អតីតសមាជិកកងទ័ពបដិវត្តន៍

(ខេត្តស្វាយរៀង) សោម រិ មានអាយុ ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រិ មានឪពុកឈ្មោះ សោម រ៉ង និងម្តាយឈ្មោះ តន់ អុំ ហើយជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧នាក់ (ស្រី ១នាក់)។ កាលពីសម័យសង្គមរាស្ត្រនិយម រិ រៀនសូត្របានត្រឹមថ្នាក់ទី៧ ហើយបច្ចុប្បន្នប្រកបរបរជាកសិករ ដោយមានអាសយដ្ឋានរស់នៅក្នុងភូមិដក់ពរ ស្រុកស្វាយជ្រំ។
នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ។ នៅឆ្នាំ១៩៧១ រិ បានចូលធ្វើជាសមាជិកយោធាបដិវត្តន៍ខ្មែរក្រហម ដោយបានរត់ចូលព្រៃដើម្បីហ្វឹកហាត់យុទ្ធសាស្ត្រកងទ័ព និងបានចូលរួមប្រយុទ្ធជាមួយទាហាន លន់ នល់ រហូតទទួលបានជ័យជម្នះ។
លុះដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមបានដឹកនាំប្រទេសដោយបង្កើតជារបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងដំណាក់កាលនោះ រិ ត្រូវបានអង្គការបញ្ជូនឱ្យមករស់នៅស្រុកកំណើតវិញក្នុងនាមជាប្រជាជនចាស់។ ខ្មែរក្រហមបានបែងចែកប្រជាជនជាពីរក្រុម គឺប្រជាជនដែលធ្លាប់រស់នៅក្នុងស្រុកភូមិស្រាប់ ហៅថា «ប្រជាជនចាស់» ចំណែកឯប្រជាជនដែលត្រូវបានជម្លៀសចេញពីតំបន់គ្រប់គ្រងដោយរបប លន់ នល់ ហៅថា «ប្រជាជនថ្មី»។ បន្ទាប់មក អង្គការបានចាប់ផ្តើមបង្ខំប្រជាជនទាំងអស់ឱ្យធ្វើការរួម និងហូបបាយរួមគ្នា ដោយបានសង់រោងបាយរួមដែលមានប្រវែងបណ្តោយពី ១០ ទៅ ២០ម៉ែត្រ ព្រមទាំងដាក់តុវែងៗសម្រាប់ឱ្យប្រជាជនអង្គុយហូបបាយឬបបរជាក្រុមៗ។ រិ បានបញ្ជាក់ថា នៅពេលព្រឹក អង្គការបានចាត់តាំងរូបគាត់ និងយុវជនកងចល័តដទៃទៀតឱ្យចេញទៅលើកភ្លឺស្រែ, ជីកប្រឡាយ និងរែកសំណាបសម្រាប់ឱ្យកងចល័តនារីស្ទូងស្រូវ។ រិ ក៏ធ្លាប់ត្រូវបានអង្គការបង្ខំឱ្យទៅជីកប្រឡាយ រហូតដល់ទីរួមខេត្តស្វាយរៀង និងតំបន់ស្វាយចេកផងដែរ។ ក្រៅពីការងារជីកប្រឡាយ រិ ត្រូវទទួលបន្ទុកខាងភ្ជួររាស់ដីស្រែ ដែលត្រូវភ្ជួរស្រែទាំងយប់ទាំងថ្ងៃ។ ការដែលអង្គការតម្រូវឱ្យភ្ជួរស្រែទាំងយប់បែបនេះ គឺដោយសារតែប្រធានកងចង់ប្រណាំងប្រជែងគ្នាតាមគោលការណ៍របស់បក្ស ពោលគឺប្រឡងប្រណាំងពីភូមិមួយទៅភូមិមួយទៀតដើម្បីដណ្តើមយកស្នាដៃ ដូចជាសហករណ៍ភូមិដក់ពរ ត្រូវប្រឡងប្រណាំងជាមួយសហករណ៍ភូមិទួលទ្រាន ដោយក្នុងមួយក្រុមៗត្រូវតែធ្វើការងារឱ្យបានសម្រេចមុនផែនការកំណត់។
រិ បានបន្តទៀតថា ការធ្វើការងារតាមបញ្ជារបស់អង្គការ គឺមិនត្រូវបានអនុញ្ញាតឱ្យសម្រាកឡើយ បើបុគ្គលណាមួយធ្វើការងារយឺតយ៉ាវ នឹងត្រូវប្រធានក្រុមស្តីបន្ទោស ឬព្រមានភ្លាមៗ។ ចំពោះស្ត្រីដែលទើបតែសម្រាលកូនរួច ប្រធានកងអនុញ្ញាតឱ្យទៅបំបៅដោះកូនតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះ។ ក្រោយមក អង្គការបានផ្លាស់ប្តូរការងាររបស់រិ ឱ្យទៅធ្វើជីផ្សំពីលាមកមនុស្សវិញ។ ការងារថ្មីនេះ រិ ត្រូវប្រមូលលាមកមនុស្សយកទៅហាលឱ្យស្ងួត រួចច្រកបាវដើម្បីយកទៅលាយជាមួយដីដំបូក ឬស្លឹករុក្ខជាតិ។ កាលនោះ រិ ក៏ធ្លាប់បានឃើញសមាជិកកងចល័តដែលធ្វើខុសឆ្គងនឹងវិន័យរបស់អង្គការ ត្រូវបានកងឈ្លបនាំខ្លួនយកទៅបាត់ៗ ដោយមិនដែលឃើញត្រឡប់មកវិញឡើយ។
នៅក្នុងឆ្នាំ១៩៧៨ ដែលជាដំណាក់កាលចុងក្រោយនៃរបបខ្មែរក្រហម គ្រួសាររបស់ រិ និងប្រជាជនដែលរស់នៅក្នុងខេត្តស្វាយរៀង ត្រូវបានអង្គការបង្ខំជម្លៀសឱ្យទៅរស់នៅខេត្តភាគពាយ័ព្យ។ នៅពេលដែលគ្រួសាររបស់ រិ ធ្វើដំណើរទៅដល់តំបន់ទួលល្ហុង ត្រង់ខាងលិចតំបន់អ្នកលឿង ស្រាប់តែឮសូរសំឡេងផ្ទុះអាវុធ និងផ្ទុះឃ្លាំងគ្រាប់កាំភ្លើងយ៉ាងខ្លាំង។ ភ្លាមៗនោះ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម បានប្រកាសប្រាប់ថា ប្រទេសជាតិត្រូវបានរំដោះហើយ ប្រជាជនទាំងអស់អាចត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញបាន។ ក្រោយពេលធ្វើដំណើរមកដល់ស្រុកកំណើតវិញ រិ និងគ្រួសារ បានប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

