ហែម អឿន៖ ប្រធានសហករណ៍ភូមិចម្រើន

ហែម អឿន អាយុ៩០ឆ្នាំ រស់នៅក្នុងភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ អឿន បានរំលឹកពីប្រវត្តិភូមិថា កាលពីដើម ភូមិដែលគាត់រស់នៅមានឈ្មោះថា «ភូមិទួលព្រិច» ប៉ុន្តែនៅពេលចូលដល់សម័យខ្មែរក្រហម អង្គការបានប្ដូរឈ្មោះភូមិនេះទៅជា «ភូមិចម្រើន» ហើយក្រោយរបបខ្មែរក្រហម ទើបប្ដូរទៅជាឈ្មោះ «ភូមិមហារាជ» រហូតមកដល់សព្វថ្ងៃ។
នៅក្នុងរបបខ្មែរក្រហម អឿន មិនដែលត្រូវបានជម្លៀសទៅធ្វើការឆ្ងាយឡើយ ព្រោះគាត់មានតួនាទីជាប្រធានសហករណ៍ភូមិចម្រើន។ ក្នុងនាម អឿន ជាអ្នកគ្រប់គ្រងក្នុងរោងបាយគាត់មានចិត្តមេត្តា និងតែងតែលួចជួយសម្រាលការលំបាករបស់អ្នកភូមិជានិច្ច។ ជាញឹកញាប់ អឿន បានលួចបន្ថែមអង្កររហូតដល់មួយកំប៉ុងសម្រាប់មនុស្សម្នាក់ ដើម្បីឱ្យអ្នកភូមិបានហូបឆ្អែត ព្រោះគាត់យល់ច្បាស់ថា ប្រជាជនត្រូវខំប្រឹងធ្វើការងារហត់នឿយខ្លាំងណាស់។ ផ្ទុយទៅវិញ បើតាមការកំណត់របស់ថ្នាក់លើ បានបង្គាប់ឲ្យគាត់ដាំបបរបែបខ្វះមុខខ្វះក្រោយ ដោយកំណត់ឱ្យប្រើអង្ករត្រឹមកន្លះកំប៉ុងប៉ុណ្ណោះសម្រាប់មនុស្សម្នាក់។ ការធ្វើបន្ថែមអាហាររបស់ អឿន បានធ្វើឱ្យអ្នកភូមិដទៃទៀតតែងតែលួចសរសើរថា សហករណ៍ដែលគាត់គ្រប់គ្រង គឺមានអាហារហូបចុកគ្រប់គ្រាន់ជាងកន្លែងផ្សេងៗ។ ថ្ងៃមួយនៅពេលដែល អឿន ត្រូវចេញទៅតាមកងក្រៅសហករណ៍រយៈពេលមួយសប្ដាហ៍ កងម៉ែៗបានមកត្អូញត្អែរប្រាប់គាត់វិញថា ខ្លួនហូបមិនឆ្អែតឡើយនៅពេលដែលគ្មាន អឿន។
ទោះបីជា អឿន មានតួនាទីជាប្រធានសហករណ៍ពិតមែន ប៉ុន្តែប្រពន្ធ និងកូនៗរបស់គាត់ ចំនួន៤នាក់ ក៏ត្រូវចូលធ្វើការងារធ្ងន់ៗដូចជា ប្រមូលជី និងកាប់ដីដំបូកដាក់ស្រែ។ ចំពោះការរៀបអាពាហ៍ពិពាហ៍ក្នុងសម័យនោះ អង្គការបានរៀបចំប្រជាជនចាប់ពី២០គូក្នុងពេលតែមួយ ដោយគ្រាន់តែទៅចាប់ដៃគ្នា និងធ្វើការប្ដេជ្ញាចិត្តរស់នៅជាមួយគ្នាជារៀងរហូត។ ការរៀបការនេះ ធ្វើឡើងតាមការស្ម័គ្រចិត្តរបស់សាមីខ្លួន ដែលក្នុងនោះមានទាំងយុវជន និងអ្នកមានវ័យចំណាស់ចូលរួមជាមួយគ្នា។
នៅខែមករា ឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមកដល់ អឿន បាននាំគ្រួសាររត់ភៀសខ្លួនទៅទិសខាងលិចដើម្បីគេចខ្លួន។ រហូតដល់របបខ្មែរក្រហមដួលរលំទាំងស្រុង អឿន បាននាំប្រពន្ធកូនត្រលប់ចូលមករស់នៅស្រុកកំណើតវិញ។ ក្រោយរបបខ្មែរក្រហម អឿន មានកូន២នាក់បន្ថែមទៀត ដែលសរុបទាំងអស់ចំនួន៦នាក់។
រឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ អឿន មិនដែលស្គាល់ឈ្មោះមេដឹកនាំកំពូលៗរបស់ខ្មែរក្រហមដូចជា ប៉ុល ពត, នួន ជា ឬ ខៀវ សំផន ឡើយ ក្នុងអំឡុងពេលដែលគាត់កំពុងធ្វើការងារ។ អឿន ទើបតែឮឈ្មោះខាងលើនៅពេលដែលមានតុលាការកាត់ទោសមេដឹកនាំ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅហើយ។ មួយវិញទៀត អឿន បានកត់សម្គាល់ឃើញថា ក្មេងៗជំនាន់ក្រោយហាក់មិនសូវមានការជឿជាក់លើការរៀបរាប់អំពីការលំបាកក្នុងសម័យខ្មែរក្រហមប៉ុន្មាននោះទេ។
នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស អឿន កំពុងរងទុក្ខដោយសារជំងឺប្រចាំកាយជាច្រើនដូចជា ចុកឆ្អឹងខ្នង, ចុកត្រកៀក, ចុកចុងឆ្អឹងជំនី, ឈឺក្រពះពោះវៀន និងលើសសម្ពាធឈាម។ ជំងឺទាំងនេះបានចាប់ផ្ដើមលុកលុយខ្លាំង បន្ទាប់ពីគាត់ដួលមួយចំហរខ្លួន រហូតឮសំឡេងប្រេះបាក់ឆ្អឹង និងធ្វើឱ្យមានការឈឺចាប់ជាប្រចាំ។ កាលពីមុន អឿន ធ្លាប់ប្រើប្រាស់ថ្នាំខ្មែរដើម្បីព្យាបាលជំងឺ ប៉ុន្តែបច្ចុប្បន្នគាត់បានប្ដូរមកប្រើប្រាស់ថ្នាំពេទ្យវិញ។ អឿន បានទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឃុំរំចង់ និងជួនកាលមានក្មួយឈ្មោះ ផល ដែលជាគ្រូពេទ្យ មកជួយពិនិត្យសុខភាព និងចាក់ថ្នាំព្យាបាលគាត់ដល់ផ្ទះផ្ទាល់តែម្ដង។
សម្ភាសន៍ដោយ ខុំ ស្រីនោរ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

