សេង រឿន៖ បាត់ដំណឹងបងស្រីម្នាក់ឈ្មោះ រិន

ខ្ញុំនិងបងស្រី រិន បានចូលបដិវត្តន៍ដូចគ្នា។ ប៉ុន្តែបងស្រីបានចេញពីធ្វើប្រធានកងចល័ត ទៅធ្វើគ្រូពេទ្យនៅមន្ទីរពេទ្យព១ ហើយខ្ញុំបានចេញពីសហករណ៍ ទៅធ្វើការងាររោងចក្រ។ នៅទីក្រុងភ្នំពេញ ខ្ញុំបានទៅជួបបងស្រីបានម្ដង មុនពេលអង្គការបញ្ជូនខ្ញុំឲ្យទៅធ្វើការនៅក្នុងកងពលមជ្ឈិម ខេត្តក្រចេះ។ នៅឆ្នាំ១៩៧៩ ខ្ញុំឈប់ទទួលបានដំណឹងពីបងស្រីបន្តទៀតនៅពេលគាត់ចេញពីទីក្រុងភ្នំពេញ។
សេង រឿន[1] អាយុ៤០ឆ្នាំ(២០០៣) រស់នៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ រឿន មានឪពុកឈ្មោះ ហេង ហើយម្ដាយឈ្មោះគែន។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩ រឿន បានបាត់ដំណឹងបងស្រីម្នាក់ឈ្មោះ រិន ។ ខាងក្រោមនេះ គឺជារឿងរ៉ាវសង្ខេប របស់រឿន និងរិន ចាប់តាំងពីធ្វើការងារក្នុងសហករណ៍ រហូតដល់ពេលបាត់ដំណឹងបងស្រី៖
នៅពេលដែលខ្មែរក្រហមគ្រប់គ្រង អង្គការបានប្ដូរឈ្មោះភូមិត្រពាំងកែស ទៅជាភូមិចម្ការម្ទេស សង្កាត់ត្រាំកក់ ស្រុកត្រាំកក់ តំបន់១៣ ភូមិភាគនិរតី។ មុនដំបូង រឿន និង រិន បានចូលទៅក្នុងកងកុមារដូចគ្នា ប៉ុន្តែក្រុមផ្សេងគ្នា ដោយរឿន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យ៉ាត ហើយបងស្រីរបស់គាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្រិប។ នៅក្នុងកងកុមារ រឿន និងរិន ត្រូវក្រោកតាំងពីម៉ោង៣ ដើម្បីធ្វើការងាររែកដីដំបូក ប្រមូលលាមកយកទៅធ្វើជី។ ជារៀងរាល់ថ្ងៃ រឿន និងបងស្រី ត្រូវធ្វើការងារហត់នឿយ ប៉ុន្តែការហូបអាហារនៅក្នុងសហករណ៍មិនសូវបានគ្រប់គ្រាន់នោះទេ ដោយអាហារភាគច្រើនរបស់គាត់គឺបបរ ហើយទទួលបានបាយហូបរយៈពេលខ្លី នៅរដូវប្រមូលផលស្រូវ។
នៅឆ្នាំ១៩៧៧ នៅពេលដែល រិន មានអាយុ១៥ឆ្នាំ អង្គការបានចាត់តាំងគាត់ឲ្យទៅធ្វើជាប្រធានក្រុមកងនារីឃុំត្រាំកក់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឈ្មោះ ម៉ន ហើយរឿន បន្តធ្វើការងាររបស់គាត់ដដែល។ នៅកន្លែងថ្មី រឿន បានទទួលដំណឹងថា បងស្រីរបស់គាត់ ធ្វើការងារនៅម្ដុំត្រពាំងរនាប និងត្រពាំងរំពាក់។ បីខែក្រោយមក រឿន ទទួលដំណឹងម្ដងទៀតថា រិន[2] បានផ្លាស់ទៅធ្វើជាពេទ្យនៅទីក្រុងភ្នំពេញ តាមការចាត់តាំងរបស់អង្គការ។
មិនយូរប៉ុន្មាន អង្គការ បានជ្រើសរើស រឿន ឲ្យទៅធ្វើការងាររោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញបន្តទៀត ព្រោះគ្រួសាររបស់ រឿន គឺជាប្រជាជនពេញសិទ្ធ ជាគ្រួសារដែលអង្គការទុកចិត្ត និងយល់ថាល្អត្រឹមត្រូវសម្រាប់បដិវត្តន៍។ នៅទីក្រុងភ្នំពេញ រឿន បានទៅធ្វើការកាត់ដេរនៅក្នុងរោងចក្រកន្លះខែ ទើបគាត់ហ៊ានទៅសុំការអនុញ្ញាតពីប្រធានទៅជួបបងស្រីនៅក្នុងមន្ទីរពេទ្យ។ បន្ទាប់ពីទទួលបានការអនុញ្ញាត រឿន បានជិះឡានរបស់អង្គការ ទៅជួបសួរសុខទុក្ខបងស្រីក្នុងមន្ទីរពេទ្យបានមួយភ្លែត រួចត្រលប់ទៅរោងចក្រវិញ។
កន្លះខែក្រោយមក អង្គការបានបញ្ជូន រឿន និងមិត្តម្នាក់ទៀតឈ្មោះ វឿន ដែលជាអ្នកភូមិជាមួយគ្នា តាមកាណូត ទៅធ្វើការងារក្នុងកងពលមជ្ឈិម ខេត្តក្រចេះ ដែលមានទីតាំងស្ថិតនៅម្ដុំគគរ ខាងជើងផ្សារក្រចេះ។ នៅក្នុងកងពលមជ្ឈិម រឿន បានឃើញមានកាំភ្លើងជាច្រើននៅទីនោះ ហើយអ្នកដែលមានអាយុច្រើនល្មមទាំងអស់អាចកាន់កាំភ្លើងបានបន្ថែមទៀត។ រឿន ធ្វើការងារក្នុងកងពលមជ្ឈិម រហូតដល់ឆ្នាំ១៩៧៩ ទើបកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក។
នៅឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក រឿន បានរត់ភៀសខ្លួនទៅព្រំដែនថៃ និងបានទទួលដំណឹងថាបងស្រីរបស់គាត់បានភៀសខ្លួនទៅដូចគ្នា។ នៅក្នុងជំរំ សាយអេក រឿន បានឮដំណឹងពីអ្នកស្គាល់គ្នាថា រិន ត្រូវបានកងទ័ពវៀតណាមចាប់ខ្លួន និងបាញ់បាក់ភ្លៅ ហើយមានអ្នកលើកដាក់លើរោងមួយនៅកណ្ដាលព្រៃភ្នំ។ នៅពេលឮដូច្នេះ រឿន ចាប់ផ្ដើមផ្ញើសំបុត្រ និងផ្ដាំឲ្យអ្នកស្គាល់គ្នាផ្ដល់ដំណឹងឲ្យគាត់បន្ថែមនៅពេលដែលបានជួប រិន។ ប៉ុន្តែ ចាប់តាំងពីពេលនោះមក រឿន លែងបានទទួលដំណឹងពីបងស្រីបន្តទៀត ហើយសំបុត្រដែលផ្ញើចេញទៅក៏ស្ងាត់ឈឹងមិនមានការឆ្លើយតប ដូច្នេះគាត់មិនបានដឹងថាអ្នកទទួលសំបុត្រនោះបានទៅជួបបងស្រីរបស់គាត់ឬក៏អត់ទេ។
បន្ទាប់មក រឿន បានត្រលប់មកខេត្តតាកែវវិញ ហើយគាត់នៅតែបន្តស៊ើបសួរដំណឹងបងស្រីរបស់ខ្លួនជាបន្តបន្ទាប់។ នៅពេលផ្ដល់បទសម្ភាសន៍ រឿន បានឲ្យដឹងថាខ្លួននៅមានសង្ឃឹម និងគិតថាបងស្រីរបស់គាត់នៅមានជីវិត ព្រោះពេលកន្លងមកគាត់ធ្លាប់ទទួលបានដំណឹងបន្តិចបន្តួចពីបងស្រី។ រឿន បន្តថា ខ្លួនមានការនឹករឭកដល់បងស្រីខ្លាំងណាស់ និងខំបន្តចាក់សំបុត្រទៅទៀត តាមដំណឹងដែលទទួលបាន។
រឿន យល់ថាការបាត់ខ្លួនរបស់បងស្រី គឺបណ្ដាលមកពីកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក ទើបគាត់ និងបងស្រីត្រូវរត់បែកគ្នារញ៉េរញ៉ៃ និងបាត់ខ្លួនរហូតមក។ ជាចុងក្រោយ រឿន បានស្នើសុំឲ្យក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ជួយផ្ដល់ដំណឹងទៅគាត់វិញ ប្រសិនបើបានជួប ឬក៏ទទួលបានព័ត័មានបន្ថែមពីបងស្រីរបស់គាត់។
អត្ថបទដោយ៖ ភា រស្មី
[1] ឯកសារលេខ TKI0046, សម្ភាសន៍ជាមួយ សេង រឿន ត្រូវជាប្អូនស្រីបង្កើតរបស់ឈ្មោះ រិន, នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៣, ដោយ អ៊ីសា ឧស្មាន, នៅក្នុងគម្រោងលើកកម្ពស់ និងជំរុញឲ្យមានការទទួលខុសត្រូវ(PA), មជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឯកសារលេខ I00301, ពិនិត្យប្រវត្តិរូបបដិវត្ត របស់សមមិត្ត រិន ផ្នែកកុមារឆ្លង, នៅមន្ទីរពេទ្យព១ ក្រសួងសង្គមកិច្ច, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូបបានសរសេរថា៖ រិន បានចូលបដិវត្តនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៧៥ នៅឃុំត្រាំកក់ តាមរយៈសមមិត្ត ច្រិប នារីប្រធានឃុំ។ រិន មានបងប្អូនចំនួន៨នាក់ ក្នុងនោះមានស្រី៤នាក់។ ក្នុងចំណោមបងប្អូនទាំងអស់ រិន បានចូលធ្វើការនៅក្នុងមន្ទីពេទ្យព១ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឈ្មោះ ម៉ិញ ហើយបងច្បងឈ្មោះ ផន ធ្វើជាយោធា និងស្លាប់ក្នុងសមរភូមិ, បងទី២ឈ្មោះហេន ធ្វើការនៅមន្ទីរស្រុក, ប្អូនឈ្មោះ រឿន ធ្វើការងារនៅខេត្តក្រចេះ និងប្អូនផ្សេងៗទៀតដែលនៅតូច រស់នៅក្នុងសហករណ៍។ ក្រៅពីនេះ រិន មានបងប្អូនជីដូនមួយចំនួន៣៥នាក់ ក្នុងនោះមានចូលបដិវត្តចំនួន២០នាក់។ កាលពីក្មេង រិន មិនបានសិក្សារៀនសូត្រនោះទេ រហូតចូលដល់សម័យខ្មែរក្រហម ទើបគាត់បានរៀនសូត្រត្រឹមថ្នាក់ទី២ និងបានចេះអាន និងសរសេរខ្លះៗ។

