កាំបិតចំពុះទង់

(ព្រះវិហារ)៖ នៅក្នុងរបបខ្មែរក្រហម ផេត មានអ៊ំប្រុសម្នាក់ត្រូវខ្មែរក្រហមសម្លាប់ដោយយកកាំបិតចំពុះទង់ចាក់។ ហៀប ផេត ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ និងបច្ចុប្បន្នរស់នៅភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ គាត់មានបងប្អូនចំនួន៤នាក់ (ស្រីចំនួន៣នាក់) មានឈ្មោះដូចជា ហៀន ផេត ភេទស្រី (ម្ចាស់សាច់រឿង), ហៀប ភឿន ភេទស្រី, ហៀប ផាត់ ភេទស្រី និង ហៀប មុំ ភេទប្រុស។

នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, នៅក្នុងតំបន់ដំណាក់ស្ដេច បច្ចុប្បន្នស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានការទម្លាក់គ្រាប់បែកនៅជុំវិញដំណាក់។ ផេត និងក្រុមគ្រួសារ ព្រមទាំងប្រជាជនដទៃទៀតដែលរស់នៅជិតតំបន់នោះមានការភ័យខ្លាច បាននាំសមាជិកគ្រួសារចូលក្នុងលេណដ្ឋាន។ នៅអំឡុងពេលនោះ ផេត និងក្រុមគ្រួសារត្រូវរត់ពួននៅក្នុងលេណដ្ឋានជារៀងរាល់ថ្ងៃ ពេលមេឃមានភ្លៀងទឹកហូរចូលក្នុងលេណដ្ឋាននោះ ត្រូវស៊ូទ្រាំនៅត្រាំទឹកនោះទាល់តែស្ងាត់សំឡេងយន្តហោះទើបនាំគ្នាចេញមកខាងក្រៅវិញ។

នៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានចូលគ្រប់គ្រងក្នុងតំបន់ដែល ផេត រស់នៅ និងបានចាត់តាំងឱ្យប្រជាជនធ្វើស្រែប្រវាស់ដៃនៅភូមិស្រឡៅទូង។ ផេត បាននិយាយថា ចាប់តាំងពីពេលនោះមក គាត់មិនបានរៀនអក្សរទៀតនោះទេ គឺមានតួនាទីធ្វើការងារជារៀងរាល់ថ្ងៃ។

នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស ផេត ឱ្យទៅធ្វើការក្នុងកងយុវនារីចល័តនៅភូមិពោធិ៍។ ផេត ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើការងារចល័តចំនួន២តំបន់ គឺនៅស្រុកឆែប និងស្រុកជាំក្សាន្ដ ហើយការងារដែលគាត់ធ្វើនៅពេលនោះមានដូចជា៖ ជីកប្រឡាយ, លើកទំនប់, រែកដី, ស្ទូង និងច្រូតស្រូវ។ បន្ទាប់ពីចេញពីកងចល័ត ខ្មែរក្រហមបានចាត់តាំងឱ្យ ផេត ធ្វើជាគ្រូពេទ្យនៅឃុំពោធិ៍ ជាមួយប្រធានពេទ្យឈ្មោះ សូ វឿន (ហៅពេទ្យរ៉ាប់)។ តួនាទីរបស់ ផេត នៅពេលនោះគឺចូលព្រៃស្វែងរកឫសឈើ, សំបកឈើ និងស្លឹកឈើដែលអាចយកទៅធ្វើជាថ្នាំ។

ផេត បាននិយាយថាចំពោះការហូបចុក នៅពេលដែលខ្មែរក្រហមវាយជួងជាសញ្ញា ប្រជាជនទាំងអស់ត្រូវកាន់ចាន និងស្លាព្រារៀងៗខ្លួនដើរទៅរោងបាយ។ ផេត បានបន្តថា នៅពេលនោះខ្មែរក្រហមឱ្យគាត់ហូបបបរជាមួយទឹកគ្រឿងដែលមានសាច់ត្រីបន្តិចបន្តួច រួមជាមួយបន្លែឆៅ។ ក្នុងរបបនោះគឺអាហារដែលអង្គការកំណត់ឱ្យប៉ុន្មានគឺត្រូវហូបប៉ុណ្ណោះ មិនអាចស្នើសុំបន្ថែមទៀតនោះទេ។ ក្នុងមនុស្សម្នាក់កំណត់បបរត្រឹមមួយចានតូច ដូច្នេះហើយប្រជាជនមិនអាចបរិភោគបានឆ្អែតឡើយ។ ការដែលបរិភោគមិនឆ្អែតបានបណ្ដាលឱ្យប្រជាជនជាច្រើនធ្លាក់ខ្លួនឈឺ, ធ្វើការងារយឺតយ៉ាវ និងមិនមានកម្លាំងកំហែងបំពេញការងារ។

នៅក្នុងរបបខ្មែរក្រហម ផេត មានអ៊ំប្រុសម្នាក់ឈ្មោះ មឿង ត្រូវខ្មែរក្រហមសម្លាប់ដោយយកកាំបិតចំពុះទង់ ឬហៅម្យ៉ាងទៀតថាកាំបិតនៅចុងកាំភ្លើងចាក់សម្លាប់។ នៅពេលនោះអ៊ំប្រុសរបស់គាត់បាននាំគ្រួសារគេចពីខ្មែរក្រហម បំណងរត់ទៅប្រទេសថៃ។ ខ្មែរក្រហម បានតាមទាន់ត្រឹមភ្នំដងរែក ហើយសម្លាប់អ៊ំប្រុសរបស់គាត់នៅទីនោះ។ ប្រពន្ធ និងកូនអ៊ំប្រុសរបស់ ផេត មិនត្រូវបានខ្មែរក្រហមសម្លាប់នោះទេ។ ផេត មានការតក់ស្លុតជាខ្លាំងនៅពេលបានឮពាក្យសម្ដីប្រពន្ធអ៊ំប្រុសរបស់បាននិយាយពីស្ថានភាពដែលអ៊ំប្រុសត្រូវខ្មែរក្រហមសម្លាប់។

បច្ចុប្បន្ននេះ ផេត ឈឺសន្លាក់ដៃ-ជើង, វិលមុខជាប្រចាំ និងចុកកញ្ចឹងកខាងក្រោយ៕

សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin