អៀង សួន៖ គេចពីកន្លែងលំបាក ជម្លៀសទៅដល់កន្លែងសម្លាប់

អៀង សួន អាយុ៨២ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សួន បាត់បង់ម្ដាយតាំងពីអាយុ៩ឆ្នាំ ហើយឪពុករបស់គាត់ បានរៀបការជាមួយប្រពន្ធម្នាក់ទៀត។ ម្ដាយថ្មីរបស់សួន គឺជាមនុស្សចិត្តល្អ និងមិនដែលជេរកូនចៅនោះទេ។ ផ្ទុយទៅវិញម្ដាយមីងបង្កើតរបស់សួន គឺជាអ្នករករឿងជេរបងប្អូនសួន ហើយនាំម្ដាយថ្មីរបស់គាត់ទៅផឹកស្រា។
នៅក្នុងសម័យខ្មែរក្រហម ឪពុករបស់សួន បានបាត់បង់ជីវិត ហើយម្ដាយចុង បានលួចនាំគ្រួសារ និងបងប្អូនរបស់សួន ចេញពីសហករណ៍នៅម៉ោង៣យប់ទៅរស់នៅពោមរៀល ខេត្តកំពង់ស្ពឺ។ នៅពោមរៀល សួន រស់នៅជាមួយម្ដាយចុងបានមួយរយៈពេលជិតមួយឆ្នាំ ទើបអង្គការជម្លៀសគ្រួសាររបស់គាត់ទៅរស់នៅក្បែរជនជាតិចិនបន្តទៀត។ មុនពេលជម្លៀស ម្ដាយចុងបានផ្ដល់ក្ដារមួយទៅសួន ដើម្បីទុកក្រាលដេក ប៉ុន្តែអង្គការបានស្នើក្ដារនោះទៅបាត់ និងផ្ដល់រនាបមកជំនួសវិញ។ ចំណែក សួន មិនហ៊ានតវ៉ានោះទេ ព្រោះគាត់បានដឹងថាជនជាតិចិនដែលរស់នៅក្បែរនោះ ត្រូវបានអង្គការចាប់យកទៅសម្លាប់ជាបន្តបន្ទាប់។
នៅកន្លែងថ្មី គ្រួសាររបស់សួន បានជួបប្រទះនូវការលំបាកខ្លាំងក្នុងការធ្វើការងារ និងការហូបអាហារ។ មុខដំបូង អង្គការបានផ្ដល់អង្ករឲ្យប្រជាជនចំនួនមួយកំប៉ុងកន្លះក្នុងមួយថ្ងៃ សម្រាប់យកទៅដាំហូបមួយគ្រួសារដែលមានសមាជិកច្រើននាក់។ ចំពោះសួន បានយកអង្ករតិចតួចដែលទទួលបាន ទៅដាំលាយជាមួយស្លឹកបាស ឬបន្លែផ្សេងៗ ទើបយកទៅចែកឲ្យប្ដីរបស់គាត់ឈ្មោះ សែត ដែលកើតទាចទឹក និងកូន ដើម្បីចម្អែតក្រពះ។ ការខ្វះខាតអាហារនេះ បានធ្វើឲ្យប្រជាជនឈឺស្លាប់នៅលើផ្ទះជាច្រើននាក់។
ក្រោយមក អង្គការបានរៀបចំឲ្យប្រជាជនហូបអាហាររួមគ្នាពីរដងក្នុងមួយថ្ងៃ នៅក្នុងរោងបាយ ដោយក្រុមកងកុមារត្រូវហូបនៅម៉ោងប្រមាណ១០ ឬ១១ថ្ងៃត្រង់ និងពេលយប់នៅម៉ោង៥ ឬ៦ល្ងាច។ ចំណែកមនុស្សធំ ត្រូវចូលទៅហូបរួមក្រោយកុមារមួយម៉ោង ប៉ុន្តែប្រសិនបើមានការងារច្រើន ក្រុមមួយចំនួនត្រូវធ្វើការងាររហូតដល់ម៉ោងប្រមាណ១០យប់ ទើបបានហូបអាហារម្ដងទៀត។ ជាក់ស្ដែង អង្គការបានដុតច្រលុះបំភ្លឺឲ្យក្រុមរបស់សួន ក្រោកធ្វើការងាររែកដីដំបូកចាក់ក្នុងស្រែ តាំងពីម៉ោង៣ ឬ៤ភ្លឺ និងបន្តធ្វើការងាររហូតដល់ម៉ោងប្រមាណ១០យប់ និងហូបអាហារលើកទីពីរបន្ទាប់ពីធ្វើការងាររួច។
សួន បានបន្តថា ខ្លួនមិនបានដឹងថាកូនៗរបស់គាត់បានហូបអាហារគ្រប់គ្រាន់ឬយ៉ាងណាទេ ព្រោះរាល់ថ្ងៃគាត់បានជួបកូននៅពេលយប់ បន្ទាប់ពីត្រលប់មកពីធ្វើការងារ ហើយកូនធំៗត្រូវធ្វើការ និងសម្រាកក្នុងកងចល័ត។ យប់មួយនៅពេលដែលគាត់ត្រលប់មកដល់ផ្ទះនៅម៉ោង១០យប់ គាត់មិនបានឃើញសម្រាកនៅលើផ្ទះដូចសព្វដងនោះទេ។ ពេលឃើញដូច្នេះ ត្រូវដើរត្រលប់មករកកូនរបស់គាត់នៅក្នុងរោងបាយវិញ និងបានប្រទះឃើញកូនរបស់ខ្លួនដេកសន្លប់ក្បែរគុម្ពដើមសាគូរតាមផ្លូវ ដោយសារអត់អាហារ។ សួន បានបន្តថា ប្រសិនបើខ្លួនរកកូនមិនឃើញទេ ប្រហែលជាកូនរបស់គាត់ដេកស្លាប់ដោយសារអត់ឃ្លានក្នុងពេលនោះ។
ថ្ងៃមួយនៅពេលដែល សួន ត្រលប់មកពីធ្វើការងារវិញគាត់បានចុះងូតទឹកនៅជ្រលងក្របីព្រៃ និងឆ្លៀតពេលលួចជ្រមុជទឹករកត្រីយកមកចម្អិនហូបបន្ថែម ព្រោះពេលនោះគាត់ឃ្លានខ្លាំងពេក។ បន្តិចក្រោយមក សួន បានឡើងចេញពីក្នុងទឹកភ្លាមៗរួចយកដងរែក និងបង្គីរបស់ខ្លួនត្រលប់ទៅមូលដ្ឋានយ៉ាងប្រញាប់ ព្រោះគាត់បានឮសំឡេងមនុស្សស្រែករកជំនួយខ្លាំងៗ។ មូលហេតុដែល សួន ខ្លាចបែបនេះ ព្រោះគាត់ដឹងថាអង្គការកំពុងវាយសម្លាប់មនុស្សទម្លាក់ក្នុងរណ្ដៅប្រវែង១០ម៉ែត្របួនជ្រុង ដែលគាត់និងសមាជិកក្រុមទើបតែជីករួច។ មួយវិញទៀត សួន អាចបាត់បង់ជីវិតក្នុងពេលនោះ ប្រសិនបើកងឈ្លបមើលឃើញគាត់។
បន្ទាប់មក សួន បានចេញទៅរកជ័រក្នុងព្រៃ ដើម្បីយកមកដូរថ្នាំជក់ ឬយកមកអុចបំភ្លឺនៅពេលយប់ ប៉ុន្តែនៅតាមផ្លូវគាត់បានឃើញបំណែកសាកសពមនុស្សដែលកប់មិនជិតនៅក្នុងរណ្ដៅ។ នៅពេលឃើញដូច្នេះ សួន មានការភ័យខ្លាចខ្លាំងណាស់ និងបានប្រញាប់រត់ចេញភ្លាមៗទៅទាត់ចំក្រឡរដាក់អំពិលរបស់ជនជាតិចិន។ នៅថ្ងៃបន្ទាប់ សួន បានដឹងថាក្នុងក្រឡរដែលគាត់ទាត់នោះមានមាស ព្រោះអ្នកមើលគោបានទៅចាក់យកអំពិលនោះចេញ និងបានយកមាសទៅឲ្យអង្គការដើម្បីទទួលបានគុណសម្បត្តិ។ ក្រោយមក នៅពេលដែលអង្គការ យកជនជាតិចិនទៅវាយចោលអស់ អង្គការបានចោទប្រកាន់ប្ដីរបស់សួនថាមានឋានស័ក្ដិ៥ និងមានបំណងយកទៅសម្លាប់ចោលបន្តទៀត ប៉ុន្តែនៅពេលឃើញក្នុងកាតដាក់កម្មករ កសិករ ទើបរួចខ្លួន។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំគ្រួសាររបស់សួនបានត្រលប់ទៅរស់នៅខេត្តតាកែវវិញ។ ពេលទៅដល់ផ្ទះ សួន បានដឹងពីការបាត់ដំណឹងគ្រួសារបងប្រុសរបស់គាត់។ នៅពេលផ្ដល់បទសម្ភាសន៍ សួន មានអាការៈ វិលមុខ អស់កម្លាំង លើសឈាម, ក្អក និងឈឺសន្លាក់ដៃ ជើង។ នៅពេលឈឺខ្លាំង សួន បានប្រើប្រាស់ថ្នាំពេទ្យ និងទៅចាក់ថ្នាំនៅពេទ្យឯកជន ដើម្បីព្យាបាលជំងឺ និងកាត់បន្ថយការឈឺចាប់។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១

