លីវ ភឿន៖ ឈ្លបឃុំក្រាំងម្កាក់

លីវ ភឿន រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ លីវ ភឿន ភេទប្រុស មានអាយុ ៦៥ឆ្នាំ ជាកសិកររស់នៅ និងមានភូមិកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ភឿន មានឪពុកឈ្មោះ លីវ, ម្ដាយឈ្មោះ សុំ និងមានបងប្អូនចំនួនបួននាក់។ នៅពេលរំឭកពីអតីតកាល ភឿន និយាយថា “ឆ្លងកាត់វាច្រើនណាស់ចៅ!”។

នៅឆ្នាំ១៩៧២ កងទ័ពរំដោះ(កងទ័ពខ្មែរក្រហម) ចូលមកគ្រប់គ្រង​ភូមិកំណើតរបស់ភឿន។ នៅពេលនោះ ភឿន បានឃើញវត្តមានកងទ័ពវៀតណាម និងការទម្លាក់គ្រាប់បែក។

នៅឆ្នាំ១៩៧៣ ភឿន បានចូលរួមចលនាតស៊ូនៅវត្តគគីរ នៅស្រុកកណ្ដាលស្ទឹងជាមួយ តាឡុច តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ឲ្យប្រជាជនចូលព្រៃម៉ាគី ដើម្បីតស៊ូរំដោះប្រទេសជាតិ។

ដំបូងឡើយ ភឿន បានធ្វើជាឈ្លបឃុំក្រាំងម្កាក់ ដែលទៅឈ្លបយកការណ៍ និងប្រាប់អំពីដំណឹងរបស់យន្តហោះដែលមកទម្លាក់គ្រាប់បែក។ ក្រុមរបស់ភឿន មានសមាជិកប្រាំនាក់ ហើយម្នាក់ៗ​ មានកាំភ្លើងអាកា៤៧មួយដើម។ ភឿន និយាយថា កាំភ្លើងទាំងនោះ គឺបានមកពីទាហាន លន់ នល់ ដែលបាក់ទ័ព។

ភឿន ត្រូវធ្វើការនៅភូមិចំប៉ាចាប, វត្តអង្គតាប្រូច និងប៉ុស្តិ៍តេអូនៅភូមិបឹង។ ក្រៅពីនេះ ភឿន ត្រូវដាំដំឡូង, ដកស្ទូង, ភ្ជួររាស់ និងឃ្វាលគោ។ នៅពេលយប់ ភឿន ត្រូវពួនតាមគុម្ពត្រែង ឬក្រោមដើមឫស្សី ដើម្បីឈ្លបយកការណ៍។ ក្នុងមួយថ្ងៃ ក្រុមរបស់ភឿន ទទួលបានអង្ករចំនួនប្រាំពីរខាំសម្រាប់ហូប។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចទូទាំងប្រទេសកម្ពុជា ភឿន បន្តធ្វើការក្នុងកងឈ្លបឃុំ និងក្រោយមកធ្វើការក្នុងកងឈ្លបស្រុក ដោយតាមដានកងចល័ត ឬកងដឹកជញ្ជូន នៅព្រែកហូរ, ក្រមួន, ទន្លេបាសាក់ និងតាខ្មៅ។ ក្រៅពីនេះ ភឿន ធ្វើការនៅរោងម៉ាស៊ីនកិនស្រូវ នៅផ្សារកន្ទួត ដោយបើកអង្ករ និងដឹកអង្ករឲ្យកងទ័ពខ្មែរក្រហម។ ភឿន បន្តថាមានអ្នកធ្វើការជាមួយគាត់នៅផ្សារកន្ទួត បានបាត់ខ្លួន។

ភឿន ដឹងថា នៅរបបខ្មែរក្រហម  បន្ទាប់ពីខ្មែរក្រហមធ្វើប្រវត្តិរូបប្រជាជនរួច ខ្មែរក្រហមបានកត់ឈ្មោះ និងហៅបុរសស្រ្តីប្រហែលជាងម្ភៃគូ មករៀបការទាំងបង្ខំក្នុងពេលតែមួយ។ នៅពេលរៀបការ ខ្មែរក្រហមចាត់តាំងប្តីប្រពន្ធតែពីរឬបីគូប៉ុណ្ណោះ ឡើងចាប់ដៃ, ដូរក្រមាគ្នា និងប្តេជ្ញាចិត្តចំពោះមុខខ្មែរក្រហម។ ក្រោយពីប្តេជ្ញារួច ប្តីប្រពន្ធទាំងអស់ដែលនៅទីនោះត្រូវទះដៃ និងត្រលប់ទៅរស់នៅតាមខ្ទមដែលខ្មែរក្រហមរៀបចំឲ្យ។

នៅឆ្នាំ១៩៧៨ ភឿន បានទៅហាត់ទ័ពនៅភ្នំតាម៉ៅ អស់រយៈពេលកន្លះខែ។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនភឿនទៅប្រយុទ្ធជាមួយកងទ័ពវៀតណាម នៅឡុងប៊ិញ។ ភឿន និយាយថា “បើយើងមិនទៅ គេបាញ់ចោល”។ នៅពេលនោះ កងទ័ពខ្មែរក្រហមបានបាក់ទ័ព។ ភឿន បានហែលទឹក និងបណ្ដែតខ្លួនដោយតោងសាក់កាដូ និងអាវភ្លៀង ហើយគាត់រត់គេចមកបឹង៥០០ និងបន្តមករស់នៅភូមិព្រែកស្លែង។ ភឿន និយាយថា “តារស់ដោយសារសាក់កាដូ និងអាវភ្លៀងទេ!”។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ភឿន បានជួបឪពុកម្ដាយ និងបងប្អូននៅភូមិរកា និងទៅសម្រាកនៅភូមិដំណាក់អស់រយៈពេលបីថ្ងៃ។ ក្រោយមក ភឿន បានត្រលប់មករស់នៅភូមិកំណើតវិញ។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ភឿន បានរៀបការ និងមានកូនចំនួនប្រាំនាក់៕

សម្ភាសន៍ដោយ​ ថន ពុធដារ៉ូ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin