បបរមួយចានដែកសម្រាប់៤នាក់

(កំពង់ឆ្នាំង)៖ ធៀន ផាត អាយុ៨០ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងមានបញ្ហាសុខភាពជាប់ខ្លួនដូចជា ជំងឺលើសឈាម ជំងឺសួត និងជំងឺក្រពះ។
នៅក្នុងអំឡុងឆ្នាំ១៩៧០ ផាត រស់នៅជាមួយស្វាមីឈ្មោះ ញឹក បូ ដែលជាទាហានប្រចាំការនៅបន្ទាយស្វាយជ្រុំ ខេត្តកំពង់ឆ្នាំង និងមានកូនពីរនាក់ឈ្មោះ ញឹក ចាន់ថន និង ញឹក ថា។ នៅឆ្នាំ១៩៧០ បន្ទាយស្វាយជ្រុំដែលជាកន្លែងស្នាក់នៅត្រូវបានវាយបែកដោយយោធាខ្មែរក្រហម ហើយក្រោយមកត្រូវបានយន្តហោះទម្លាក់គ្រាប់បែកកម្ទេចទាំងស្រុង ដែលបណ្តាលឱ្យទាហានស្លាប់ជាច្រើននាក់។
នៅឆ្នាំ១៩៧១ ខ្មែរក្រហមបានចូលគ្រប់គ្រង ហើយជម្លៀស ផាត ទៅកាន់តំបន់នាងពពក ស្រុកគ្រាំងលាវ។ ក្នុងឆ្នាំ១៩៧៣ ផាត ត្រូវបានបញ្ជូនទៅរស់នៅតំបន់ហាន់ស្រៀវ ដើម្បីធ្វើស្រែជាលក្ខណៈបុគ្គល ព្រោះមិនទាន់មានការបង្កើតសហករណ៍ហូបរួមនៅឡើយ។ នៅឆ្នាំ១៩៧៤ កម្មាភិបាលខ្មែរក្រហមបានសម្លាប់អ្នកដែលធ្លាប់ជួយជ្រោមជ្រែង ផាត ក្រោមការចោទប្រកាន់ថាបានជួយប្រពន្ធទាហាន។
លុះដល់ឆ្នាំ១៩៧៥ ផាត ត្រូវបានជម្លៀសតាមរទេះមកកាន់តំបន់ប្រណក់ ស្រុកបរិបូណ៌។ ទោះបីជាត្រូវបានចាត់ទុកជាប្រជាជនចាស់ ប៉ុន្តែដោយសារប្រវត្តិរូបជាប្រពន្ធរបស់ទាហាន ផាត មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាមេកង ឬមេក្រុមឡើយ និងត្រូវបង្ខំឱ្យធ្វើការធ្ងន់ៗដូចជា កាប់ដី លើកភ្លឺស្រែ ស្ទូងស្រូវ និងច្រូតកាត់ មិនខុសពីប្រជាជនថ្មីឡើយ។
របបអាហារនៅក្នុងរបបខ្មែរក្រហម ហូបរួម អាហារមានកម្រិតតិចតួចបំផុតជាបាយ ឬបបរដែលត្រូវបែងចែកគ្នាហូបក្នុងចានដែកមួយសម្រាប់មនុស្ស៤នាក់។ នៅពេលអាហារមិនគ្រប់គ្រាន់ ផាត ត្រូវដើរបេះត្រួយដំឡូងយកមកស្លជាមួយក្តាមដើម្បីចម្អែតក្រពះ។ ចំពោះការរស់នៅ ប្រជាជនចំនួនពីរគ្រួសារត្រូវស្នាក់នៅជុំគ្នាក្នុងផ្ទះតែមួយ។ ក្នុងរបបនោះ កូនស្រីច្បងរបស់ ផាត បានបាត់បង់ជីវិតដោយសារជំងឺហើម និងហត់។
ទាក់ទងនឹងបញ្ហាសីលធម៌ ផាត ធ្លាប់ឮអំពីករណីកម្មាភិបាលពីរនាក់ បានខុសសីលធម៌ជាមួយគ្នានៅតំបន់ទន្លេសាប ហើយបានធ្វើអត្តឃាតព្រោះខ្លាចអង្គការយកសម្លាប់។ នៅក្នុងរបបខ្មែរក្រហម សាសនាទាំងអស់ត្រូវបានលុបបំបាត់ចោល ហើយបង្ខំឱ្យព្រះសង្ឃលាចាកសិក្ខាបទមកធ្វើស្រែ ក្រៅពីនោះរូបព្រះពុទ្ធប្បដិមាត្រូវវាយកម្ទេចចោលហើយយកទៅកប់នៅមុខវិហារ និងប្រើប្រាស់ព្រះវិហារធ្វើជាកន្លែងកិនស្រូវ កន្លែងធ្វើរទេះ និងសិប្បកម្មដែកសម្រាប់ផលិតកាំបិត ពូថៅ និងចប។ ក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ ផាត និងស្វាមីបានជួបជុំគ្នា និងប្រកបរបបធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត៕
សម្ភាសន៍ដោយ៖ ម៉ាង ចន្រ្ទា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

