រៀបការនៅរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ម៉ៅ ហុល មានអាយុ ៧៤ឆ្នាំ កើតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៥០ មានទីកន្លែងកំណើតនៅភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ម៉ៅ ហុល មានឪពុកឈ្មោះ ម៉ៅ ហ៊ាង និងម្តាយឈ្មោះ ប្រាក់ គង់ ហើយជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ (ស្រី ៤នាក់)។ កាលពីកុមារភាព ម៉ៅ ហុល រៀនសូត្របានថ្នាក់ទី១០ ក្នុងសម័យសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន ម៉ៅ ហុល ប្រកបរបរជាកសិករ និងមានអាសយដ្ឋានរស់នៅក្នុងភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ម៉ៅ ហុល បានរៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្ដម សីហនុ ហើយបានឡើងកាន់កាប់អំណាច។ ពេលនោះ ប្រទេសជាតិចាប់ផ្ដើមធ្លាក់ចូលក្នុងសង្រ្គាម ហើយនៅពេលណាដែលមានការបាញ់ប្រហារគ្នា គាត់តែងតែរត់ភៀសខ្លួន លុះដល់ពេលមានភាពស្ងប់ស្ងាត់ ទើបត្រឡប់មកទីលំនៅដើមវិញ។ ចំពោះការហូបចុកវិញ គឺត្រូវវេចខ្ចប់អង្កររត់តាមខ្លួនជានិច្ច ពេលណាស្ងាត់សំឡេងគ្រាប់ ទើបរៀបចំដាំបាយហូប រហូតទាល់តែដួលរលំរបប លន់ នល់ ទើបអាចមករស់នៅផ្ទះកំណើតវិញបាន។
នៅឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមទទួលបានជ័យជម្នះលើរបប លន់ នល់ អង្គការចាប់ផ្តើមប្រមូលមាសប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ សម្ភារ គោ ក្របី ជ្រូក មាន់ ទា សូម្បីតែផ្ទះសម្បែងរបស់ ម៉ៅ ហុល ក៏ត្រូវឈ្លបដកហូតដើម្បីយកទៅធ្វើជាសហករណ៍ដែរ។ ទ្រព្យសម្បត្តិផ្សេងទៀតរបស់ ម៉ៅ ហុល រួមមានគ្រឿងអលង្ការ (ដូចជា ខ្សែដៃ និងក្រវិល) សត្វជ្រូកចំនួន ៩ក្បាល ស្រូវអង្ករ ព្រមទាំងសម្ភារផ្សេងៗទៀត ក៏ត្រូវបានអង្គការបង្ខំដកហូតយកទៅរក្សាទុកសម្រាប់ប្រើប្រាស់រួមគ្នាផងដែរ។ បន្ទាប់មក ម៉ៅ ហុល ត្រូវបានអង្គការចាត់តាំងឱ្យទៅបុកស្រូវ ដោយកំណត់ផែនការក្នុងមួយថ្ងៃឱ្យបាន ១២តៅ។ ពេលបុកស្រូវរួចរាល់ ម៉ៅ ហុល ត្រូវសម្រិតសម្រាំងឱ្យស្អាត រួចយកទៅថ្លឹងឱ្យគ្រប់ទម្ងន់ ទើបប្រគល់ឱ្យអ្នកទទួលខុសត្រូវនៅរោងបាយ។ ប្រសិនបើមិនគ្រប់ទម្ងន់ទេ អ្នកទទួលខុសត្រូវនៅរោងបាយនឹងខឹងសម្បារ ស្ដីបន្ទោស និងឱ្យឈ្លបនាំយកទៅណែនាំ ឬអប់រំកសាងខ្លួន។ ម៉ៅ ហុល បញ្ជាក់ទៀតថា ការបុកស្រូវនោះគឺធ្វើឡើងជាក្រុម ប៉ុន្តែត្រូវធ្វើយ៉ាងណាឱ្យគ្រប់តាមផែនការ ១២តៅ។ ក្រៅពីការងារនេះ ម៉ៅ ហុល ត្រូវទៅដកស្ទូងស្រូវ ដោយមួយក្រុមមានគ្នា ៣២នាក់ ត្រូវស្ទូងស្រូវឱ្យបានទំហំដីស្រែ ១ហិកតា ក្នុងរយៈពេល ១ព្រឹក។ ចំពោះក្រុមដែលធ្វើយឺតយ៉ាវមិនទាន់កាលកំណត់ ល្ងាចឡើងប្រធានកងនឹងហៅទៅណែនាំ និងអប់រំកសាងខ្លួន ដើម្បីថ្ងៃក្រោយធ្វើការឱ្យទាន់ពេលវេលា។ នៅរដូវប្រាំង ម៉ៅ ហុល ត្រូវបានចាត់តាំងឱ្យទៅធ្វើជីកំប៉ុស្តសម្រាប់យកមកដាក់ស្រែ ដោយត្រូវស្វែងរកលាមកសត្វ និងដីដំបូកយកមកលាយបញ្ចូលគ្នា។ ក្រៅពីការងារទាំងអស់នេះ ម៉ៅ ហុល ត្រូវទៅជីកប្រឡាយ និងជីកស្រះតាមទំហំដែលប្រធានកងបានកំណត់។ ចំពោះរបបអាហារវិញ ម៉ៅ ហុល រៀបរាប់ថា ក្នុងមួយថ្ងៃ អ្នកទទួលខុសត្រូវនៅរោងបាយឱ្យហូបពីរពេល គឺនៅពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយពេលៗ ទទួលបានបាយ ឬបបរត្រឹមមួយកូនចាន ហូបជាមួយសម្លដែលលាយជាមួយបន្លែប៉ុណ្ណោះ។
រឿងរ៉ាវដែល ម៉ៅ ហុល ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការបង្ខំឱ្យរៀបការជាក្រុមចំនួន ៦០គូ។ កម្មាភិបាលសហករណ៍ បានបង្ខំឱ្យប្តីប្រពន្ធដែលត្រូវរៀបការឡើងធ្វើការប្តេជ្ញាចិត្ត ថានឹងស្រឡាញ់គ្នាជាប្តីប្រពន្ធអស់មួយជីវិត ព្រមទាំងស្មោះត្រង់បម្រើអង្គការជារៀងរហូត។ ពិធីរៀបការនោះពុំមានរៀបចំតាមប្រពៃណី ទំនៀមទម្លាប់ ឬសាសនាអ្វីឡើយ គឺគ្រាន់តែប្តីប្រពន្ធឡើងប្តេជ្ញាចិត្តចំពោះមុខអង្គការ រួចក៏បំបែកគ្នាទៅរស់នៅតាមគ្រួសារ។ បន្ទាប់ពីរស់នៅជាមួយគ្នារយៈពេល ១សប្តាហ៍ ត្រូវអង្គការចាត់តាំងឱ្យទៅធ្វើការងារតាមកន្លែងរៀងៗខ្លួនវិញ។
នៅពេលដែលរបបខ្មែរក្រហមជិតដួលរលំ ម៉ៅ ហុល បានរត់ភៀសខ្លួនទៅដល់តំបន់ត្រពាំងជួរ (ម្ដុំអ្នកលឿង) ស្រាប់តែមានហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់ ដោយសារតែការប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម ជាមួយនឹងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ នៅតំបន់អ្នកលឿង កងទ័ពរណសិរ្សបានប្រកាសប្រាប់ប្រជាជនថា ប្រទេសជាតិត្រូវបានរំដោះហើយ។ នៅពេលនោះ ម៉ៅ ហុល ក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញ និងចាប់ផ្តើមប្រកបរបរចិញ្ចឹមជីវិតដោយធ្វើស្រែចម្ការ។ បច្ចុប្បន្ន ម៉ៅ ហុល មានជំងឺប្រចាំកាយគឺ ឧស្សាហ៍វិលមុខ និងជំងឺខ្វះគ្រាប់ឈាម។
សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

