ប្រធានក្រុមនៅក្នុងរោងបាយ

(ព្រៃវែង)៖ ឌឹម សឿន មានអាយុ៧៦ឆ្នាំ រស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងមានមុខរបរជាកសិករ។ សឿន បានរៀបការតាំងពីគាត់មានអាយុ១៦ឆ្នាំ មុនពេលដែលរបបខ្មែរក្រហមចូលគ្រប់គ្រង។ នៅក្នុងពិធីមង្គលការរបស់គាត់ រៀបចំតាមប្រពៃណី មានការចាក់មេក្រូ មានការសាងសងរោង និងមានភ្ញៀវចូលរួម ព្រមទាំងមានពិធីបុកល័ក្ខត្រឹមត្រូវទំនៀមទម្លាប់។
នៅក្នុងឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច និងមានការទម្លាក់គ្រាប់បែកនៅភូមិ នាំឱ្យ សឿន និងក្រុមគ្រួសាររត់ភៀសខ្លួនទៅរស់នៅទន្លេជ្រៃប្រហែលមួយសប្តាហ៍។ ក្រោយពេលសភាពការណ៍ស្ងប់ស្ងាត់ សឿន និងគ្រួសារបានត្រឡប់មកភូមិវិញ។ ការទម្លាក់គ្រាប់បែកនោះមិនបណ្តាលឱ្យមានមនុស្សស្លាប់ ឬខូចខាតទ្រព្យសម្បត្តិឡើយ។
នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានចូលមក និងចាត់តាំងឱ្យ សឿន ធ្វើជាចុងភៅដាំបាយនៅសហករណ៍ ដោយសារគាត់មានអត្តចរិតរៀងកាចឆ្នាស់។ ពេលនោះចុងភៅនៅក្នុងសហករណ៍នោះមានចំនួន៣នាក់។ ក្នុងរបបខ្មែរក្រហម សឿន ជាប្រជាជនមូលដ្ឋាន ហើយគាត់ត្រូវស្នាក់នៅជាមួយនឹងប្រជាជន១៧មេសា ដែលបានជម្លៀសមកពីភ្នំពេញ។ សឿន ទទួលបានតួនាទីជាប្រធានក្រុមនៅក្នុងរោងដាំបាយ ព្រមទាំងជាប្រធានក្រុមបុកអង្ករ រែងអង្ករ និងមានភារកិច្ចពិនិត្យមើលសមាជិកនៅក្នុងទាំងអស់ថាធ្វើការសកម្ម ឬមិនសកម្ម។ ចំពោះការហូបចុក សឿន ហូបដូចជាប្រជាជនទូទៅ អង្គការឱ្យហូបបបរគឺហូបបបរ ឱ្យហូបបាយគឺហូបបាយ។ ម្ហូបអាហារធ្វើរួចរាល់នៅម៉ោង៩ មានការវាយជួងឱ្យក្មេងៗកាន់ចានមកទទួលបាយ និងមានសម្លតែមួយមុខប៉ុណ្ណោះ។ លុះដល់ម៉ោង១១ ទើបមនុស្សចាស់ឡើងពីធ្វើការមកហូបបាយ ហើយចូលធ្វើការវិញនៅម៉ោង១ និងឈប់សម្រាកនៅម៉ោង៥ល្ងាច។
