សារដាស់តឿនដល់ក្មេងជំនាន់ក្រោយ

(កណ្ដាល)៖ រស់ ណម បានបញ្ជាក់បន្ថែមថា៖ «ក្មេងជំនាន់ក្រោយគួរសិក្សាស្វែងយល់ពីរបបខ្មែរក្រហមឱ្យបានច្បាស់លាស់ ព្រោះរឿងរ៉ាវទាំងនេះគឺជាបទពិសោធន៍ដែលមនុស្សចាស់ជំនាន់មុនបានបន្សល់ទុកសម្រាប់ផ្តល់ជាចំណេះដឹងឱ្យក្មេងៗជំនាន់ក្រោយបានយល់ដឹង»។

រស់ ណម បច្ចុប្បន្នមានអាយុ៧១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្ដីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ណម មានបងប្អូនបង្កើតសរុបចំនួន១១នាក់ ក្នុងនោះមានប្រុសចំនួន៧នាក់ និងស្រីចំនួន៤នាក់។

មុនពេលមានការធ្វើរដ្ឋប្រហារ ណម បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីរួចរាល់។ នាពេលនោះ  ណម ជាកសិករ ចំណែកឯប្ដីគឺជាអ្នកមើលសត្វ។ ក្រោយមកកើតមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ និងមានការទម្លាក់គ្រាប់បែក។ ជារៀងរាល់ថ្ងៃតែងតែមានយន្តហោះទម្លាក់គ្រាប់បែក ដែលតម្រូវឱ្យ ណម, ប្ដី និងប្រជាជននៅក្នុងភូមិរត់ទៅពួនក្នុងត្រង់សេដើម្បីការពារជីវិត។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ។ បន្ទាប់ពីខ្មែរក្រហមបានក្តោបក្តាប់អំណាចគ្រប់គ្រងប្រទេសកម្ពុជាទាំងមូល របបនោះបានបង្ខំឱ្យ ណម និងគ្រួសារជម្លៀសទៅខេត្តបាត់ដំបង។ ដំណើរនៃការជម្លៀសពោរពេញទៅដោយផលវិបាកជាច្រើន ដោយសារប្រជាជនត្រូវធ្វើដំណើរដោយថ្មើរជើង ព្រមទាំងប្រឈមមុខនឹងការខ្វះខាតអាហារនិងទឹកសម្រាប់បរិភោគ។

នៅក្នុងរបបខ្មែរក្រហម ណម ត្រូវបានចាត់តាំងឱ្យធ្វើការជាកសិករ ចំណែកឯប្ដីរបស់គាត់ត្រូវបានអង្គការជម្លៀសឱ្យទៅជីកស្រះ និងរែកដី។ ការរស់នៅបែកគ្នាឆ្ងាយនេះធ្វើឱ្យអ្នកទាំងពីរត្រូវប្រើពេលវេលាយូរទើបមានឱកាសបានជួបមុខគ្នាម្តង។  ចំពោះស្ថានភាពនៃការហូបចុកនៅកន្លែងដែល ណម រស់នៅ គឺមិនមានការខ្វះខាតខ្លាំងនោះទេ បើទោះបីជាតំបន់ផ្សេងទៀតអាចជួបប្រទះភាពលំបាក។ នៅពេលដល់រដូវប្រមូលផលពោត ឬដំឡូង ណម អាចនាំយកទិន្នផលទាំងនោះទៅហូប។ ទោះបីជាអាហារទាំងនោះមិនមានបរិមាណច្រើនលើសលប់ ប៉ុន្តែវាអាចផ្គត់ផ្គង់បានគ្រប់គ្រាន់សម្រាប់គ្រួសារ។

ទាក់ទងនឹងបញ្ហាសុខភាពនិងការព្យាបាល នៅពេលមានអ្នកមានជំងឺឈឺថ្កាត់ ខ្មែរក្រហមតែងតែផ្តល់ថ្នាំឱ្យហូប។ ប្រជាជនមិនបានដឹងថាវាជាថ្នាំប្រភេទអ្វីពិតប្រាកដនោះទេ ប៉ុន្តែនៅពេលនោះនិយមហៅថាថ្នាំអាចម៍ទន្សាយ។ នៅក្នុងរបបនោះ មិនថាមាននរណាម្នាក់ឈឺជំងឺអ្វីមួយឡើយ គឺគ្រូពេទ្យតែងតែប្រើប្រាស់ថ្នាំមួយប្រភេទនេះដើម្បីព្យាបាលគ្រប់ជំងឺទាំងអស់។ ដោយសារតែថ្នាំដែលខ្មែរក្រហមផ្តល់ឱ្យគ្មានប្រសិទ្ធភាពជួយឱ្យជាសះស្បើយ ណម ត្រូវបាត់បង់ឪពុកម្តាយ និងប្អូនស្រីចំនួន២នាក់ដោយសារតែជំងឺ។

ក្រោយពេលប្រទេសជាតិត្រូវបានរំដោះចេញពីរបបខ្មែរក្រហម ប្រជាជនជាច្រើនបាននាំគ្នារត់ភៀសខ្លួនទាំងលំបាកវេទនា។ ក្នុងព្រឹត្តិការណ៍រត់ភៀសខ្លួននោះ មនុស្សជាច្រើននាក់ត្រូវបានខ្មែរក្រហមបាញ់សម្លាប់ចោល។ ណម និងប្ដីបានខិតខំតស៊ូរត់ភៀសខ្លួនរហូតអាចត្រឡប់មករស់នៅឯស្រុកកំណើតរបស់ខ្លួនវិញបានដោយសុវត្ថិភាព។ ក្រោយពេលរំដោះរួច ណម នៅសល់បងប្អូនស្រីចំនួន២នាក់ និងប្រុសចំនួន៧នាក់។ បន្ទាប់ពីការរំដោះ ណម និងប្ដីបានបន្តប្រកបរបរជាកសិករ និងធ្វើស្រែចម្ការចិញ្ចឹមជីវិត៕

សម្ភាសន៍ដោយ៖ ប៊ុង វ៉េងលៀក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin