ស្លាប់បងនិងប្អូន២នាក់ក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ចាប សំអុន មានអាយុ ៦០ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សំអុន មានឪពុកឈ្មោះ ចាប ជួន និងម្តាយឈ្មោះ សុខ សាប៊ាន។ គាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់។ កាលពីកុមារភាព សំអុន សិក្សារៀនសូត្របានត្រឹមថ្នាក់ទី៣ ក្នុងសម័យសង្គមរាស្ត្រនិយម។
នៅខែមេសា ឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាចដំបូង អង្គការបានតម្រូវឱ្យ សំអុន រស់នៅ និងធ្វើការងារក្នុងការដ្ឋានអង្គប្រស្រែ។ ក្រោយមក សំអុន និងគ្រួសារត្រូវបានឈ្លបខ្មែរក្រហមជម្លៀសទៅឃុំចន្ត្រី ស្រុករមាសហែក និងបន្តជម្លៀសទៅភូមិពោធិ៍លំ្យ ស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅពេលនោះ សំអុន ត្រូវបានអង្គការប្រើឱ្យធ្វើការងារដោយគ្មានពេលសម្រាក ដូចជា លើកទំនប់ ជីកប្រឡាយ និងធ្វើស្រែ ហើយពេលខ្លះ ទោះបីជាសំអុន និងកងចល័តកំពុងសម្រាកក៏ដោយ ក៏ឈ្លបដាស់ឱ្យទៅធ្វើការងារដែរ។ ថ្ងៃមួយ សំអុន នៅចាំបានថាមានគេមកលួច ចបបង្គី របស់គាត់យកទៅលាក់ទុក លុះដល់ពេលព្រឹកឡើង ឈ្លបបានស្រែកសួរថា «អ្នកណាដែលធ្វើបាត់ចបបង្គី? អ្នកនោះគឺជាខ្មាំងប្រឆាំងអង្គការ»។ ជាសំណាងល្អ ដែលឈ្លបមិនបានដាក់ទណ្ឌកម្មគ្រាន់តែដាក់កំហិតឱ្យគាត់ស្វែងរកចបបង្គីមកវិញ។ ចុងក្រោយ សំអុន ក៏អាចរកចបបង្គីនោះឃើញវិញ។
នៅខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង សំអុន បានឃើញឈ្លបប្រើប្រជាជនឱ្យបំផ្លិចបំផ្លាញវត្តអារាម វាយកម្ទេចព្រះពុទ្ធប្បដិមា និងយកបរិវេណវត្តធ្វើជាកន្លែងចិញ្ចឹមសត្វ និងជាផ្ទះបាយរួម ក្នុងគោលបំណងលុបបំបាត់សាសនា។ ក្នុងរបបនោះ សំអុន បានឃើញការកាប់សម្លាប់ប្រជាជនយ៉ាងច្រើន ដោយគាត់ពុំដឹងថាមានកំហុសអ្វីនោះទេ។ សំអុន បានឃើញផ្ទាល់ភ្នែក ពេលដែលឈ្លបនាំគ្រួសារមួយដែលមានសមាជិកបីនាក់ (ប្ដី ប្រពន្ធ និងកូន) ទៅសម្លាប់ ដោយចោទប្រកាន់បុរសជាប្តីថា ជាខ្មាំងស៊ីរូងផ្ទៃក្នុង។ សំអុន ឃើញឈ្លបចងដៃបុរសនោះទៅក្រោយ ហើយបណ្តើរគ្រួសារនោះទាំងវាយទាត់ធាក់រហូតដល់ក្នុងព្រៃ។ សំអុន គិតក្នុងចិត្តថា ឈ្លបប្រាកដជាយកជនរងគ្រោះទាំងនោះទៅសម្លាប់ចោល។
ក្នុងរបបខ្មែរក្រហម សំអុន បានបាត់បង់បងប្រុសម្នាក់ដែលស្ថិតក្នុងកងចល័ត និងប្អូន២នាក់ទៀត ដែលស្ថិតក្នុងកងកុមារ ដោយពួកគាត់បានស្លាប់ដោយសារគ្មានអាហារហូបចុកគ្រប់គ្រាន់ និងធ្វើការងារធ្ងន់ធ្ងរហួសកម្លាំង។ រីឯរូប សំអុន ផ្ទាល់ ក៏មានឈ្មោះក្នុងបញ្ជីដែលត្រូវឈ្លបនាំទៅសម្លាប់ដែរ ព្រោះគាត់ជាប្រជាជនជាប់និន្នាការដែលត្រូវបានជម្លៀសពីភូមិភាគបូព៌ា ដែលអង្គការចោទថា «ក្បាលយួន ខ្លួនខ្មែរ»។ ប៉ុន្តែដោយសាររបបខ្មែរក្រហមត្រូវបានផ្ដួលរំលំទាន់ពេលវេលា ទើបគាត់អាចរស់រានមានជីវិត និងបានស្វែងរកសមាជិកគ្រួសារ ធ្វើដំណើរត្រឡប់ពីខេត្តពោធិ៍សាត់ មករស់នៅស្រុកកំណើតវិញ។
បច្ចុប្បន្ន សំអុន គឺជាកសិកររស់នៅភូមិអង្គប្រស្រែ និងមានជំងឺប្រចាំកាយជាច្រើនដូចជា៖ លើសសម្ពាធឈាម ជំងឺក្រពះ ពោះវៀន តម្រងនោម និងឧស្សាហ៍ចុកទ្រូង ខ្នង និងចង្កេះ៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

