មិន សុធី ៖ ដំណើរជីវិតក្នុងរបបខ្មែរក្រហម

កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) (រូបតំណាង)

មិន សុធី អាយុ ៦៥ឆ្នាំ (ឆ្នាំ២០០២)។ សុធី ជាកូនទី៣ ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន​ ៤ នាក់ (ស្រី ៣នាក់)។ សុធី មានឪពុកឈ្មោះ មិន ហៃ និងម្ដាយឈ្មោះ ភន ឡាត។ សុធី មាន​ស្រុក​​​កំណើត​ ​និងរស់នៅ​ភូមិ​​​ព្រែកសំ​រោង២ ឃុំខ្សាច់អណែ្ដត ស្រុកឆ្លូង ខេត្ដ​ក្រចេះ​។[1]

នៅក្នុងរបបខ្មែរក្រហម សុធី មានអាយុប្រមាណជាង ៣០ឆ្នាំ ត្រូវបានខ្មែរក្រហម​តម្រូវ​ឱ្យ​រស់​នៅ​សហករណ៍ព្រែកសំរោង។ សុធី និយាយថាចលនាបដិវត្តន៍ខ្មែរក្រហមបានចូល​មកតំបន់​មួយ​ចំនួន​ក្នុងស្រុកឆ្លូង តាំងពីចុងឆ្នាំ ១៩៧០ បន្ទាប់ពី​ឧត្តមសេនីយ៍ លន់ នល់ ធ្វើ​រដ្ឋ​​ប្រហារ​ទម្លាក់​​សម្តេចព្រះនរោត្តម សីហនុ ពីដំណែង។ នៅចុងឆ្នាំ១៩៧០ សុធី បានដឹងថាគណៈឃុំ​ខ្សាច់​អណ្តែត មាន​​​ឈ្មោះ អោម អ៊ុត ​និងគណៈស្រុកឆ្លូង មានឈ្មោះ អេន ប៉ុន្តែនៅពេលនោះ​រហូត​ដល់​របប​ខ្មែរក្រហមត្រូវបានផ្តួលរំលំ គណៈឃុំ និងគណៈស្រុក ត្រូវបានផ្លាស់ប្តូរជាញឹកញាប់​។ ចាប់​ពី​ចុង​​ឆ្នាំ​១៩៧០ ដល់ឆ្នាំ១៩៧២ ចលនាបដិវត្តន៍ខ្មែរក្រហម អនុញ្ញាតឱ្យគ្រួសារសុធី និង​ប្រជាជន​អាច​រស់​​នៅ និងធ្វើការងារតាមគ្រួសាររៀងៗខ្លួន ហើយតាមទីផ្សារ​​មាន​ការ​លក់​ដូរ​ទំនិញ ​និង​ចាយ​លុយ​​​កាក់​ជាធម្មតា ប៉ុន្តែនៅ​ក្នុងភូមិដ្ឋាន និងនៅតាមព្រៃនានាមានយោធារំដោះ [យោធា​ខ្មែរ​ក្រហម] និង​​កង​ទ័ព​វៀត​ណាម​​ខាងជើង [កងទ័ព​វៀត​កុង] ចូលមកគ្រប់គ្រង។ កងទ័ព​វៀត​កុង​បាន​​ជួយ​យោធារំដោះដើម្បីធ្វើសង្គ្រាមប្រយុទ្ធជាមួយទាហាន លន់ នល់។

ចាប់តាំងពីឆ្នាំ១៩៧១ រហូត​ដល់ឆ្នាំ១៩៧៤ របប លន់ នល់ បាន​ទម្លាក់​គ្រាប់បែក​មួយ​ថ្ងៃ​ពីរទៅបីដង ហើយ​គ្រាប់បែក​បានបំផ្លាញជញ្ជាំង​ផ្ទះរបស់គ្រួសារ​សុធី។ ការទម្លាក់​គ្រា​ប់​បែក​​សំដៅ​ទៅលើ​កង​ទ័ព​វៀត​កុង និងយោធារំដោះ ប៉ុន្តែ​គ្រាប់បែក និង​គ្រាប់​កំាភ្លើង​បាញ់​ចេញ​​ពីយន្តហោះ​បានត្រូវចំប្រជាជនស្លូតត្រង់ដែល​បណ្តាលឱ្យស្លាប់ និងរបួស​។ នៅ​​ពេល​​មាន​ទូក​នេសាទ​របស់​ប្រជា​ជនចេញទៅរកត្រីឬធ្វើដំណើរម្តងៗតែង​ទទួលរង​គ្រោះថ្នាក់ពីការទម្លាក់គ្រាប់​បែក​ពី​យន្ត​ហោះ​​។ នៅឆ្នាំ១៩៧២ សុធី នៅចាំបានថាគណៈឃុំខ្សាច់អណ្តែត ឈ្មោះ អ៊ុត បាន​លា​ឈប់​ពី​​ការ​ងារ ​​ដោយសារតែវ័យចាស់ និងគណៈស្រុក ឈ្មោះ អេន ត្រូវបានយោធារំដោះចាប់ខ្លួន ដោយ​សារ​​រឿង​ខុសសីលធម៌ ហើយយោធារំដោះបានតែងតាំង ឈ្មោះ ឡូញ ជាគណៈឃុំ និង ​ឈ្មោះ ហូរ ជា​គណៈស្រុកឆ្លូង។ នៅឆ្នាំ១៩៧២ គណៈឃុំ ឈ្មោះ ឡូញ បានចាត់តាំងឱ្យសុធី និងប្រជាជន​បង្ក​​បង្កើនផលស្រូវដោយប្រវាស់ដៃ ក្នុងមួយក្រុមមានសមាជិកចាប់ពី១០នាក់ ដល់​១៥នាក់ ជួយ​គ្នាធ្វើស្រែ​តាមក្រុម ហើយនៅពេលទទួលបានផល​ស្រូវ​គណៈ​ឃុំ​ខ្សាច់​អណ្តែត ​ជា​អ្នក​​បែងចែក​ទៅ​គ្រួសារ​នី​មួយ​ៗតាមចំនួនសមាជិក។ នៅឆ្នាំ១៩៧២ សុធី បានឮអ្នកស្គាល់គ្នា​ប្រាប់​​​ថា​នៅស្រុក​ឆ្លូង​​ត្រូ​វ​បាន​​បក្ស​កុម្មុយ​និស្ត​កម្ពុជា​ប្តូរ ឈ្មោះទៅជា តំបន់២០ ស្ថិតក្រោម​ភូមិ​ភាគ​បូព៌ា។ ​កាល​ណោះ​​ប្រធាន​តំបន់​២០ គ្រប់គ្រងដោយ ឈ្មោះ ហូរ និងលេខា​​ភូមិ​ភាគបូព៌ា​ ឈ្មោះ ​សោ ​ភឹម​។

នៅឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមចូលកាន់កាប់​ទីក្រុង​ភ្នំពេញ សុធី និង​សមាជិក​ក្រុមប្រវាស់ដៃត្រូវបានរំសាយ ហើយអង្គ​ការ​បាន​បង្កើតភូមិព្រែកសំរោងទៅ​ជា​រោង​បាយ, សហករណ៍ និងការដ្ឋានការងាររួម។ សុធី បានឃើញប្រជាជន​ជម្លៀស​​​ពី​ទី​ក្រុង​ភ្នំពេញ ​មករស់នៅ​ក្នុង​​សហករណ៍។ នៅពេលនោះសុធី បានរង់ចាំមើលផ្លូវបងប្រុស មិន ណេង ដែល​​រស់​នៅ​ភ្នំពេញ​ក្រែង​​លោ អង្គការជម្លៀសមករស់នៅភូមិសំរោង ប៉ុន្តែមិនឃើញ។ នៅ​ពេល​ប្រជា​ជនជម្លៀស​ថ្មី​មក​ពី​ភ្នំពេញ​ត្រូវ​បាន​ខ្មែរ​ក្រហមកំណត់ឱ្យរស់​នៅ​ផ្សេង​ពី​ប្រជា​ជន​មូល​ដ្ឋាន ប៉ុន្តែ​ត្រូវ​ធ្វើ​ការ​ងារ​នៅ​ការដ្ឋានការងាររួម។ ការងាររបស់​សុធី ស្ថិតក្នុងកងចល័ត នារី និង​សមាជិក១០នាក់ ត្រូវដកស្ទូង​សំណាប ទំហំ១ហិកតា ក្នុង១ថ្ងៃ។ ​​​អង្គការ​បាន​កំណត់​​របប​អង្ករ​តិ​ចតួច អ្នក​នៅ​រោង​​​បាយ​បាន​រៀប​​ចំ​បបរ​ឱ្យ​កងចល័តនារីហូប ហើយបបរ​មួយ​ខ្ទះ​ត្នោត​ មាន​តែ​អង្ករ៧កំ​ប៉ុង​​។

សុធី បានដឹងថាកម្លាំងពលកម្មនៅសហករណ៍សំរោង ត្រូវបានបែងចែកជាបីគឺ៖ កម្លាំង​ទី​១ ជា​កង​ភ្ជួររាស់ និងដកស្ទូង ជា​កងចល័តបុរសនារី អាយុចន្លោះពី២០ ដល់​៤០ឆ្នាំ, កម្លាំង​ទី២ ជា​កង​សិប្ប​កម្ម​ និងត្បាញរវៃអំបោះ ជាប្រជាជនមានអាយុចាប់ពី ៥០ឆ្នាំ, កម្លាំងទី៣​ ជា​អ្នកមើល​ថែ​ទាំ​​ក្មេង​​ក្នុងកងកុមារ ជា​មនុស្ស​​​ចាស់មានអាយុចាប់ពី ៦០ឆ្នាំ ឡើងទៅ​។ នៅសហករណ៍សំរោង សុធី ធ្លាប់ឃើ​ញអង្គការនាំគ្រួសារអតីតមន្រ្តីរាជការរបប លន់ នល់ ​ទៅ​សម្លាប់​​នៅ​មន្ទីរ​សន្តិ​សុខ​ឆ្លូង ដោយចោទប្រកាន់ថាក្បត់។ ប្រធានមន្ទីរសន្តិសុខឆ្លូង មាន​ ឈ្មោះ​​ព្រីង ហើយ​ប្រធាន​មន្ទីរ​សន្តិ​សុខ បានចាប់ប្រជាជនចំនួន ៣នាក់ ​ទៅឃុំនៅមន្ទីរសន្តិសុខ។ នៅ​ឆ្នាំ១៩៧៨ ប្រធាន​សហករណ៍​សំរោង ឈ្មោះ តាវ៉ន បាន​ផ្លាស់​ប្តូរ​​ការងារ​​សុធី ពី​កងចល័តនារី​ឱ្យ​ទៅ​ធ្វើ​ជា​ចុង​ភៅ​នៅ​កោះ​តាស៊ុយ។ ការងារសុធី និង​ចុង​ភៅ​៣នាក់ ​​ត្រូវ​​ចម្អិន​អាហារ​សម្រាប់​កង​ចល័តកម្លាំងទី១ ប្រមាណ៤០នាក់។ ការ​ងារសុធី និង​ចុង​ភៅ​រោង​បាយ ត្រូវស្វែងរកបន្លែ និងត្រី ដោយខ្លួនឯង ប៉ុន្តែ​ជា​សំណាង​ល្អ​នៅ​​លើ​កោះ​តាស៊ុយ​សម្បូរ​ត្រី និងបន្លែ ដែល​ពួក​គាត់​ងាយ​​ស្រួស​ស្វែងរក​ដើម្បី​យកមក​ចម្អិន​។ ​ការ​ងារសុធី និង​ចុង​ភៅ ត្រូវ​ធ្វើ​យ៉ាង​ណា​ចម្អិន​ម្ហូប​ឱ្យ​បាន​ពីរពេលក្នុង១ថ្ងៃ គឺថ្ងៃ​ត្រង់ និងល្ងាច ឱ្យ​ទាន់​​ម៉ោង​សម្រាប់​កង​​ចល័ត​​កម្លាំងទី១ ​ចំនួន៤០នាក់ ហូប។ កង​​ចល័ត​កម្លាំង​ទី១ គ្រប់​គ្រង​ដោយ ​​ឈ្មោះ​តាវឿន (ស្លាប់) ធ្វើការងារ ដក ស្ទូង​​សំណាប, ភ្ជួរ​រាល់​ដី​ស្រែ និង​ជី​ក​ទំនប់​​​​ជាដើម ហើយ​កង​ចល័ត​ប្រុស​ស្រី ​ម្នាក់​ៗ ​​ទទួល​​បាន​របប​អង្ករ ១កំប៉ុង ក្នុង១ថ្ងៃ។ នៅ​ឆ្នាំ​ដដែល នៅកោះតាស៊ុយ មានយោធា​មជ្ឈិម​​មក​ផ្សព្វ​ផ្សាយ​​​ថាលេខា​ភូមិភាគបូព៌ា ឈ្មោះ សោ ភឹម បាន​ក្បត់អង្គការ។ នៅពេលនោះ​កម្មាភិបាល​​នៅ​កោះ​តា​ស៊ុយ​​ជា​ច្រើន​នាក់ និង​ចុងភៅ​នៅ​រោ​ង​​​បាយ​ម្នាក់ ​ត្រូវបានយោធា​​មជ្ឈិម​នាំយក​ទៅ​​​សម្លាប់​ដោយ​ចោទ​​​​​ប្រកាន់​ថាជាប់ពាក់ព័ន្ធនឹង សោ ភឹម។ ចំណែក​ប្រជា​ជន​​នៅកោះតាស៊ុយ, ភូមិថ្មី, ភូមិដងក្តោង និងភូមិហាន់ជ័យ ត្រូវ​​ខ្មែរ​​​ក្រហម​ ជម្លៀសឱ្យទៅ​រស់​នៅ​​ក្នុង​វត្ត​​​​ព្រែកសំរោង ដើម្បី​​ជម្លៀស​បន្ត​តាម​កាណូត​ទៅ​តំបន់​ផ្សេងៗ។

