរត់ចេញពីភូមិកំណើតឆ្ពោះទៅភូមិព្រៃទទឹង ដោយសារមានការបាញ់គ្រាប់ផ្លោង និងយន្តហោះទម្លាក់គ្រាប់បែក។ សុខា និយាយថា “រត់មិនទាន់ ស្លាប់!”។ សុខា បានរត់ទៅរស់នៅក្នុងវត្តសិម្ពលី។
នៅចុងឆ្នាំ១៩៧៤ អ៊ំស្រីរបស់សុខា បានមកនាំក្រុមគ្រួសាររបស់សុខាទៅរស់នៅខេត្តបាត់ដំបង។ រយៈពេលប្រាំខែក្រោយមក នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស និងជម្លៀសគ្រួសាររបស់សុខាទៅរស់នៅឯភ្នំសំពៅ។ សុខា បានចូលធ្វើការក្នុងកងកុមារ ដោយត្រូវដើររើសកួរស្រូវរយៈពេលប្រាំខែ។ នៅកងកុមារ សុខា ថាមានបាយ និងហូបចុកគ្រប់គ្រាន់។
ក្រោយមក សុខា ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការក្នុងកងចល័ត ដោយត្រូវដាំដំឡូង, រែកដី, ជីកប្រឡាយ និងលើកទំនប់កំពីងពួយ។ សុខា និយាយថា គាត់ត្រូវព្រាត់ប្រាសឪពុកម្ដាយ និងបងប្អូន, ហូបចុកមិនគ្រប់គ្រាន់ និងធ្វើពលកម្មហួសកម្លាំង។ នៅពេលចូលធ្វើការក្នុងកងចល័តដំបូង នៅពេលភ្លៀងធ្លាក់ សុខា ត្រូវដេកហាលភ្លៀង។ សុខា រំឭកថា “ពិបាកណាស់ចៅអើយ ជំនាន់ហ្នឹង”។
ជារៀងរាល់ថ្ងៃ សុខា ត្រូវក្រោកតាំងពីម៉ោង៣យប់ និងចេញដំណើរទៅធ្វើការដោយមានចានដែក, ស្លាបព្រា និងអង្រឹងធ្វើពីបាវក្រចៅយកទៅតាមខ្លួន។ មុនពេលចាប់ផ្តើមធ្វើការនៅពេលព្រឹក ខ្មែរក្រហមបានចាក់ចម្រៀងតាមមេក្រូ។ នៅម៉ោង១១ព្រឹក បន្ទាប់ពីឮស្នូរសំឡេងរគាំង សុខា ត្រូវប្រញាប់កាន់ចាន និងស្លាបព្រា ដើរឆ្ពោះទៅរោងបាយ។ នាពេលនោះ របបអាហារក្នុងមួយថ្ងៃ មានតែពីរពេលប៉ុណ្ណោះ គឺនៅម៉ោង១១ព្រឹក និងម៉ោង៥ល្ងាច។ សុខា រៀបរាប់ថា បន្ទាប់ពីរដូវច្រូតកាត់រួច ទើបមានបាយសម្រាប់ហូប ប៉ុន្តែក្រោយមកមានតែបបរលាយជាមួយដើមចេក, ព្រលិត, ត្រកួន, ស្លឹកល្ពៅ និងននោងប៉ុណ្ណោះ។
ជារៀងរាល់បីថ្ងៃ ឬមួយសប្តាហ៍ម្តង នៅម៉ោង១២ថ្ងៃត្រង់ គឺមានការប្រជុំជីវភាព ដោយប្រធានកងចល័តឈ្មោះ ផល្លា ណែនាំឲ្យសមាជិកកងខិតខំធ្វើការ និងមិនត្រូវលួចអ្វីហូបនោះទេ។ សុខា លើកឡើងថា ប្រសិនបើអ្នកដែលធ្លាប់ត្រូវកសាងរួច ហើយនៅបន្តលួចហូបនោះ នឹងត្រូវខ្មែរក្រហមវាយដំ។ ចំណែកអ្នកដែលប្រព្រឹត្តខុសសីលធម៌នឹងត្រូវបាត់ខ្លួន។ សុខា ចងចាំថា នៅពេលគាត់ធ្វើដំណើរឆ្លងកាត់ជើងភ្នំសំពៅ គាត់បានឃើញរណ្តៅ និងសម្លៀកបំពាក់ដែលគេបោះបង់ចោល។
នៅរបបខ្មែរក្រហម មានថ្ងៃមួយ សុខា បានចូលរួមពិធីរៀបការនៅម៉ោងប្រហែល៦យប់។ សុខា បានឃើញប្តីប្រពន្ធជាច្រើនគូ (រហូតដល់ទៅ២៥គូ) ត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការក្នុងពេលតែមួយនៅរោងសហករណ៍។ ខ្មែរក្រហមបញ្ជាឲ្យអ្នកទាំងនោះ ចាប់ដៃគ្នា និងប្តេជ្ញាចិត្តនៅចំពោះមុខអង្គការខ្មែរក្រហម និងមានការចែកក្រមាឲ្យប្តីប្រពន្ធថ្មីទាំងនោះ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុខា និងបងប្អូនដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម បានធ្វើដំណើរត្រលប់មកភូមិកំណើតវិញ ឯអ្នកខ្លះទៀតបានទៅរស់នៅបរទេស។ ក្រោយមក សុខា បានរៀបការ និងមានកូនចំនួនបួននាក់។ ជាចុងក្រោយ សុខា នៅតែចងចាំពីជីវិតដ៏កំសត់របស់គាត់ និងប្រជាជនខ្មែរ៕
សម្ភាសដោយ ថន ពុធដារ៉ូ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦

