អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ

(ព្រៃវែង)៖ កើត លន មានអាយុ៧៥ឆ្នាំ រស់នៅភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ សព្វថ្ងៃ លន មានមុខរបរជាកសិករ។ នៅឆ្នាំ១៩៦៨ លន រៀនថ្នាក់ទី៣ ស្របពេលនោះមានអ្នកបបួលគាត់ទៅធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ។
លន បាននិយាយថា នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ លន ធ្វើជាគ្រូបង្រៀនកុមារតូចៗចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដោយអនុវត្តន៍តាមការណែនាំឱ្យ «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ»។ នៅអំឡុងពេលធ្វើរដ្ឋប្រហារ មានការទម្លាក់គ្រាប់បែកបេ៥២ យ៉ាងខ្លាំងក្លាទាំងយប់ទាំងថ្ងៃ ធ្វើឱ្យផ្ទះសំបែងញ័ររង្គើ បណ្តាលឱ្យមនុស្សស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។ នៅក្នុងឆ្នាំ១៩៧២ លន បានរៀបការជាមួយប្រពន្ធរបស់គាត់។
លុះដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយបែកទីក្រុងភ្នំពេញ មានការជម្លៀសប្រជាជន និងទាហានដែលរងរបួសចាញ់សង្រ្គាមមកដាក់ក្នុងវិទ្យាល័យ និងអនុវិទ្យាល័យ។ នៅក្នុងរបបខ្មែរក្រហម លន រស់នៅជាប្រជាជនធម្មតា ត្រូវបានអង្គការឱ្យបង្រៀនសិស្សនៅក្រោមផ្ទះ ធ្វើស្រែចំការ និងជីកព្រែក។ ការហូបចុកមានការខ្វះខាតខ្លាំង ទទួលបានត្រឹមតែបបរមួយចានតូច ហើយត្រូវធ្វើការធ្ងន់ធ្ងរហួសពីកម្លាំង។ លន បានប្រាប់ថា នៅក្នុងរបបខ្មែរក្រហម រាលដំណាំ បន្លែ ផ្លែឈើ ឬស្រូវអង្ករ ដែលដាំដោយខ្លួនឯង មិនមានសិទ្ធិបរិភោគឡើយ ហើយប្រសិនជាលួចហូបនឹងត្រូវអង្គការនាំយកទៅរៀនសូត្រ ឬយកទៅកសាង។ ចំពោះវិស័យសុខាភិបាល មានកម្រិតទាបបំផុត គ្មានថ្នាំព្យាបាលគ្រប់គ្រាន់ឡើយ មានតែថ្នាំធ្វើពីឫសឈើបុរាណ និងយកទឹកដូងធ្វើជាសេរ៉ូមចាក់ព្យាបាល ធ្វើឱ្យកុមារដែលឈឺភាគច្រើនត្រូវបាត់បង់ជីវិត។
លន បានបន្ថែមថា ក្រោយបញ្ចប់ការងារ ខ្មែរក្រហមតម្រូវឱ្យមានការប្រជុំទិតៀន។ ប្រជាជននៅក្នុងសហករណ៍ទាំងអស់ត្រូវទិតៀនពីកំហុសឆ្គងគ្នាទៅវិញទៅមក ទោះបីជាឪពុកម្តាយបង្កើតក៏ដោយ មិនត្រូវមានមនោសញ្ចេតនា ឬការគោរពឡើយ គឺត្រូវគោរពតែអង្គការតែមួយគត់។ លន ត្រូវបានគេជម្លៀសឱ្យទៅរស់នៅភូមិត្រពាំងថ្លាន់ ខ្មែរក្រហមមិនឱ្យគាត់រស់នៅជាមួយឪពុកម្តាយបងប្អូនឡើយ។ ផ្ទះធំពីរបីខ្នងរបស់ លន ត្រូវបានខ្មែរក្រហមដកហូតធ្វើជាក្រោលគោក្របី។
ស្រ្តីចំណាស់នៅក្នុងភូមិត្រូវបានចាត់តាំងឱ្យមើលថែក្មេងតូចៗ ឬឱ្យពុះឧស និងធ្វើជាចុងភៅ។ យុវជនពេញកម្លាំងត្រូវបានបញ្ចូលទៅក្នុងកងចល័ត ដើម្បីទៅជីកព្រែកជ្រៅៗ កាប់ប្រព័ន្ធភ្លឺស្រែ និងកាប់ព្រៃឆ្ងាយៗ។ ខ្មែរក្រហមបានអនុវត្តន៍ផែនការមហាលោតផ្លោះ មហាអស្ចារ្យ តាមទ្រឹស្តីរបស់ ប៉ុល ពត បង្ខំឱ្យធ្វើស្រែឱ្យបានពី១តោនទៅ៣តោន ដោយប្រមូលលាមកមនុស្ស និងលាមកសត្វមកធ្វើជាជី។
នៅក្នុងរបបនោះ មិនមានការដាក់ទណ្ឌកម្មឱ្យឃើញចំហឡើយ បើមានអ្នកប្រព្រឹត្តខុស នឹងត្រូវគេនាំខ្លួនយកទៅបាត់តែម្តង ការស្រឡាញ់គ្នារវាងប្រុសស្រីដោយលួចលាក់ ជាការល្មើសសីលធម៌ទី៦ ព្រោះមានតែអង្គការទេដែលមានសិទ្ធិសម្រេចរៀបចំគូស្រករ។ លន ធ្លាប់ឃើញបុរសម្នាក់នៅក្នុងភូមិត្រូវបានខ្មែរក្រហមចងដៃអូសយកទៅវាយចោលនៅព្រៃខាងលិច។ ព្រះសង្ឃត្រូវបានបង្ខំឱ្យផ្សឹក វត្តអារាមត្រូវបានកម្ទេចចោលនៅចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤។ ស្ត្រីមេម៉ាយដែលមានអាយុស្រករម្តាយរបស់ លន ប្រមាណ៣០នាក់ ត្រូវបានខ្មែរក្រហមយកប្តីទៅសម្លាប់ចោល។ មនុស្សដែលអង្គការយកទៅរៀនសូត្រ មិនដែលឃើញមានអ្នកណាត្រឡប់មកវិញឡើយ។ ក្រោយឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន លន មានជំងឺហត់ប្រចាំកាយ ដែលជាផលវិបាកបន្សល់ទុកពីការធ្វើការធ្ងន់ធ្ងរហួសប្រមាណក្នុងរបបខ្មែរក្រហម៕
សម្ភាសន៍ដោយ៖ ឆៃ កន្និកា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