នៅចុងឆ្នាំ១៩៧៨ សុធី ត្រូវបានអង្គការជម្លៀសពីកោះ​តាស៊ុយ ឱ្យទៅរស់នៅតំបន់​តំបែរ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)​​។ សុធី បានទៅរស់នៅវត្តតំបែរមួយរយៈ ក៏​របប​ខ្មែរ​ក្រហម​​ត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩ ទើប​ សុធី​ ​ត្រឡប់​មក​រស់​នៅ​ខេត្តក្រចេះ​វិញ។ នៅ​​ក្នុងរបបខ្មែរក្រហមក្រៅពីបាត់ដំណឹង បងប្រុស ឈ្មោះ មិន ណេង សុធី ក៏​បាន​បាត់​ដំណឹង​ប្អូន​​​​ពៅ​ម្នាក់​ទៀត ឈ្មោះ មិន គឹមអេង ដែលប្រកបរបរជាអ្នកលក់ដូរ នៅក្រុង​ភ្នំពេញ ​ដែល​ត្រូវ​បាន​​ខ្មែរ​ក្រហម​ជម្លៀស​ទៅកាន់​ខេត្តបាត់ដំបង។ ការរស់ឆ្លងកាត់របបខ្មែរក្រហម សុធី ថ្លែង​​ថា​ហាក់​ដូច​ជា​ជីវិត​មួយដែលបានរស់ឆ្លងកាត់របបសាហាវ​​ឃោរឃៅ ព្រោះនាំ​មនុស្ស​​ទៅ​​​សម្លាប់​ស្រស់​ៗ គ្មានការ​​កាត់​​ទោស។ ប្រជាជនខិតខំធ្វើការមិនថា​យប់​ថ្ងៃ ប៉ុន្តែ​អង្គ​ការនៅតែសម្លាប់។ សុធី ធ្លាប់​និយាយ​រឿង​រ៉ាវកាលពីអតីតកាលប្រាប់ដល់​ក្មេង​ៗជំ​នាន់​ក្រោយ​ដឹង​ពី​ទុក្ខ​លំបាក​ដែល​ខ្លួន​បានឆ្លងកាត់ និ​ង​​បាននិយាយថាក្មេងៗជំនាន់ក្រោយ​មាន​សំណាង​ដែល​រស់​នៅ​ក្នុង​របប​ដែល​មាន​​សុខ​សន្តិ​ភាព​៕

[1] ឯកសារ KRI0046 បទសម្ភាសន៍របស់ រ៉ា ឆៃរ៉ាន់ ជាមួយ ឈ្មោះ មិន សុធី អាយុ៦៥ឆ្នាំ​រស់​នៅ​ភូមិ​ព្រែក​សំរោង២ ឃុំខ្សាច់អណែ្ដត ស្រុកឆ្លូង ខេត្តក្រចេះ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin