ឡុង ទួន៖ បបរផិ ដាក់អង្ករពីរ ឬបីស្លាបព្រា លាយជាមួយបន្លែ

អង្គការបានចែកអង្គការឲ្យមួយគ្រួសារ៥កំប៉ុង សម្រាប់ហូបរយៈពេលមួយសប្ដាហ៍។ ខ្ញុំបានយកអង្ករនោះចំនួន៣ស្លាបព្រានៅពេលព្រឹក និង២ស្លាបព្រាននៅពេលល្ងាច ទៅដាំលាយជាមួយបន្លែផ្សេងៗសម្រាប់ធ្វើបបរផិពេញមួយឆ្នាំង ចែកឲ្យសមាជិកគ្រួសារហូប។ ចំណែកគ្រួសារដទៃទៀត ដែលមិនចេះរៀបចំរបបអាហារបានឈឺដាច់ពោះស្លាប់ទាំងអស់គ្នា ហើយខ្លះទៀតដាច់ចិត្តសម្លាប់កូនចៅខ្លួនឯងដែលនៅតូចធ្វើជាអាហារហូបបន្ថែម។
ឡុង ទួន អាយុ៧៤ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ទួន មានកូន៥នាក់ ក្នុងនោះមានម្នាក់ស្លាប់ដោយសារបាក់ទឹកដោះ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀស គ្រួសារទួន ទៅស្វាយស៊ីសុផុន(ខេត្តបន្ទាយមានជ័យ) ដោយសារតែប្ដីរបស់ទួន គឺជាអតីតទាហាន លន់ នល់។ នៅខេត្តបន្ទាយមានជ័យ អង្គការបានដឹកគ្រួសារទួន និងប្រជាជនប្រមាណបីឡានទៀត ដែលជាជនជាតិចិន ឬអ្នកមានទ្រព្យសម្បត្តិកាលពីសង្គមចាស់ ទៅទិសខាងលិចរហូតដល់ ជប់មេមត់ ក្បែរជើងភ្នំជញ្ជាំង។
នៅកន្លែងថ្មី គ្រួសាររបស់ទួន និងប្រជាជនត្រូវដើរកាប់ឈើ និងក្រងស្បូវយកទៅធ្វើខ្ទមរស់នៅដោយខ្លួនឯង ហើយរបបអាហារគឺអង្គការចែកអង្ករឲ្យមួយគ្រួសារចំនួន៥កំប៉ុង សម្រាប់ហូបរយៈពេល១សប្ដាហ៍។ បន្ទាប់មក ទួន បានលៃយកអង្ករចំនួន៣ស្លាប់ព្រាបាយនៅពេលព្រឹក និង២ស្លាបព្រានៅពេលល្ងាច ទៅដាំលាយជាមួយបន្លែ ស្លឹកដំឡូងមី, ស្លឹកបាស់, ដំឡូង ឬរុក្ខផ្សេងៗទៀតដែលមិនមានជាតិពុល ដើម្បីធ្វើជាបបរផិ១ឆ្នាំងពេញសម្រាប់ចែកឲ្យកូនហូប។ មូលហេតុដែល ទួន ធ្វើបែបនេះ ព្រោះគាត់មិនចង់ឲ្យកូនរបស់គាត់ដាច់ជាតិបាយពីក្នុងខ្លួនរហូតដល់ស្លាប់។ ទោះបីជាយ៉ាងណា ទួន បាត់បង់កូនម្នាក់ដោយសារអត់ឃ្លាន និងប្ដីស្លាប់ដោយសារខ្វះជីជាតិ និងមានជំងឺឈាមស ហើយគ្មានថ្នាំព្យាបាល។
ទួន បានបន្តថា ប្រជាជននៅទីនោះបានសរសើរគាត់ណាស់ដែលពូកែថែកូនៗ ព្រោះគ្រួសារមួយចំនួនមិនបានធ្វើតាមការណែនាំរបស់ទួន ហើយយកអង្ករទាំង៥កំប៉ុង ទៅដាំបាយហូបអស់តែម្ដង និងបានធ្វើឲ្យសមាជិកគ្រួសារទាំងអស់ដាច់ពោះស្លាប់។ លើសពីនេះទៅទៀត គ្រួសាររបស់ជនជាតិចិន និងជនជាតិយួនមួយចំនួន បានសម្លាប់កូនចៅរបស់ខ្លួនឯងដែលនៅតូច ហើយមានជំងឺពេញផ្ទះ យកទៅធ្វើជាអាហារហូប។
ទួន បានឲ្យដឹងថា មុនដំបូង ប្រជាជននៅកន្លែងគាត់មិនបានដឹងថាមានការសម្លាប់សមាជិកគ្រួសាររបស់ខ្លួនឯងយកធ្វើម្ហូបនោះទេ ប៉ុន្តែដោយសារតែមានខ្លិនឈ្ងៀមខ្លាំងពេក ទើបកងឈ្លបចូលទៅមើល និងបានឃើញមនុស្សកំពុងតែប្រលះសាច់ក្មេងយកទៅធ្វើជាអាហារ។ នៅពេលឃើញដូច្នេះ កងឈ្លបបានសួរនាំបន្ថែមថាហូបកន្លែងណាមុន ហើយគ្រួសារដែលសម្លាប់មនុស្សបានរៀបរាប់ទៅតាមសំណួររបស់អង្គការ និងបានប្រាប់ពីកន្លែងសាច់ដែលមានរស់ជាតិឆ្ងាញ់ជាងគេ។
ទួន បានរៀបរាប់បន្តថា អង្គការមានបំណងធ្វើឲ្យប្រជាជនស្លាប់នៅទីនោះ ព្រោះកម្មាភិបាលខ្មែរក្រហមមិនបានចែកអាហារឲ្យគ្រប់គ្រាន់នោះទេ ហើយការកំណត់ឲ្យធ្វើការងារហួសកម្លាំងខ្លាំង។ ជាក់ស្ដែង ទួន ត្រូវធ្វើការងារកាប់ឆ្ការព្រៃ ដើម្បីយកផ្ទៃដៃដាំដំណាំ និងលើកទំនប់ជីកប្រឡាយ។ ប៉ុន្តែនៅពេលប្រមូលផលដំណាំ អង្គការមិនបានផ្ដល់របបអាហារបន្ថែមឲ្យប្រជាជនច្រើនជាងមុននោះទេ គឺបានត្រឹមតែអនុញ្ញាតឲ្យប្រជាជនទៅរកអាហារហូបដោយខ្លួនឯងបន្ថែមទៀត នៅពេលដែលធ្វើការងាររួចរាល់តាមការកំណត់។ ជាក់ស្ដែង ទួន ខិតខំលើកភ្លឺឲ្យបានប្រវែង១០០ម៉ែត្រតាមការកំណត់របស់អង្គការ ដើម្បីមានពេលទៅរកបន្លែ ឬរុក្ខជាតិយកមកចម្អិនលាយជាមួយបបរ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ មនុស្សដែលជម្លៀសទៅជាមួយទួន នៅរស់រានមានជីវិតប្រមាណ២០នាក់។ ចំណែកមនុស្សដែលស្លាប់ផ្សេងទៀត ត្រូវបានអង្គការយកទៅដាក់ក្នុងរណ្ដៅធំមួយដែលជីករួចជាស្រេចនៅក្បែរនោះ។ បន្ទាប់មក គ្រួសារទួន បានត្រលប់មករស់នៅខេត្តតាកែវវិញ។ ទួន បានឲ្យដឹងទៀតថា ខ្លួននៅតែស្រក់ទឹកភ្នែកនៅពេលនឹកឃើញ ឬរៀបរាប់រឿងរ៉ាវក្នុងរបបខ្មែរក្រហម ប៉ុន្តែគាត់ខំប្រឹងទប់ទឹកភ្នែកនេះ និងព្យាយាមបំភ្លេចទុក្ខកង្វល់ផ្សេងៗដែលធ្លាប់កើតមានឡើង ព្រោះនៅក្នុងសម័យបច្ចុប្បន្ន ប្រជាជនមានភាពសម្បូរសប្បាយវិញហើយ។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

