ជាប់គុកដោយសារមានកងចល័តបុរសរត់ទៅវៀតណាម

(ខេត្តស្វាយរៀង) វ័រ ជីម មានអាយុ ៦៣ឆ្នាំ រស់នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ជីម មានឪពុកឈ្មោះ វ័រ ប៊ុត និងម្តាយ ឈ្មោះ គល់ ប៉ុក ហើយគាត់គឺជាកូនពៅនៅក្នុងគ្រួសារដែលមានបងប្អូនស្រីចំនួន ២នាក់។
កាលពីកុមារភាព ជីម រៀនបានត្រឹមថ្នាក់ទី១០ (សម័យសង្គមរាស្ត្រនិយម)។ ជីម បានរៀបរាប់អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមថា កាលនោះអង្គការបានបង្ខំឱ្យគាត់រែកដី និងជីកប្រឡាយ នៅឃុំស្វាយធំ និងឃុំស្វាយចេក។ ជីម និងសមាជិកកងចល័ត ធ្លាប់ត្រូវបានអង្គការបោកបញ្ឆោតថាឱ្យទៅមើលកុននៅវត្តជ្រោង ប៉ុន្តែជាសំណាងល្អ គាត់អាក់ខានមិនបានទៅ ព្រោះមានអ្នកស្គាល់គ្នាប្រាប់ថា «សមមិត្តកុំទៅអី គ្មានកុនឯណាមើលទេ» ដែលតាមពិត អង្គការមានបំណងចង់នាំសមាជិកកងចល័តទាំងនោះទៅសម្លាប់ចោល។
ក្រោយមក មានសមាជិកកងចល័តបុរសៗបានរត់ភៀសខ្លួនទៅប្រទេសវៀតណាម ទើបធ្វើឱ្យ ជីម និងកងចល័តនារីចំនួន ១១នាក់ ត្រូវបានអង្គការចោទប្រកាន់ថា បានចូលដៃជាមួយក្រុមកងចល័តបុរសទាំងនោះ។ ជីម និងនារីទាំង ១១នាក់ ត្រូវបានអង្គការចាប់ដាក់គុក។ នៅក្នុងគុក ឆ្មាំបានដាក់ខ្នោះដៃខ្នោះជើង និងផ្តល់បបរឱ្យហូបតែមួយកូនចានប៉ុណ្ណោះក្នុងមួយថ្ងៃ។ នៅពេលថ្ងៃ ជីម និងអ្នកជាប់ទោសដទៃទៀត ត្រូវធ្វើការងារកសិកម្មធ្ងន់ៗដូចជា ដកស្ទូង, ជញ្ជូនកណ្តាប់, រែកជី, ភ្ជួររាស់ និងជីកស្រះ។ នៅពេលយប់ អ្នកទោសត្រូវសម្រាកដោយមានខ្នោះជាប់ជើងជានិច្ច។ ក្រោយពេលជាប់គុកបានមួយរយៈ អង្គការបានផ្លាស់ប្តូររបបអាហារ ដោយផ្តល់ជាអង្ករចំនួន ៧កំប៉ុង សម្រាប់ឱ្យអ្នកទោសដាំស្លហូបខ្លួនឯង។ ជីម និងអ្នកទោសផ្សេងទៀត បានចែកវេនគ្នាដើម្បីចម្អិនអាហារ។ ដោយសារអ្នកទោសមានចំនួនច្រើន អ្នកទទួលបន្ទុកចម្អិនអាហារបានដាំបបរលាយជាមួយបន្លែដែលដាំនៅក្នុងបរិវេណគុក។ ក្នុងអំឡុងពេលនោះ ជីម ឃើញអ្នកទោសបុរសមួយចំនួនបានស្លាប់ជាបន្តបន្ទាប់ ដោយសារការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការងារបាក់កម្លាំង និងការធ្វើទារុណកម្មពីសំណាក់ឆ្មាំគុក។
ជីម ត្រូវបានឆ្មាំគុកនាំទៅសួរចម្លើយចំនួន ៧ដង ប៉ុន្តែសំណាងល្អ គាត់មិនដែលទទួលរងការធ្វើទារុណកម្មឡើយ។ គាត់សង្កេតឃើញថា ភាគច្រើនឆ្មាំគុកធ្វើទារុណកម្មតែលើអ្នកទោសបុរសៗប៉ុណ្ណោះ។ ក្រៅពីការងារកសិកម្ម ជីម ក៏ត្រូវបានឆ្មាំបង្ខំឱ្យកើបលាមកមនុស្សយកមកលាយជាមួយដីដំបូក ដើម្បីធ្វើជាជីដាក់ស្រូវផងដែរ។ នៅដើមឆ្នាំ១៩៧៩ ខណៈពេលដែល ជីម កំពុងរែកដី ស្រាប់តែមានកងទ័ពវៀតណាម និងកងទ័ព រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្ដួលរំលំរបបខ្មែរក្រហម។ ដោយសារមានការភ័យខ្លាច ជីម បានរត់ភៀសខ្លួនទៅដល់តំបន់ទួលល្ហុង និងបានរស់នៅទីនោះមួយរយៈ។ បន្ទាប់មក ជីម បានជួបជាមួយកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយកងទ័ពទាំងនោះបានប្រាប់គាត់ថា របបខ្មែរក្រហមត្រូវបានដួលរំលំហើយ ព្រមទាំងបានណែនាំឱ្យគាត់ធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។
នៅពេលមកដល់ស្រុកកំណើតវិញ ជីម បានទៅស្វែងរកមាសដែលគាត់បានកប់ទុកតាំងពីមុនសម័យខ្មែរក្រហម។ គាត់រកឃើញមាសចំនួន ២ជី ហើយបានយកមកធ្វើជាដើមទុនដើម្បីដោះដូរយកពោត និងពូជដំណាំសម្រាប់ដាំដុះទុកហូបចុកផង និងលក់ដោះស្រាយជីវភាពផង។ បច្ចុប្បន្ន ជីម គឺជាកសិកររស់នៅក្នុងភូមិពពារ ឃុំស្វាយធំ និងមានជំងឺប្រចាំកាយដូចជា ជំងឺលើសឈាម ជំងឺក្រពះពោះវៀន និងរោគស្ត្រី។ គាត់តែងតែទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព និងទទួលថ្នាំលេបជារៀងរាល់ខែ។
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

