គ្រួសារត្រូវបានគេយកទៅសម្លាប់ចោល

(កំពង់ឆ្នាំង)៖ លាស់ ហ៊ីម អាយុ៦០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឈូកក្រញាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃនេះ គាត់មានជំងឺខ្សោយបេះដូង និងលើសជាតិអាស៊ីត។
នៅអំឡុងឆ្នាំ១៩៧០ មុនពេលខ្មែរក្រហមឡើងកាន់អំណាច ភូមិរបស់ ហ៊ីម បានរងការគំរាមកំហែងយ៉ាងខ្លាំងពីការទម្លាក់គ្រាប់បែក។ នៅពេលនោះ យោធាខ្មែរក្រហមបានវាយចូលមកក្នុងភូមិ ហើយបានដុតបំផ្លាញផ្ទះរបស់ជីតាគាត់ចោល។ នៅក្នុងឆ្នាំដដែលនោះ តំបន់ដែលគាត់រស់នៅក៏បានរងការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងឥតឈប់ឈរចេញពីតំបន់ផ្លូវជាតិលេខ៥ ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស សត្វ និងខូចខាតទ្រព្យសម្បត្តិយ៉ាងដំណំ។
នៅពេលខ្មែរក្រហមគ្រប់គ្រងអំណាច ហ៊ីម មានអាយុប្រហែល ១០ឆ្នាំ។ របបនោះបានបំបែកបំបាក់ក្រុមគ្រួសាររបស់ ហ៊ីម ដោយបង្ខំឱ្យឪពុកម្តាយទៅរស់នៅតាមសហករណ៍ រីឯគាត់ត្រូវបញ្ជូនឱ្យទៅធ្វើការនៅក្នុងកងចល័តកុមារ។ ការងារចម្បងរបស់គាត់គឺការលើកទំនប់ និងជីកប្រព័ន្ធទឹក។ ហ៊ីម បានរំឮកថា នាពេលនោះ ការរស់នៅជួបការលំបាកវេទនារកប្រៀបមិនបានឡើយ ទាំងខ្វះខាតអាហារ ខ្វះខាតសម្លៀកបំពាក់ និងត្រូវបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរហួសពីកម្លាំងកុមារ។ ការហូបចុកមានភាពខ្សត់ខ្សោយបំផុត រហូតដល់ថ្នាក់ត្រូវលួចបេះផ្លែឈើ ឬជីកមើមឈើតាមព្រៃភ្នំ បរិភោគដើម្បីគ្រាន់តែរស់រានមានជីវិត។ ហ៊ីម ត្រូវធ្វើការងារគ្មានពេលសម្រាកគ្រប់គ្រាន់ឡើយ ហើយប្រសិនបើធ្វើការយឺតយ៉ាវ នោះនឹងត្រូវរងការគំរាមកំហែង ឬរងទណ្ឌកម្មយ៉ាងព្រៃផ្សៃពីសំណាក់មេកង។
ស្ថានភាពកាន់តែអាក្រក់ទៅៗ នៅពេលដែល ហ៊ីម បានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺគ្រុនចាញ់។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងសហករណ៍ ប៉ុន្តែទីនោះគ្មានថ្នាំសង្កូវព្យាបាលត្រឹមត្រូវឡើយ។ នៅក្នុងមន្ទីរពេទ្យ គាត់បានឃើញទិដ្ឋភាពដ៏រន្ធត់នៃការធ្វើទារុណកម្ម និងការព្យាបាលមនុស្សមិនខុសពីសត្វធាតុ ព្រមទាំងការស្លាប់របស់ប្រជាជនជាច្រើននាក់ជារៀងរាល់ថ្ងៃ។ ក្រៅពីការឈឺចាប់ខាងរាងកាយ ហ៊ីម មានវិបត្តិផ្លូវចិត្តដោយសារការបាត់បង់សមាជិកគ្រួសារ។ ឪពុករបស់លោកត្រូវបានខ្មែរក្រហមចាប់ខ្លួនយកទៅដាក់គុកអស់រយៈពេលប្រហែលកន្លះខែ ក្រោមការចោទប្រកាន់ថាល្មើសបញ្ជារបស់អង្គការ។
បន្ទាប់មក ខ្មែរក្រហមបានជម្លៀស និងយកសមាជិកគ្រួសាររបស់ ហ៊ីម ទាំងអស់ទៅសម្លាប់ចោលយ៉ាងអយុត្តិធម៌។ ហ៊ីម ផ្ទាល់ ក៏ធ្លាប់បានឃើញការធ្វើទារុណកម្ម និងការសម្លាប់មនុស្សនៅក្បែរកន្លែងធ្វើការរបស់គាត់ដែរ ដែលរូបភាពដ៏ស្រងូតស្រងាត់ និងរន្ធត់ចិត្តទាំងនោះ បានដក់ជាប់នៅក្នុងការចងចាំរបស់គាត់មិនអាចបំភ្លេចបានឡើយ៕
សម្ភាសន៍ដោយ៖ ម៉ើត រ៉ម៉ី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

