អ្នកបុកស្រូវសម្រាប់រោងបាយ

(ខេត្តស្វាយរៀង) អ៊ួង សាម៉ុន មានអាយុ ៧៧ឆ្នាំ មានស្រុកកំណើតនៅភូមិទួលទ្រា ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាម៉ុន មានឪពុកឈ្មោះ អ៊ួង អ៊ាង ម្តាយឈ្មោះ ហ៊ុន សេង ហើយជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ (ស្រី ២នាក់)។ សាម៉ុន រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្មប៉ុណ្ណោះ។ បច្ចុប្បន្ន សាម៉ុន គឺជាកសិករ និងមានអាសយដ្ឋានរស់នៅក្នុងភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សាម៉ុន បានរៀបរាប់ថា នៅក្នុងឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ រួចឡើងកាន់កាប់អំណាច។ កាលនោះ សាម៉ុន ត្រូវរត់ភៀសខ្លួនជាបន្តបន្ទាប់ ដោយរស់នៅមិនសុខសាន្តឡើយ រហូតដល់ឆ្នាំ១៩៧៥ ប្រទេសជាតិក៏បានធ្លាក់ចូលទៅក្នុងរបបខ្មែរក្រហម។ ពេលខ្មែរក្រហមឡើងកាន់កាប់អំណាច អង្គការបានរៀបចំផែនការថ្មី ដោយចាប់ផ្តើមដើរប្រមូលទ្រព្យសម្បត្តិ លុយកាក់ សត្វចិញ្ចឹម និងសម្ភារផ្សេងៗរបស់ប្រជាជន យកទៅទុកជារបស់រួមនៅក្នុងសហករណ៍។
សាម៉ុន និងប្រជាជនក្នុងភូមិ ត្រូវបង្ខំឱ្យធ្វើការនៅការដ្ឋានការងារ និងហូបចុករួមគ្នានៅក្នុងរោងបាយសមូហភាព។ សាម៉ុន ត្រូវបានចាត់តាំងឱ្យទៅធ្វើការងារបុកស្រូវ សម្រាប់ផ្គត់ផ្គង់ដល់រោងបាយ។ ការងារបុកស្រូវជារៀងរាល់ថ្ងៃ ត្រូវចាប់ផ្តើមធ្វើចាប់ពីម៉ោង ៥ព្រឹក រហូតដល់ល្ងាច ហើយត្រូវបន្ថែមម៉ោងធ្វើការនៅពេលយប់ថែមទៀត ប្រសិនបើធ្វើមិនគ្រប់តាមផែនការដែលអង្គការកំណត់ចំនួន ៣តៅ ព្រោះនៅពេលបុកស្រូវរួច ត្រូវចាប់ផ្ដើមសម្រិតសម្រាំង និងរើសឱ្យស្អាតល្អ ទើបជញ្ជូនយកទៅច្រកទុកនៅក្នុងបាវ។ ក្រៅពីការងារបុកស្រូវ សាម៉ុន ត្រូវបង្ខំឱ្យធ្វើជីដែលផ្សំឡើងពីលាមកមនុស្ស។ សាម៉ុន ត្រូវប្រមូលលាមកមនុស្សយកទៅហាលឱ្យស្ងួត រួចច្រកដាក់បាវទុកសម្រាប់យកទៅលាយជាមួយដីដំបូក ឬស្លឹករុក្ខជាតិធ្វើជាជីស្រែ។
នៅដើមឆ្នាំ១៩៧៩ ខ្មែរក្រហម បានជម្លៀសគ្រួសាររបស់សាម៉ុន និងប្រជាជននៅក្នុងខេត្តស្វាយរៀងផ្សេងទៀត ឱ្យទៅរស់នៅឯខេត្តភាគខាងលិច។ បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញពីរបបខ្មែរក្រហម គ្រួសាររបស់សាម៉ុន បានធ្វើដំណើរត្រឡប់មករស់នៅក្នុងខេត្តស្វាយរៀងវិញ។ បច្ចុប្បន្ន សាម៉ុន មានជំងឺប្រចាំកាយជាច្រើនដូចជា ជំងឺលើសសម្ពាធឈាម ជំងឺក្រពះ ជំងឺពោះវៀន និងជំងឺសន្លាក់។
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

