ចុងភៅរោងបាយភូមិក្រាំងលាវ

(ខេត្តស្វាយរៀង) យឹម ឃាង មានអាយុ ៨០ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឃាង មានឪពុកឈ្មោះ យឹម ទី និងម្តាយឈ្មោះ ប្រាក់ ផូ ហើយគឺជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ (ស្រី ៤នាក់)។
ឃាង រៀនបានថ្នាក់ទី១០ នៅក្នុងសម័យសង្គមចាស់។ ឃាង បានរៀបរាប់ថានៅក្នុងរបបសង្គមរាស្ត្រនិយម អាជ្ញាធរបានជ្រើសរើសឱ្យធ្វើជាគ្រូថ្នាក់មត្តេយ្យសិក្សាបង្រៀនអក្ខរកម្ម។ នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ទើបធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល រវាងកងទ័ពបដិវត្តន៍ខ្មែរក្រហម វាយប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់កាប់អំណាចទាំងស្រុង ហើយអង្គការបានបង្ខំឱ្យប្រជាជនធ្វើការងារជាទម្ងន់, លើសកម្លាំង គ្មានពេលសម្រាក បង្អត់អាហារ ព្រមទាំងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៅ។
ពេលនោះ ឃាង រួមជាមួយយុវជនម្នាក់ និងយុវនារី ២នាក់ទៀត ត្រូវអង្គការចាត់តាំងឱ្យធ្វើជាចុងភៅនៅរោងបាយក្រាំងលាវ។ ក្រុមរបស់ឃាងត្រូវ ផ្គត់ផ្គង់អាហារដល់សមាជិកកងចល័តប្រមាណជា ១០០នាក់។ ឃាង បញ្ជាក់ថា ជួនកាលអង្គការតម្រូវឱ្យដាំបបរដើម្បីចែកជូនសមាជិកកងចល័ត ដោយម្នាក់ៗទទួលបានត្រឹមតែមួយកូនចានប៉ុណ្ណោះ។ ក្រៅពីការងារជាចុងភៅនៅរោងបាយ ឃាង ក៏ត្រូវបេះបន្លែយកមកទុកស្ល និងត្រូវអង្គការប្រើឱ្យនៅយាមគោក្របីនាពេលយប់ទៀតផង។ ក្នុងរបបខ្មែរក្រហម ឃាង តែងឮអង្គការប្រកាសប្រាប់ប្រជាជនថា មិនត្រូវគោរពប្រណិបត្តិសាសនាឡើយ ព្រោះព្រះសង្ឃក៏ត្រូវចាប់ផ្សឹក និងបង្ខំឱ្យចេញទៅធ្វើការងារដូចប្រជាជនទូទៅដែរ។ អង្គការបានយកបរិវេណវត្តអារាមធ្វើជាកន្លែងប្រជុំ និងជាកន្លែងឃុំឃាំងអ្នកទោស។ ឃាង ធ្លាប់ឃើញឈ្លបធ្វើទារុណកម្មលើប្រជាជនថ្មី (ប្រជាជន១៧មេសា) ដែលត្រូវបានជម្លៀសពីទីក្រុងភ្នំពេញ។ អង្គការបានដាក់ខ្នោះដៃជើងប្រជាជន១៧មេសា ទាំងនោះ ហើយអ្នកខ្លះទៀតត្រូវចោទប្រកាន់ថាជាទាហានក្នុងរបប លន់ នល់ ដែលមានបុណ្យស័ក្តិខ្ពស់ៗ។ ក្រោយមក ឃាង ត្រូវអង្គការជម្លៀសពីភូមិក្រាំងលាវ ទៅកាន់តំបន់ស្វាយចេក និងបន្តទៅភូមិទួល។ នៅទីនោះ អង្គការតម្រូវឱ្យឃាង និងសមាជិកកងចល័តចំនួន ២៥នាក់ ច្រូត និងបោកបែនស្រូវឱ្យបាន ១ហិកតា ក្នុងមួយថ្ងៃ។ ដោយសារតែឃាង និងសមាជិកក្រុមខ្លាចត្រូវអង្គការដាក់ទណ្ឌកម្ម និងបង្អត់របបអាហារ ទើបសមាជិកកងចល័តទាំងអស់បានខំធ្វើការងាររហូតដល់ម៉ោង ៨ ឬ ៩យប់ ជារៀងរាល់ថ្ងៃ។
នៅភូមិទួល ឃាង ក៏បានឃើញអង្គការរៀបចំពិធីការរៀបការសមូហភាព ឱ្យយុវជន-យុវនារី ចាប់ពី ២០ ទៅ ៣០គូ ហើយប្តីប្រពន្ធត្រូវឡើងបេ្តជ្ញាចិត្តថានឹងស្រឡាញ់គ្នាជារៀងរហូត។ ក្រោយពេលប្ដីប្រពន្ធរស់នៅជាមួយគ្នាបានរយៈពេលពី ៣ថ្ងៃ ទៅ ១សប្តាហ៍ ប្តីប្រពន្ធត្រូវអង្គការបំបែកឱ្យទៅធ្វើការងារតាមការដ្ឋានរៀងៗខ្លួន។ លុះដល់ឆ្នាំ១៩៧៩ ឃាង ទទួលបានព័ត៌មានពីប្រជាជនថា កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានវាយចូលដល់ខេត្តស្វាយរៀង ព្រមទាំងបានប្រកាសឱ្យប្រជាជនទាំងអស់ត្រឡប់ទៅរស់នៅស្រុកកំណើតវិញ។ ពេលនោះ ឃាង បានធ្វើដំណើរមករស់នៅក្នុងស្រុកស្វាយជ្រំវិញ និងបានប្រកបរបរធ្វើស្រែចម្ការ។ បច្ចុប្បន្ន ឃាង ជាមេភូមិក្រាំងលាវ៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

