ឡឹក សោភា៖ អ្នកធ្វើការងារល្អៗដូចពូ អង្គការហៅទៅហូបបាយ

ឡឹក សោភា[1] អាយុ៥៥ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សោភា មានអាយុ១២ឆ្នាំ។ គ្រួសាររបស់សោភាគឺជាប្រជាជនថ្មី ដែលទើបតែជម្លៀសចូលទៅរស់នៅភូមិក្ដុល ក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលជ័យជម្នះលើទាហាន លន់ នល់។ នៅក្នុងភូមិក្ដុល សោភា មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះអង្គការបានចាត់តាំងគាត់ឲ្យចូលទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ។ ជារៀងរាល់ថ្ងៃ សោភា ត្រូវធ្វើការងារធ្ងន់ៗ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបររាវ៣វែកក្នុងមួយពេល ហើយមួយថ្ងៃគាត់ទទួលបានអាហារពីរដង។
សោភា បានរៀបរាប់ថា អាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់នោះទេ ហេតុនេះហើយទើបគាត់ត្រូវលួចបេះបន្លែត្រប់ ឬបេះល្ពៅយកទៅហូបភ្លាមៗ និងលួចបូតស្រូវយកមកលីង និងបុកហូបបន្ថែម។ លើសពីនេះទៅទៀត នៅពេលដែល សោភា ចេញទៅធ្វើការងារក្រៅសហករណ៍គាត់បានលួចយកស្រូវដែលលួចបានយកទៅដាក់ក្នុងកំប៉ុងមួយ រួចកប់ក្នុងដីពាក់កណ្ដាល និងប្រើភ្លើងដុតពីលើ។ នៅពេលបញ្ចប់ការងារ សោភា ឆ្លៀតពេលស្ងាត់ ចេញទៅកាយផេះ និងដីចេញរួចយកស្រូវដែលផ្ទុះខាងលើហូប ហើយស្រូវដែលខ្លោចនៅខាងក្រោមគឺយកទៅបោះចោល។
នៅក្នុងកងកុមារ ការងារដំបូងរបស់សោភា គឺរែកដីបាតស្រះក្នុងវត្តអង្គធ្លកយកទៅចាក់ក្នុងស្រែ ឲ្យបានប្រវែង១០ម៉ែត្របួនជ្រុង ដោយក្នុងផ្ទៃដីកន្លះម៉ែត្រត្រូវចាក់ដីពីរបង្គី។ ជាញឹកញាប់ សោភា និងកុមារនៅក្នុងក្រុម បានធ្វើការងាររួចរាល់មុនពេលកំណត់ ហេតុនេះហើយបានជាគាត់ចេញទៅលួចជីកកូនក្ដាម យកមកហូបជាមួយស្លឹកថ្នឹង។ ជាអកុសល ថ្ងៃមួយកងឈ្លប បានមកទាន់ និងមានបំណងបញ្ជូនកុមារទៅវត្តតាខុយដែលជាកន្លែងសម្លាប់មនុស្ស។ ពេលឮដូច្នេះ សោភា បានសុំឲ្យកងឈ្លប រង់ចាំរហូតដល់ប្រធានកងមកដល់សិន ព្រោះគាត់ចងចាំសម្ដីរបស់មេកងថាឲ្យកុមារសម្រាកពីការងារបាននៅពេលដែលលើកដីគ្រប់ផែនការ ប៉ុន្តែដោយសារតែឃ្លានខ្លាំងពេកទើបក្មេងៗនាំគ្នាលួចរកអាហារហូបបែបនេះ។ មិនយូរប៉ុន្មានប្រធានកងមកដល់ និងបានរៀបរាប់ទៅកាន់កងឈ្លប ដូចសម្ដីរបស់សោភាខាងលើ និងបានសុំឲ្យមានការលើកលែងទោសកុមារទាំងអស់។ នៅពេលឮដូច្នេះ កងឈ្លប បានយល់ព្រមដោះលែងកុមារទាំងអស់ ព្រោះនេះជាកំហុសលើកទីមួយ ហើយណាមួយកុមារទាំងអស់សុទ្ធតែជាអ្នកចំណូលថ្មី ដែលមិនទាន់ដឹងពីគោលការណ៍របស់អង្គការ។ ទោះបីជាយ៉ាងណា កុមារទាំងអស់ត្រូវបានអង្គការហៅទៅប្រជុំទិតៀន និងគំរាមយកទៅសម្លាប់ ប្រសិនបើធ្វើខុសម្ដងទៀត។
ចាប់តាំងពីពេលនោះមក សោភា លែងហ៊ានលួចអាហារហូបបន្តទៀត ហើយរូបរាងកាយរបស់គាត់ស្គមស្គាំងរហូតដល់ឃើញឆ្អឹងជំនីកាន់តែខ្លាំង ហើយជើងរបស់គាត់ហើមដល់ត្រឹមជង្គង់។ នៅពេលដែលមានជំងឺ សោភា បានទៅទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែមិនមានថ្នាំព្យាបាលត្រឹមត្រូវនោះទេ ព្រោះអ្នកដែលឈឺធ្ងន់ត្រូវស្លាប់ ហើយអ្នកឈឺតិចៗទើបបានធូរស្បើយ។ សោភា បានបន្តថា ពេទ្យរបស់អង្គការសុទ្ធតែជាមនុស្សមិនមានចំណេះវិជ្ជា ព្យាបាលអ្នកជំងឺស្លាប់អស់ពាក់កណ្ដាល។
បន្ទាប់មក សោភា បានផ្លាស់ប្ដូរទៅធ្វើកាងារផ្សេងទៀតតាមការរៀបចំដូចជា ធ្វើការដាំដំឡូងនៅព្រៃលើ, រែកដីដំបូង, រែកដីបាតស្រះពីក្នុងវត្តអង្គធ្លកយកទៅចាក់ក្នុងស្រែ, កាត់ដើមត្រកៀត, រំលាយភ្លឺស្រែដែលតូចៗឲ្យទៅជាស្រែធំ, ជីកប្រឡាយមុខវត្តអង្គធ្លក និងជីករណ្ដៅនៅខាងលិចព្រៃល្វា។ នៅពេលធ្វើការងារភាគច្រើន សោភា ស្លៀកខោខ្លី ហើយដោះអាវយកទៅមូលនៅដងរែកដើម្បីកុំឲ្យឈឺស្មារខ្លាំង។ នៅការដ្ឋានការងារ សោភា ត្រូវជីកប្រឡាយរហូតដល់ម៉ោងប្រមាណ១០ទៅ១១យប់ ទើបអាចដាក់បង្គីចុះក្បែរនោះរួចសម្រាកនៅលើដីផ្ទាល់ ដណ្ដប់ក្រមា។
នៅចុងឆ្នាំ១៩៧៨ កងឈ្លបបានមកផ្ទះរបស់សោភា ដើម្បីចាំឪពុករបស់គាត់មកពីភ្ជួស្រែវិញ។ នៅពេលដែលឪពុករបស់សោភាមកដល់ កងឈ្លបបានសួរនាំធម្មតាអំពីការងារដែលត្រូវបំពេញថ្ងៃនេះ។ បន្ទាប់មក នៅពេលដែលឪពុកសោភា ឆ្លើយថាបានធ្វើរួចរាល់ហើយ កងឈ្លប បានពោលពាក្យសរសើរឪពុករបស់សោភាថា “ពូធ្វើការបានល្អ មើលភ្ជួរស្រែហើយ លាងទឹកគោរួចស្អាត។ ពូអើយមិនបាច់ងូតទឹកទេ ដោះតែអាវមក ស្លៀកខោខ្លីទៅហូបបាយជាមួយខ្ញុំ អង្គការថាអ្នកធ្វើការងារល្អៗដូចពូអ៊ីចឹងអង្គការហៅហូបបាយ។”
ចាប់តាំងពីពេលនោះមក សោភា លែងបានជួបមុខឪពុកបន្តទៀត និងមិនបានទទួលដំណឹងអំពីទីតាំងសាកសពឪពុកគាត់។ សោភា បានបន្តថា ឪពុករបស់គាត់បានដឹងខ្លួនជាមុនថាអង្គការមានបំណងចាប់គាត់យកទៅសម្លាប់ ប៉ុន្តែគាត់ទើបតែចាប់ផ្ដើមគិតគម្រោងលួចរត់គេច ស្រាប់តែកងឈ្លបបានមកហៅចេញទៅ ដោយប្រើពាក្យសរសើរ និងដឹងពីកាលៈទេសៈរបស់ឪពុកសោភា ថាទើបតែមកពីភ្ជួរស្រែ ហេវហត់អស់កម្លាំង។ បន្ទាប់ពីចាប់ឪពុករួច បងប្អូនរបស់សោភា និងម្ដាយ ក៏ជាមុខសញ្ញារបស់អង្គការយកទៅសម្លាប់ទាំងគ្រួសារដែរ។ គ្រួសាររបស់សោភា និងគ្រួសារផ្សេងទៀតដែលអង្គការយកឪពុកទៅសម្លាប់រួច គឺត្រូវជម្លៀសទៅភូមិពងទឹក ដើម្បីត្រៀមចាំអង្គការយកទៅសម្លាប់បន្ទាប់។ ជាសំណាងល្អ មុនពេលអង្គការបញ្ជូនគ្រួសាររបស់សោភាពយកទៅសម្លាប់៣ថ្ងៃ ស្រាប់តែមានកងទ័ពស្ម័គ្រចិត្តវៀតណាម វាយចូលមក ហើយគ្រួសររបស់គាត់ បានវិលត្រលប់ទៅរស់នៅភូមិក្ដុលវិញ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ក្មួយរបស់ឪពុកសោភា បានមកលេងផ្ទះរបស់គាត់ និងបានរៀបរាប់ពីហេតុការណ៍ ដែលខ្លួនបានឃើញកងឈ្លបចាប់ឪពុករបស់សោភា ចងស្លាបសេក រួចដឹងតាមរទេះសេះយកទៅសម្លាប់។ សោភា បានស្គាល់កងឈ្លបទាំង៣នាក់ ដែលជាអ្នកដឹកឪពុករបស់គាត់យកទៅសម្លាប់ ប៉ុន្តែគាត់មិនបានសងសឹកវិញនោះទេ ព្រោះសុទ្ធតែជាអ្នករស់នៅក្នុងភូមិជាមួយ។ ទោះបីជាយ៉ាងណា គ្រួសាររបស់សោភា បានធ្វើការប្ដឹងផ្ដល់ ដើម្បីរកឆ្អឹងរបស់ឪពុក យកទៅធ្វើបុណ្យតាមប្រពៃណី។ សោភា យល់ថាប្រសិនបើគ្រួសាររបស់គាត់ សម្លាប់កងឈ្លបទាំងបីនាក់ដើម្បីសងសឹកនោះកូនចៅជំនាន់ក្រោយរបស់កងឈ្លបនឹងធ្វើការសងសឹកមកលើគ្រួសារគាត់បន្តទៅទៀត ដូច្នេះទើបគាត់សុខចិត្តបញ្ចប់ជម្លោះត្រឹមនេះ។ ក្រៅពីការបាត់បង់ឪពុក អង្គការបានចាប់សាច់ញាតិរបស់សោភាជាច្រើននាក់ ក្នុងនោះមានសមាជិកគ្រួសាររបស់អ៊ំមួយចំនួន និងពូពីរនាក់ ដោយក្នុងនោះមានពូម្នាក់ត្រូវសម្លាប់ទាំងគ្រួសារ។ ចំណែកជីដូន និងជីតា ខាងម្ដាយ ត្រូវស្លាប់ដោយសារការអត់អាហារ និងឈឺគ្មានថ្នាំព្យាបាល។
ក្រោយមកនៅពេលដែលមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម សោភា បានទៅចូលរួមមើលការកាត់ទោសពីរដង។ នៅពេលដែលតុលាការកាត់ទោស សោភា បានឃើញមេដឹកនាំក្នុងរបបខ្មែរក្រហមអង្គុយក្នុងទូកញ្ចក់មួយ និងមានទាហានយាមនៅសងខាងការពារកុំឲ្យប្រជាជនដែលខឹងសម្បាចូលទៅវាយធ្វើបាប។ បើទោះបីជាយ៉ាងណា សោភា នៅតែមិនទាន់ពេញចិត្តចំពោះការកាត់ទោសនេះទេ ព្រោះគាត់នៅតែស្រណោះឪពុកនៅពេលដែលអង្គការចាប់បណ្ដើរចេញទៅសម្លាប់នៅហ្នឹងមុខ។
[1] ជួបជាមួយឈ្មោះ ឡឹក សោភា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១, សម្ភាសន៍ដោយ ខុំ ស្រីនោរ, នៅក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា។
អត្ថបទដោយ៖ ភា រស្មី

