ម៉ី ប៉ិច៖ ត្រូវរស់នៅបែកពីគ្រួសារ

ម៉ី ប៉ិច អាយុ៧០ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ស្ថានភាពគ្រួសារប៉ិច លំបាកខ្លាំង ព្រោះត្រូវរត់គេចគ្រាប់បែក និងគ្រាប់ផ្លោងជាបន្តបន្ទាប់។ នៅឆ្នាំ១៩៧២ គ្រួសាររបស់ប៉ិច បានភៀសខ្លួនទៅស្នាក់នៅជាមួយពូក្បែរថ្នល់ជិតស្ពានត្រាំ។ បន្ទាប់មក ម្ដាយរបស់ប៉ិច បានបន្តភៀសខ្លួនទៅទិសខាងលិច ដោយទុកតែប៉ិច ម្នាក់គត់ឲ្យនៅចាំផ្ទះពូ ដើម្បីមើលសម្ភារ និងស្រូវមួយចំនួនដែលមានជាប់ខ្លួន។ មុនពេលចេញដំណើរ ម្ដាយរបស់ប៉ិច បានផ្ដាំឲ្យកូនថែរក្សាស្រូវឲ្យល្អ និងកុំឲ្យលក់ឲ្យសោះ ព្រោះពេលគាត់ត្រលប់មកវិញមានស្បៀងអាហារហូប។
លុះដល់ពេលល្ងាច ស្រាប់តែមានសំឡេងគ្រាប់បែកផ្ទុះឡើង ហើយប៉ិច បានបន្តភៀសខ្លួនទៅស្នាក់នៅផ្ទះពូជីដូនមួយម្នាក់ទៀតឈ្មោះ គុណ មួយយប់។ នៅថ្ងៃបន្ទាប់ ប៉ិច បានយកស្វាយទៅលក់នៅផ្សារ និងបានឃើញប្រជាជនជម្លៀសជាច្រើននាក់។ លុះដល់ពេលរសៀល មានការផ្ទុះគ្រាប់បែកម្ដងទៀត ដែលជាហេតុធ្វើឲ្យ ប៉ិច ត្រូវធ្វើដំណើរតាមយាយម្នាក់។ នៅពេលធ្វើដំណើរ ប៉ិច មានប្រាក់តែ៣០រៀលប៉ុណ្ណោះជាប់ខ្លួន និងមិនមានបង្វិចខោអាវ ឬសម្ភារអ្វីទាំងអស់។ នៅក្នុងយប់នោះ យាយម្នាក់ដែល ប៉ិច រត់តាមបានប្រាប់ឲ្យគាត់រត់ភៀសខ្លួនទៅរស់នៅជាមួយម្ដាយធំ នៅខាងកើតខេត្តតាកែវបន្តទៀត ព្រោះគាត់មិនអាចមើលថែ ប៉ិច បានទេ។ ប៉ិច បានធ្វើដំណើរទៅរស់នៅជាមួយម្ដាយធំនៅថ្ងៃបន្ទាប់ និងបន្តទៅរស់នៅទីក្រុងភ្នំពេញ រហូតដល់ឆ្នាំ១៩៧៥។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានចូលគ្រប់គ្រងទីក្រុងភ្នំពេញ និងបានជម្លៀសប្រជាជនទាំងអស់ឲ្យទៅទីជនបទ។ អំឡុងពេលជម្លៀស ប៉ិច បានធ្វើដំណើរតែម្នាក់ឯងទៅរស់នៅជាមួយម្ដាយនៅ ភូមិមហារាជ។ នៅក្នុងសហករណ៍ អង្គការមិនបានជម្លៀស ប៉ិច ទៅខេត្តដទៃទៀតនោះទេ ព្រោះនៅក្នុងគ្រួសារ មានតែប៉ិចម្នាក់ប៉ុណ្ណោះដែលជាប្រជាជនថ្មី ប៉ុន្តែប្រសិនបើសហករណ៍ក្បែរនោះ គឺមិនមានការលើកលែងដូច្នេះទេ។ ទោះបីជាយ៉ាងណា អង្គការនៅតែបញ្ជូន ប៉ិច ឲ្យទៅធ្វើការងារក្នុងកងចល័តយុវជន និងបែកពីគ្រួសារដដែល។
នៅក្នុងកងចល័ត អង្គការបានធ្វើការបែងចែកប្រជាជនជាពីរក្រុមគឺអ្នកមូលដ្ឋាន និងអ្នក១៧មេសា។ នៅពេលធ្វើការងារ ក្រុមទាំងពីរខាងលើត្រូវធ្វើការងារក្បែរគ្នា ប៉ុន្តែការបែកចែកក្រុមតូចៗមិនអាចលាយឡំគ្នាបានទេ។ ជាក់ស្ដែងនៅពេលលើកប្រឡាយ ប៉ិច ត្រូវជ្រើសរើសយកអ្នក១៧មេសាដូចគ្នា២នាក់ទៀត ដើម្បីបង្កើតក្រុមតូចមួយ ក្នុងការកាប់ និងរែកដី ឲ្យគ្រប់តាមចំនួនអង្គការកំណត់។ ចូលដល់រដូវធ្វើស្រែ ប៉ិច ត្រូវចូលរួមក្នុងក្រុមអ្នកថ្មីដូចគ្នា ធ្វើការងារស្ទូង និងដក ពេញមួយថ្ងៃ ហើយថ្ងៃខ្លះត្រូវបន្ថែមម៉ោងរហូតដល់ពេលយប់បន្តទៀត។ ចំណែកឯរដូវប្រមូលផល អង្គការបានកំណត់ឲ្យក្រុមយុវជន ធ្វើការងារច្រូតស្រូវប្រណាំគ្នាក្នុងស្រែ។ ក្រៅពីការងារខាងលើ ក្រុមយុវជនថ្មី ត្រូវដើរប្រមូលលាមកមនុស្សតាមបង្គន់យកទៅលាយធ្វើជាជីដាក់ក្នុងស្រែ។
ចំពោះការហូបអាហារ អង្គការបានរែកបាយយកទៅចែកតាមកង និងយូរៗម្ដងមានបបរស្ករចែកយុវជនម្នាក់មួយកា។ ការហូបអាហារនេះ មិនសូវបានគ្រប់គ្រាន់នោះទេ ប៉ុន្តែយុវជនទាំងអស់ អាចទទួលបានអាហារបន្ថែមពីឪពុកម្ដាយ(ជាអ្នកមូលដ្ឋាន) ដែលផ្ញើទៅពីសហករណ៍ និងអាចចែកសមាជិកក្នុងក្រុមហូបបន្ថែមទៀត។
ប៉ិច បានបន្តថា នៅក្នុងកងចល័តគាត់ត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ប៉ុន្តែមិនមានការធ្វើទារុណកម្មមនុស្សទេ ហើយក៏មិនមានយុវជនបាត់ខ្លួនដែរ លើកលែងតែឈ្មោះម៉ី។ ម៉ី គឺជាមនុស្សម្នាក់ ដែលដឹងរឿងរ៉ាវច្រើន ជាពិសេស រឿងសម្លាប់មនុស្ស និងការស៊ីសំណូកខ្សែក ឬវត្ថុមានតម្លៃផ្សេងៗរបស់ប្រធានកង ហើយបានរៀបរាប់ប្រាប់ទៅអ្នកធ្វើការងារជាមួយគ្នា។ រហូតដល់ថ្ងៃមួយ នៅពេលដែលក្រុមយុវជនកំពុងធ្វើការសែងដីនៅទំនប់ថ្នល់រូង ម៉ី បានទៅស្រែកលា ប៉ិច និងយុវជនទាំងអស់ ទៅតាមការកោះហៅរបស់ឈ្មោះ ស៊ុយ ជាគណៈឃុំ។ ចាប់តាំងពីពេលនោះមក ប៉ិច លែងបានជួបឈ្មោះ ម៉ី បន្តទៀត ប៉ុន្តែបើតាមការខ្សឹបគ្នារបស់យុវជន អង្គការបានចាប់ ម៉ី យកទៅវាធ្វើបាប រួចយកទៅដាក់ចងកសម្លាប់។
បន្ទាប់មក នៅពេលដែលម្ដាយប៉ិច ឈឺខ្លាំងរហូតដល់សម្រាកព្យាបាលជំងឺនៅក្នុងពេទ្យអង្គស្ដេច ប៉ិច បានសុំគណៈកងឈ្មោះ ឆន និងភិន ទៅមើលថែម្ដាយ។ នៅពេលសុំការអនុញ្ញាតដំបូង គណៈកងរបស់គាត់បានបដិសេធ និងរុញដាក់គ្នាទៅវិញទៅមក ប៉ុន្តែដោយសារ ប៉ិច យំអង្វរខ្លាំងពេក ទើបគាត់យល់ព្រមឲ្យទៅ។ នៅក្នុងមន្ទីរពេទ្យ អង្គការមានបំណងបញ្ជូនម្ដាយប៉ិច ទៅព្យាបាលបន្តនៅមន្ទីរពេទ្យស្រុក ព្រោះស្ថានភាពជំងឺរបស់គាត់បានវិវត្តធ្ងន់ធ្ងរឡើង។ នៅពេលដឹងដំណឹងនេះ ប៉ិច បានបដិសេធ រួចស្នើសុំអង្គការឲ្យបញ្ជូនម្ដាយគាត់ទៅសហករណ៍វិញ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប៉ិច បានត្រលប់ទៅរស់នៅជួបជុំបងប្អូនវិញ។ ពេលមកដល់ផ្ទះ ប៉ិច បានទទួលដំណឹងថា ពូរបស់គាត់ពីរនាក់ឈ្មោះ ភឹម និងណុន ដែលអង្គការហៅទៅធ្វើការងារក្រៅសហករណ៍បានបាត់ដំណឹងរហូតមក។ នៅពេលផ្ដល់បទសម្ភាសន៍ ប៉ិច មានជំងឺខ្វះជាតិស្ករ និងចេញរមាសពេញខ្លួននៅពេលដែលចាក់វ៉ាសាំងកូវីដ-១៩រួច។ ក្រៅពីនេះ ប៉ិច មានអាការក្អក, ផ្ដាសាយ និងអាការចុងដៃជើងម្ដងម្កាល។
សម្ភាសន៍ដោយ ខុំ ស្រីនោរ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។
អត្ថបទដោយ៖ ភា រស្មី