នៅក្នុងរបបខ្មែរក្រហម ដោយសារគ្មានថ្នាំព្យាបាលគ្រប់គ្រាន់ ក្រុមគ្រូពេទ្យបានយកសំបកឈើ និងឫសឈើដែលអាចធ្វើជាថ្នាំមកដាំសម្រាប់ព្យាបាលអ្នកជំងឺ ហើយការព្យាបាលគ្មានសម្ភារគ្រប់គ្រាន់ឡើយ ប្រសិនមានអ្នកជំងឺធ្ងន់ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្ត ចំណែកអ្នកជំងឺខ្លះបញ្ជូនទៅមិនទាន់ត្រូវបាត់បង់ជីវិត។ នៅក្នុងរបបនោះ ប្អូនប្រុសរបស់ សឿន ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យឡើងត្នោត ហើយបណ្ដាលឱ្យធ្លាក់មកបាក់ជើង។ ចំណែកប្អូនពៅត្រូវបានខ្មែរក្រហមចាប់ឱ្យទៅធ្វើយោធា និងបានបាត់ដំណឹងរហូតមកដល់បច្ចុប្បន្នដោយមិនដឹងថាស្លាប់ឬរស់ឡើយ។
សឿន បានបញ្ជាក់ថា នៅក្នុងស្រុកភូមិរបស់គាត់ ខ្មែរក្រហមមិនវាយធ្វើបាបប្រជាជនខ្លាំងក្លាទេ គ្រាន់តែមិនឱ្យបរិភោគ និងសម្រាកបានគ្រប់គ្រាន់។ សឿន មិនដែលឃើញការធ្វើទារុណកម្មដោយផ្ទាល់ភ្នែកឡើយ ឃើញតែឈ្លបចាប់ចងមនុស្សជាខ្សែជាមួយនឹងធាងត្នោតយកទៅ។ នៅពេលម៉ោង៧ ឬម៉ោង៨យប់ មនុស្សចាស់និងបុរសៗចាប់ផ្តើមភ័យព្រួយ ព្រោះខ្លាចឈ្លបចាប់យកទៅកសាង ឬសម្លាប់។ សឿន បានបន្តថា នៅក្នុងរបបខ្មែរក្រហមវត្តអារាម ត្រូវបានអង្គការយកធ្វើជាទីតាំងស្លថ្នាំ រីឯព្រះសង្ឃត្រូវបានចាប់ផ្សឹកទាំងអស់ឱ្យមកធ្វើស្រែចំការ ចិញ្ចឹមមាន់ទា ប្រសិនមិនព្រមធ្វើតាមនឹងត្រូវយកទៅកសាង។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀស សឿន និងគ្រួសារទៅកាន់ទន្លេបិទ ដោយប្រាប់ថាឱ្យទៅរកស៊ី និងរស់នៅលើដីថ្មី។ ពេលទៅដល់ ឪពុកនិងប្តីរបស់ សឿន បានព្រលែងគោក្របីឱ្យដើរស៊ីស្មៅនៅជុំវិញនោះ ពីរថ្ងៃក្រោយមក អង្គការបានបង្គាប់ឱ្យចាប់ចងគោ ក្របីវិញ។ នៅពេលនោះ ក្រុមរណសិរ្សសង្គ្រោះជាតិបានចូលមករំដោះប្រទេសកម្ពុជា និងបានណែនាំឱ្យ សឿន ព្រមទាំងក្រុមគ្រួសារត្រឡប់មកស្រុកភូមិវិញ។ របបខ្មែរក្រហមបានបន្សល់ទុកនូវការចងចាំដ៏ជូរចត់ និងដក់ជាប់ក្នុងចិត្តរបស់ សឿន អស់មួយជីវិត។ របបនោះបង្ខំឱ្យធ្វើការងារច្រើនលើសកម្លាំង មិនឱ្យហូបចុកនិងសម្រាកគ្រប់គ្រាន់ទេ ព្រមទាំងសម្លាប់ប្រជាជនស្លូតត្រង់អស់ជាច្រើន។ ក្រៅពីនោះទ្រព្យសម្បត្តិផ្ទាល់ខ្លួនត្រូវបានប្រែជារបស់អង្គការ សូម្បីតែស្រូវដែលខំធ្វើបាន មិនហ៊ានហូប ហើយត្រូវទុកសម្រាប់តែអង្គការ៕
សម្ភាសន៍ដោយ៖ ឆៃ កន្និកា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

