បបរមួយវែកមានអង្ករមួយស្លាបព្រា

(ភ្នំពេញ)៖ ហ៊ុយ ចាន់ អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិរបោះអង្កាញ់ ឃុំព្រែកឯង ខណ្ឌច្បារអំពៅ  និងមានទីលំនៅបច្ចុប្បន្ននៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅឆ្នាំ១៩៧០ ក្រោយមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ និងមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវក្នុងតំបន់ដែល ចាន់ រស់នៅ បានបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសំបែងយ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យប្រជាជនប្រមាណ៨០ភាគរយរត់ភៀសខ្លួន និងប្រជាជនមួយចំនួនទៀតត្រូវបានខ្មែរក្រហមកេណ្ឌចូលធ្វើជាយោធា។ ក្រោយមក ចាន់ បានបួសជាព្រះសង្ឃគង់នៅវត្តច្បារអំពៅ។

នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមវាយកាន់កាប់ទីក្រុងភ្នំពេញ ចាន់ មានអាយុ១៨ឆ្នាំ និងកំពុងបួសជាព្រះសង្ឃនៅឡើយ។ ខ្មែរក្រហមបានបង្ខំប្រជាជនឱ្យចាកចេញពីទីក្រុងយ៉ាងប្រញាប់ប្រញាល់ក្នុងរយៈពេល៣ថ្ងៃ។ ចាន់ ត្រូវបានជម្លៀសទៅកាន់ខេត្តកំពង់ធំ ហើយត្រូវចាត់តាំងឱ្យធ្វើការងារដូចជាស្ទូងស្រូវ, ភ្ជួរដី, ជីកប្រឡាយ និងលើកទំនប់។

នៅឆ្នាំ១៩៧៦ ចាន់ បានសុំអង្គការលាចាកសិក្ខាបទ ព្រោះមិនចង់ស្លៀកស្បង់ចីពរធ្វើការងារទាំងនេះបន្តទៀត។ បន្ទាប់ពីសឹក ចាន់ ត្រូវបន្តធ្វើការងារដោយប្រើកម្លាំងបាយសុទ្ធសាធដោយគ្មានម៉ាស៊ីនជំនួយ ដូចជាការលើកទំនប់៦មករា និងទំនប់៧មករា។ ការងារទាំងនេះត្រូវបំពេញឱ្យទាន់ផែនការកំណត់យ៉ាងតឹងរ៉ឹង បើធ្វើមិនទាន់ពេលវេលាទេនឹងត្រូវបង្អត់អាហារ ឬបញ្ជូនទៅកសាង។

ការរស់នៅពេលនោះជួបប្រទះភាពអត់ឃ្លានយ៉ាងខ្លាំង ដោយក្នុងមួយពេលទទួលបានបបររាវចំនួនមួយវែកដែលមានអង្ករត្រឹមមួយស្លាបព្រា ហូបជាមួយសម្លចេក ឬសម្លត្រកួនមួយចានចែកគ្នាចំនួន៥នាក់។ ប្រជាជនគ្មានសិទ្ធិហូបផ្លែឈើ ឬបន្លែដាំជុំវិញផ្ទះទេ ព្រោះចាត់ទុកជាទ្រព្យសមូហភាពរបស់អង្គការ។

នៅក្នុងរបបខ្មែរក្រហម ជំងឺចម្បងបំផុតដែលប្រជាជនតែងជួបប្រទះគឺភាពអត់ឃ្លាន។ រីឯការព្យាបាលត្រូវពឹងផ្អែកទាំងស្រុងលើថ្នាំបុរាណ ហៅថាថ្នាំអាចម៍ទន្សាយ ដែលតម្រូវឱ្យលេបសម្រាប់ជំងឺគ្រប់មុខទាំងធ្ងន់ទាំងស្រាល ហើយអ្នកជំងឺទូទៅមិនទទួលបានការយកចិត្តទុកដាក់ពីគ្រូពេទ្យឡើយ។ ថ្នាំពេទ្យដែលនាំចូលពីបរទេសទុកសម្រាប់តែយោធា និងមេដឹកនាំប៉ុណ្ណោះ។

ទោះបីជាអង្គការហាមឃាត់ការប្រាស្រ័យទាក់ទងគ្នារវាងបុរសនិងស្ត្រីដើម្បីរក្សាសីលធម៌យ៉ាងណាក្តី ឈ្លបខ្មែរក្រហមខ្លួនឯងតែងតែបំពានលើរូបរាងកាយស្ត្រី និងយុវនារីមុនពេលយកពួកគេទៅសម្លាប់។ ឈ្លបខ្មែរក្រហម មិនដែលខ្វល់ឡើយថាស្រ្តីទាំងនោះជាប្រពន្ធរបស់អ្នកណាឡើយ។ ចំពោះការរៀបអាពាហ៍ពិពាហ៍ ជាដំបូងមានការអនុញ្ញាតឱ្យយុវជន និងយុវនារីស្ម័គ្រចិត្តជ្រើសរើសគ្នា តែអ្នកដែលត្រូវអង្គការបង្ខំឱ្យរៀបការគឺតែងត្រូវផ្សំផ្គុំជាមួយយោធាពិការ ឬអ្នកជំងឺ។ នៅក្នុងរបបខ្មែរក្រហម ចាន់ បានបាត់បង់សមាជិកគ្រួសារចំនួន៦នាក់។

បច្ចុប្បន្ន ចាន់ កំពុងប្រឈមនឹងជំងឺក្រពះ-ពោះវៀន និងបញ្ហាបំពង់សំឡេង។ ដោយសារជីវភាពខ្វះខាត ការពិនិត្យសុខភាពមិនបានធ្វើឡើងជាប្រចាំនិងជាប់លាប់នោះទេ៕

សម្ភាសន៍ដោយ៖ ជុន សុមុនីនាថ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin